(សេអ៊ូល)៖ កូរ៉េខាងជើង នៅព្រឹកថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈនេះ បានបាញ់សាកល្បងមីស៊ីលរយៈ ចម្ងាយឆ្ងាយ ចេញពីទីតាំងមូលដ្ឋាន Dongchang-ri ស្ថិតនៅឆ្នេរសមុទ្រភាគខាងលិចនៃប្រទេស ហើយមីស៊ីលនោះត្រូវបានសារព័ត៌មានជប៉ុនរាយការណ៍ថា បានហោះកាត់កោះ Jeju ស្ថិតនៅភាគខាងត្បូងនៃប្រទេសជប៉ុន នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅប៉ុន្មាននាទីមុននេះ។
សារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់ បានចេញផ្សាយថា មីស៊ីលរបស់កូរ៉េខាងជើង បានធ្លាក់ទៅក្នុងទឹក ក្បែរកោះមួយរបស់ជប៉ុន ហើយបើតាមការពិនិត្យទៅលើការបាញ់សាកល្បងនោះ ក្រុមអ្នកជំនាញបានសន្និដ្ឋានថា ការបាញ់មីស៊ីលម្ដងនេះ កូរ៉េខាងជើងគឺបរាជ័យ។
លោកស្រី Park Geun-hye ប្រធានាធិបតីកូរ៉េខាងត្បូង បានអំពាវនាវឲ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្ដិសុខជាតិជាបន្ទាន់ បន្ទាប់ពីទទួលបានដំណឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីលនៅព្រឹកថ្ងៃនេះ។
មន្ត្រីការពារជាតិជប៉ុន បានបញ្ជាក់ថា ប្រព័ន្ធការពារមីស៊ីលរបស់ជប៉ុនដែលដាក់ពង្រាយនោះ មិនបានធ្វើសកម្មភាពនោះទេ៕