(ព្រះសីហនុ)៖ ក្រោយពីរៀបចំពិធីផ្ទេរតំណែងប្រធានគណៈមេធាវីថ្មី នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០រួចមក, លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីដែលទើបជាប់ឆ្នោតឡើង កាន់តំណែងជាប្រធានគណៈមេធាវី បានអញ្ជើញចុះបំពេញបេសកកម្មរបស់ខ្លួនលើកដំបូង នៅខេត្តព្រះសីហនុ ដោយធ្វើជាអធិបតីជាមួយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បើកសម្ពោធក្រុមហ៊ុនមេធាវីខេមជីន ( CAMCHIN Law Firm ) ប្រចាំខេត្តព្រះសីហនុ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០។
ក្នុងបេសកកម្មលើកដំបូងនេះ លោក លី ច័ន្ទតុលា បានណែនាំអំពីតួនាទីមេធាវី ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ និងស្នើសុំមានការអនុញ្ញាតឲ្យមេធាវី បានចូលរួមជួបកូនក្តី ក្នុងដំណាក់កាលស៊ើបអង្កេតបឋម របស់មន្ត្រីនគរបាលយុត្តិធម៌ ។ ការស្នើនេះដោយសារកន្លងមកនៅតាមបណ្តាខេត្តមួយចំនួន មានកូនក្តីខ្លះស្ថិតនៅដំណាក់កាលស៉ើបអង្កេតបឋម បានស្នើសុំមេធាវីមកជួយការពារ តែដល់ពេលមេធាវីចូលជួយការពារ ក៏មានការបដិសេធមិនឲ្យមេធាវីជួបកូនក្តីរបស់ខ្លួន។
ជាមួយគ្នានេះ លោកប្រធានគណៈមេធាវី និងលោកអភិបាលខេត្ត ក៏បានធ្វើជាសាក្សីក្នុងការចុះអនុស្សារណៈយោគយល់គ្នាប្រើប្រាស់សេវាកម្មច្បាប់ របស់ក្រុមហ៊ុមមេធាវីខេមជីន ជាមួយសមាគមវិនិយោគទុនចិននៅកម្ពុជា និងក្រុមហ៊ុនចំនួន៣ផ្សេងទៀតផងដែរ។
សូមជម្រាបថា លោកមេធាវី លី ច័ន្ទតុលា បានជាប់ឆ្នោតជាប្រធានគណៈមេធាវី សម្រាប់អាណត្តិទី១៣ ក្នុងការបោះឆ្នោត នៅមហាសន្និបាត ដែលរៀបចំឡើងដោយគណៈមេធាវី នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ដោយទទួលបានសំឡេងគាំទ្រច្រើនលើសលប់ រហូតដល់១៤៤៤ សំឡេង ស្មើនឹង៧៨.៦៥ភាគរយ នៃសំឡេងបោះឆ្នោតទាំងអស់៕