(ភ្នំពេញ)៖ ទោះបីចប់អាណត្តិបេសកកម្មការងារជាឯកអគ្គរដ្ឋទូតនៅកម្ពុជា ក៏លោក ម៉ាយឃើល តាន (Michael Tan) នៅតែមិនអស់អាល័យពីទឹកដីកម្ពុជា ដែលសម្បួរទៅដោយគោលដៅទេសចរណ៍ល្អៗគួរជាទីពេញចិត្ត ដោយលោកបានសន្យាថានឹងជួយផ្សព្វផ្សាយទស្សនីយភាពល្អៗទាំងនោះប្រាប់ដល់ភ្ញៀវទេសចរនៅប្រទេសសិង្ហបុរី ដើម្បីជំរុញឱ្យពួកគេបានស្គាល់ និងមកទស្សនាប្រទេសកម្ពុជា ពិសេសនៅពេលចប់វិបត្តិជំងឺកូវីដ-១៩។
ការបញ្ជាក់លោក ម៉ាយឃើល តាន យ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលលោកចូលជួបជម្រាបលាលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍ មុនចាកចេញពីកម្ពុជាត្រលប់ទៅសិង្ហបុរីវិញ។
លោក ថោង ខុន បានបង្ហាញការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យទេសចរណ៍រវាងកម្ពុជា និងសិង្ហបុរី ក្នុងអាណត្តិបេសកកម្មរបស់លោក ម៉ាយឃើល តាន និងបានសម្ដែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំទាំងនោះ។
លោកបានបន្តថា នៅក្នុងអាណត្តិការងារនេះ សិង្ហបុរីបានជួយបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា ដោយបានបង្កើតឱ្យមានមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី (Cambodia-Singapore Cooperation Center) ក្នុងនោះមានមន្ត្រីរាជការ និងនិស្សិតកម្ពុជាបានទៅចូលរួមទទួលការបណ្ដុះបណ្ដាលបានជាច្រើនផងដែរ។
ជាមួយគ្នានោះ ស្ថានទូតសិង្ហបុរី និងក្រសួងទេសចរណ៍ក៏បានផ្ដួចផ្ដើមគំនិតរៀបចំព្រឹត្តិការណ៍ Street Art Fistival នៅរាជធានីភ្នំពេញ ដែលបានបង្ហាញពីគោលដៅទេសចរណ៍ និងម្ហូបអាហាររបស់កម្ពុជាផងដែរ។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ លោករដ្ឋមន្ត្រីបានសង្កេតឃើញមានភ្ញៀវទេសចរមកពីសិង្ហបុរីមានការកើតឡើង នៅមុនពេលមានបញ្ហាជំងឺកូវីដ ហើយពីកម្ពុជាទៅកាន់សិង្ហបុរីក៏មានការកើនឡើងច្រើន រួមទាំងអ្នកវិនិយោគផងដែរ។
លោក ម៉ាយឃើល បានបញ្ជាក់ថា លោកបានធ្វើដំណើរទៅកាន់គោលដៅទេសចរណ៍ជាច្រើននៅកម្ពុជា ដូចជានៅខេត្តមណ្ឌលគិរី ខេត្តសៀមរាប-អង្គរ តំបន់ឆ្នេរសមុទ្រ តំបន់អេកូទេសចរណ៍ជាដើម ពោលគឺលោកពិតជាជក់ចិត្តចំពោះទស្សនីយភាពទេសចរណ៍ទាំងនោះខ្លាំងណាស់។
លោកបានសន្យាថា នឹងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍ទាំងនោះ ទៅកាន់ភ្ញៀវទេសចរនៅប្រទេសសិង្ហបុរីរបស់លោក ដើម្បីឱ្យពួកគេបានស្គាល់ពីកម្ពុជាកាន់តែច្រើន និងជំរុញឱ្យមានការមកទស្សនានៅពេលវិបត្តិជំងឺកូវីដត្រូវបានបញ្ចប់។
នាឱកាសនោះដែរ លោករដ្ឋមន្ត្រី ថោង ខុន បានស្នើឱ្យឯកអគ្គរដ្ឋទូតចប់អាណត្តិរបស់មិត្តសិង្ហបុរីរូបនេះ ជួយទាក់ទាញអ្នកវិនិយោគរបស់ខ្លួនឱ្យមកវិនិយោគទុននៅកម្ពុជាឱ្យបានច្រើន ពិសេសលើវិស័យទេសចរណ៍។
ក្រសួងទេសចរណ៍ក៏បានស្នើដល់សិង្ហបុរីជួយឧបត្ថម្ភគាំទ្រដល់ការបណ្ដុះបណ្ដាលជំនាញទេសចរណ៍កម្ពុជា ស្របតាមកម្មវិធីសិក្សាអាស៊ាន ដែលរដ្ឋាភិបាលសិង្ហបុរីធ្លាប់ជួយគាំទ្រអាស៊ានកន្លងមក។ ព្រមជាមួយនោះ កម្ពុជានឹងសហការជាមួយសិង្ហបុរី ដើម្បីសិក្សារៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេសផងដែរ៕