(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ នៃព្រះរាជពិធីបុណ្យ អំទូក អកអំបុក សំពះព្រះខែ និងអកអំបុក នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានដឹកនាំមន្ត្រីរាជការខណ្ឌ ចៅសង្កាត់ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ រួមជាមួយយុវជន ស.ស.យ.ក ខណ្ឌ កម្មករស៊ិនទ្រី ប្រមាណជាង១០០នាក់ ចុះធ្វើអនាម័យ បោសកើបរើសសំរាម លាងសម្អាតសួនច្បារសម្តេចតេជោ សួនមុខរដ្ឋសភា និងតាមដងផ្លូវនានា ក្នុងមូលដ្ឋានខណ្ឌចំការមន ។
ការចូលរួមបោសសម្អាតអនាម័យតាមដងផ្លូវ សាធារណៈ តាមសួនច្បារនេះ មានការចូលរួមពីលោក លោកស្រីជាអភិបាលរងខណ្ឌ ចៅសង្កាត់ មន្ត្រីខណ្ឌ យុវជន ស.ស.យ.កខណ្ឌ កម្មករស៊ីនទ្រី ដែលជាយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរ ក៏ដូចជាការពេញចិត្តក្នុងការចូលរួមពីប្រជាពលរដ្ឋទូទៅ ដើម្បីការចូលរួម ក្នុងទិវាបរិស្ថានជាតិ ។
លោកអភិបាលខណ្ឌចំការមន បានឲ្យដឹងថា សកម្មភាពទាំងនេះ គឺជាការបំផុសដល់កម្លាំងសមត្ថកិច្ច មន្ត្រីរាជការ យុវជន និងប្រជាពលរដ្ឋ រួបរួមគ្នាសម្អាត អនាម័យគ្រប់ទីកន្លែង ទាំងក្នុងមូលដ្ឋានរស់នៅប្រចាំថ្ងៃ ក៏ដូចជាផ្លូវ និងទីសាធារណៈឲ្យបានល្អ ស្របតាមគោលការណ៍ ទីក្រុងស្អាតមូលដ្ឋាននៃការរស់នៅ របស់ប្រជាពលរដ្ឋក៏ស្អាត ដើម្បីជាផាសុកភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ។
លោក ថេង សុថុល បានឲ្យដឹងទៀតថា យើងរៀបចំសំអាតបរិស្ថានថ្ងៃនេះ គឺគោលបំណងដើម្បីក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់តាមដងផ្លូវសំខាន់ៗ ក៏ដូចជាទីប្រជុំជននានា ពិសេសនៅតាមដងផ្លូវ សួនច្បារ ឲ្យពួកគាត់យល់ដឹង កុំឲ្យបោះសំរាមចោលផ្តេសផ្តាស ហើយត្រូវវេចខ្ចប់ឲ្យបានត្រឹមត្រូវ ចៀសវាងបោះសំរាម ចោលពាសវាលពាសកាល នាំឲ្យប៉ះពាល់ដល់បរិស្ថាន។
លោកបន្តថា សួនច្បារសម្តេចតេជោនេះ ជាបេះដូងនៃរាជធានីភ្នំពេញ ដែលមានភ្ញៀវទេសចរជាតិ អន្តរជាតិ មកកំសាន្ត ដូច្នេះត្រូវមានបរិស្ថានល្អស្អាតជានិច្ច។
ជាមួយគ្នានេះផងដែរ លោកក៏បានណែនាំ និងបានកំណត់ម៉ោង ដល់បងប្អូនប្រជាពលរដ្ឋយកសំរាមមកដាក់មុខផ្ទះ ដើម្បីឲ្យក្រុមហ៊ុនស៊ិនទ្រី ប្រមូលដឹកយក ទៅចាក់ចោល កន្លែងមានសុវត្ថិភាព ដូច្នេះយើងចូលរួមទាំងអស់គ្នាដើម្បីសំអាតខណ្ឌយើង រាជធានីយើងឲ្យមានបរិស្ថានល្អស្អាត ត្រូវបញ្ចេញសំរាមឲ្យទាន់ពេល វេលាដែលអាជ្ញាធរកំណត់ ដើម្បីលើកកំពស់សោភ័ណភាពរាជធានីភ្នំពេញរបស់យើង៕