(ព្រៃវែង)៖ លោក ចាន់ ថា អភិបាលរងខេត្តព្រៃវែង បានថ្លែងថា គណៈកម្មាធិការប្រយុទ្ធប្រឆាំងកូវិដ-១៩ បានធ្វើចត្តាឡីស័កនៅថ្នាក់ខេត្តក្រុងស្រុក ទៅលើពលរដ្ឋដែលទើបវិលត្រឡប់ មកពីក្រៅប្រទេស ជាលទ្ធផលក្នុងខេត្តព្រៃវែង ពុំមានពលរដ្ឋណាម្នាក់ក្នុងចំណោមពលរដ្ឋ២៧៦៣នាក់ (ស្រី១០៧០នាក់) បានឆ្លងជំងឺកូវិដ-១៩ឡើយ ហើយក៏ត្រូវបានកោតសរសើរពីថ្នាក់ជាតិ ក្រសួងសុខាភិបាល និងអង្គការដៃគូរផងដែរ។
ការថ្លែងរបស់លោកអភិបាលរងខេត្តព្រៃវែងបែបនេះ ខណៈដែលលោកតំណាងអភិបាលខេត្តព្រៃវែង អញ្ជើញចូលរួមកិច្ចប្រជុំកសាងផែនការសកម្មភាពស្ដីពីទេសន្តរប្រវេសន៍២០២០-២០២១ និងពិនិត្យតាមដានការងារអនុវត្តនៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានការចូលពីមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត រួមទាំងអង្គការដៃគូនិងអ្នកដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។
អភិបាលរងខេត្តព្រៃវែង បានបន្តថា ការរៀបចំកិច្ចប្រជុំនេះក្នុងគោលបំណងគាំពារ និងលើកស្ទួយជីវភាពរបស់បងប្អូនពលករទេសន្តរប្រវេសន៍ តាមរយៈការអប់រំផ្សព្វផ្សាយជូនពួកគាត់ ឱ្យបានយល់ដឹងកាន់តែស៊ីជម្រៅលើការធ្វើទេសន្តរប្រវេសន៍ ប្រកបដោយសុវត្ថិភាព និងមានអត្ថន័យខ្លឹមសារយ៉ាងសំខាន់ សំដៅដល់ការយកចិត្តទុកដាក់ជួយជ្រោមជ្រែង ពលករទេសន្តរប្រវេសន៍ក្នុងខេត្ត ដែលបាននិងកំពុងធ្វើការនៅក្រៅប្រទេស ក៏ដូចជាបានត្រឡប់មកលំនៅដ្ឋានក្នុងខេត្តវិញ។
លោកបានបញ្ជាក់ថា «ឆ្នាំ២០២០នេះ ជាឆ្នាំដែលពិភពលោកជួបវិបត្តិសកលនៃជំងឺកូវីដ-១៩ និងគ្រោះជំនន់ទឹកភ្លៀង បានធ្វើឱឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល ស្របពេលនេះ នៅក្នុងប្រទេសកម្ពុជាយើង ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវសកម្មភាពការងារដល់រដ្ឋបាលថ្នាក់ក្រោមជាតិ មានរាជធានីខេត្ត ក្រុងខណ្ឌស្រុក ឃុំសង្កាត់ ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយបញ្ហាខាងលើ»។
លោកបន្តថា នៅក្នុងទិសដៅរបស់រាជរដ្ឋាភិបាល ក៏មិនរំលងផងដែរចំពោះពលករទេសន្តរប្រវេសន៍ ដែលបានត្រឡប់មកពីក្រៅប្រទេស គឺត្រូវគិតគូរពីសុខទុក្ខដោយធ្វើការពិនិត្យតាមដាន អំពីសុខភាពធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ១៩ និងការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ មុនទៅដល់លំនៅដ្ឋានវិញ ក្នុងន័យនេះ ដើម្បីជាការចូលរួម រដ្ឋបាលខេត្តមានយន្តការ គណៈកម្មាធិការប្រយុទ្ធ ប្រឆាំងកូវីដ-១៩ខេត្ត ដឹកនាំដោយលោក ជា សុមេធី អភិបាលខេត្ត និងបានរៀបចំឱ្យមានលេខាធិការដ្ឋានខេត្តផងដែរ៕