(ភ្នំពេញ)៖ លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា រហូតមកដល់ពេលនេះ មានខេត្តកម្ពុជាចំនួន៣ហើយ ត្រូវបានបញ្ចប់ទាំងស្រុងនូវការបោះបង្គោលព្រំដែន ក្នុងចំណោមខេត្តទាំង៩ ដែលនៅជាប់ព្រំដែនកម្ពុជា-វៀតណាម។
ការបញ្ជាក់បែបនេះធ្វើឡើងស្របពេលដែល រដ្ឋសភាបានអនុម័តទាំងស្រុងលើ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារ ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម នៅក្នុងសម័យប្រជុំពេញអង្គ នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
លោកស្រី កុយ ពិសី បានបញ្ជាក់បន្ថែមថា ក្នុងចំណោមខេត្តទាំង៣ ដែលបញ្ចប់ការបោះបង្គោលព្រំដែនទាំងស្រុងនេះ មានខេត្តក្រចេះ ត្បូងឃ្មុំ និងខេត្តព្រៃវែង ខណៈដែលខេត្តចំនួន៦ទៀត ដែលនៅសេសសល់ គឺរដ្ឋាភិបាលប្រទេសទាំងពីរ បានប្តេជ្ញាចិត្តដោះស្រាយបញ្ចប់នៅពេលខាងមុខ។
កម្ពុជា-វៀតណាម មានព្រំដែនគោកជាមួយគ្នាប្រវែង ១,២៧០គីឡូម៉ែត្រ ដែលរហូតមកដល់ពេលនេះ រដ្ឋាភិបាលប្រទេសទាំងពីរបានបោះបង្គោលព្រំដែនសម្រេចបានចំនួន៨៤ភាគរយហើយ។
ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានរដ្ឋាភិបាលប្រទេសទាំងពីរចុះហត្ថលេខា កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ អំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាម រយៈពេល២ថ្ងៃ៕