(ភ្នំពេញ)៖ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ក្រុមការងាររបស់ខណ្ឌនឹងចុះរុះរើសំណង់នៅតាមបូរី ដែលបានសាងសង់លើមាត់លូ និងគម្រប់លូ ដែលបង្កឱ្យប៉ះពាល់ដល់ប្រព័ន្ធបង្ហូរទឹក និងបង្កឱ្យមានជំនន់ទឹកភ្លៀង ឬទឹកជំនន់ តាមកាលកំណត់ ខណៈម្ចាស់សំណងបានឯកភាពតាមវិធានការរបស់អាជ្ញាធរ។
អភិខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការអនុវត្តរបស់យើង នៅអនុវត្តដដែល អត់ថយទេ ប៉ុន្តែ យើងធ្វើទៅតាមសំណូមពររបស់ពួកគាត់ ទី១៖ គាត់សុំពេលវេលា ដោយគាត់ជាអ្នករុះរើដោយខ្លួនឯង!... បើផ្ទះណាមិនបានមកធ្វើកិច្ចសន្យានៃការរុះរើដោយខ្លួនឯងទេ បានន័យថាដល់ថ្ងៃកំណត់ គឺគណៈកម្មការរបស់យើងចុះទៅកាយ បើកគម្រប់លូ ប្រសិនបើគាត់សហការ រកជាងបើកគម្រប់លូ គឺផ្តល់ភាពងាយស្រួលដល់អាជ្ញាធរ ក្នុងការបាញ់ទឹកលាងសម្អាត...»។
បើតាមការបញ្ជាក់របស់លោក ហែម ដារិទ្ធិ បានឱ្យដឹងថា សម្រាប់ផ្ទះដែលប៉ះពាល់នៅក្នុងបូរី គឺមានមិនច្រើននោះទេ ហើយផ្ទះប៉ះពាល់ភាគច្រើន គឺពួកគាត់បានសាងសង់លើលូ ដើម្បីធ្វើជាបន្ទប់ជួលជាដើម។
អភិបាលខណ្ឌពោធិ៍សែនជ័យ បានបន្តថា សម្រាប់ម្ចាស់សំណង់ទាំងអស់នោះ គឺពួកគាត់មិនបានតវ៉ា ឬប្រឆាំងជាមួយអាជ្ញាធរក្នុងការអនុវត្តវិធានការច្បាប់នោះទេ ប៉ុន្តែ គ្រាន់តែពួកគាត់សុំការពន្យាពេលរុះរើ ដោយសារតែពួកគាត់ទើបតែជួបប្រទះបញ្ហាជួបគ្រោះទឹកជំនន់ និងបញ្ហាជំងឺកូវីដ-១៩ ចំពោះសំណើនេះដែរក្រុមការងាររបស់ខណ្ឌ បានយល់ព្រមជាមួយប្រជាពលរដ្ឋ។
លោក ហែម ដារិទ្ធិ បានបន្ថែមទៀតថា៖ «បើក្នុងករណីពលរដ្ឋណាគាត់សាងសង់លើរ៉ឺយ៉ែរគម្រប់លូហើយ គាំត់មិនបើកគម្រប់ឱ្យទេ គឺដល់ថ្ងៃកំណត់ក្រុមការងារនឹងចុះទៅកាយហើយ!... រយៈពេលឱ្យរុះរើនៅតែរយៈពេល១០ថ្ងៃដដែល អត់មានថែម ឬថយទេ ប៉ុន្តែ យើងមិនមែនគិតថាដល់ថ្ងៃយើងចុះមកដាក់ប្រ៉ាវនោះទេ […] យើងមើលគាត់ដែល មិនមែនកន្លែងប្រយុទ្ធក្តៅណាទំហឹង អីឡូវទឹកវាក៏រាងស្រកហើយ ធម្មតាសេចក្តីជូនដំណឹងត្រូវតែចេញ មិនមែនដូចខាងតុលាការ ដល់ថ្ងៃកំណត់អនុវត្តភ្លាមៗនោះនោះទេ»។
លោក ហែម ដារិទ្ធិ ក៏បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានសាងសង់លើគម្រប់លូទាំងសម្បាមាណ គឺពួកគាត់មិនបានតវ៉ាប្រឆាំងជាមួយអាជ្ញាធរ ដូចអ្វីដែលបុគ្គលមួយចំនួន Like តាមបណ្តាញសង្គមនិយាយនោះទេ។ ដូច្នេះ លោកសុំឱ្យប្រជាពលរដ្ឋម្ចាស់សំណង់ទាំងអស់រកជាងដើម្បីរុះរើគម្រប់លូ ដើម្បីបង្កភាពងាយស្រួលក្នុងការអនុវត្តការងាររបស់អាជ្ញាធរ ជាដើម។
លោក ហែម ដារិទ្ធិ បានបញ្ជាក់ ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ថា ការរុះរើសំណង់ខុសច្បាប់ទាំងនេះ គឺ ដើម្បីស្តារអណ្តូងលូ និងកែលម្អប្រព័ន្ធលូបង្ហូរទឹកឡើងវិញ ជាពិសេសជៀសវាងការជន់លិចដោយសារជំនន់ទឹកភ្លៀង ឬទឹកជំនន់ផ្សេងៗ។
ក្រោយចេញសេចក្តីជូនដំណឹងអាជ្ញាធរ ក៏ចុះប្រតិបត្តិការការងារនៅតាមបុរីនានា ក្នុងខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី២៩ តុលានេះ ដោយមានសរសេរពាក្យថា «រុះរើ» នៅលើជញ្ជាំងសំណង់បន្ថែម របស់ពលរដ្ឋទាំងនោះ។
គួរជម្រាបថា កាលពីខែដើមខែតុលា ឆ្នាំ២០២០ មានរាជធានី និងបណ្តាខេត្តចំនួន២០ របស់កម្ពុជាបានជួបប្រទះនូវគ្រោះទឹកជំនន់ ដោយសារភ្លៀងធា្លក់ខ្លាំងជាបន្តបន្ទាប់។ ជាមួយគ្នានេះដែរ ជំនន់ទឹកភ្លៀងនេះ ក៏បានធ្វើឱ្យផ្ទះ ឬបុរីនានា របស់ប្រជាពលរដ្ឋ នៅតាមខណ្ឌចំនួន ក្នុងរាជធានីភ្នំពេញ ជាពិសេសខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ បានជន់លិចយ៉ាងខ្លាំង រហូតដល់សព្វថ្ងៃនេះ ជំនន់ទឹកភ្លៀង នៅក្នុងបុរីទាំងនោះមិនស្រក់អស់នៅឡើយ ខណៈទឹកជំនន់នៅតាមតំបន់ និងខេត្តផ្សេងៗ បានស្រកចុះអស់ហើយ៕