(ភ្នំពេញ)៖ នៅក្នុងពេលដែលជនជាប់ចោទត្រូវបានតុលាការសម្រេចផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ បានចូលជាស្ថាពរ ទៅតាមបទល្មើសដែលខ្លួនបានប្រព្រឹត្តរួចមក នោះជនជាប់ចោទនឹងត្រូវបានគេហៅថាជា «ទណ្ឌិត»។ ចំពោះទណ្ឌិតដែលត្រូវបានជាប់ឃុំនៅក្នុងពន្ធនាគារ គឺត្រូវបានដកហូតនូវសិទ្ធិសេរីភាពមួយផ្នែកធំ ប៉ុន្តែទោះបីជាមានការដកហូតសិទ្ធិសេរីភាពយ៉ាងនេះក្តី ក៏ទណ្ឌិតទទួលបានសិទ្ធិមួយចំនួននៅក្នុងពន្ធនាគារផងដែរ។
ដើម្បីយល់ដឹងកាន់តែច្បាស់ ថាតើសិទ្ធិរបស់ទណ្ឌិតនៅក្នុងពន្ធនាគារមានអ្វីខ្លះ? សម្រាប់សប្តាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន FRESH NEWS បានសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «សិទ្ធិរបស់ទណ្ឌិតនៅក្នុងពន្ធនាគារ» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖
នៅពេលដែលទណ្ឌិតត្រូវបានជាប់ឃុំនៅក្នុងពន្ធនាគារ ទណ្ឌិតត្រូវបានទទួលសំលៀកបំពាក់ដែលជាឯកសណ្ឋានអ្នកទោស និងទទួលបានសម្ភារៈប្រើប្រាស់គ្រប់គ្រាន់ នៅក្នុងបន្ទប់ឃុំឃាំងរបស់ខ្លួន សមស្របទៅតាមលក្ខខណ្ឌអាកាសធាតុ សម្រាប់ប្រើប្រាស់ក្នុងរយៈពេលជាប់ពន្ធនាគារ ហើយចំពោះសម្ភារៈទាំងនោះត្រូវថែរក្សាឲ្យនៅក្នុងស្ថានភាពល្អ និងត្រូវផ្លាស់ប្ដូរ បើសិនជាចាំបាច់ផងដែរ។
ចំពោះចំណីអាហារវិញ ទណ្ឌិតទាំងអស់ទទួលបានម្ហូបអាហារដែលមានជីវជាតិសមល្មមដែលអាចថែរក្សានូវសុខភាព និងរូបរាងកាយបាន ព្រមទាំងទទួលបានទឹកស្អាត សម្រាប់ប្រើប្រាស់ ។ ប្រសិនបើជាថ្ងៃបុណ្យជាតិ ដូចជា ថ្ងៃបុណ្យចូលឆ្នាំសកល ថ្ងៃ៧មករា «ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍» ថ្ងៃបុណ្យចូលឆ្នាំខ្មែរ និងថ្ងៃបុណ្យភ្ជុំបិណ្ឌ ចំពោះរបបអាហាររបស់ទណ្ឌិតទាំងអស់ត្រូវបានទទួលបន្ថែមមួយជាពីរខុសពីថ្ងៃធម្មតា។
ម៉្យាងវិញទៀត ទណ្ឌិតក៏អាចទទួលម្ហូបអាហារពីខាងក្រៅពន្ធនាគារដែលទិញដោយថវិកាផ្ទាល់ខ្លួន ឬផ្ដល់ដោយអ្នកសួរសុខទុក្ខ តែម្ហូបអាហារទាំងនោះគឺត្រូវតែមានការត្រួតពិនិត្យ និងអនុញ្ញាតដោយមន្រ្តីពន្ធនាគារជាមុនសិន មុននឹងប្រគល់ឱ្យទណ្ឌិត។
ថ្វីត្បិតតែទណ្ឌិតមិនមានសិទ្ធិចេញពីពន្ធនាគារទៅជួបក្រុមគ្រួសារក្ដី ក៏ប៉ុន្តែទណ្ឌិតមានសិទ្ធិទទួលបានការមកសួរសុខទុក្ខពីក្រុមគ្រួសារ ឬមិត្តភក្ដិយ៉ាងតិចបំផុតបានមួយម៉ោង ក្នុងមួយសប្ដាហ៍ទៅតាមពេលវេលាកំណត់នៅក្នុងបទបញ្ជាផ្ទៃក្នុងដែលរៀបចំដោយប្រធានពន្ធនាគារ។ មិនត្រឹមតែប៉ុណ្ណោះទណ្ឌិតនៅមានសិទ្ធិទទួលបានការ ជួបសួរសុខទុក្ខពីសំណាក់មេធាវីរបស់ខ្លួន ក្នុងនាមជាអ្នកការពារសិទ្ធិ និងតំណាងស្របច្បាប់តាមផ្លូវច្បាប់ ក្នុងពេលម៉ោងធ្វើការ ហើយធ្វើឡើងដោយសម្ងាត់ផងដែរ។
ក្រឡេកមកមើលការកាន់សាសនារបស់ទណ្ឌិតនៅក្នុងពន្ធនាគារវិញ ទណ្ឌិតក៏អាចប្រកាន់យកសាសនាតាមជំនឿរបស់ខ្លួនបាន ហើយទណ្ឌិតទទួលបាននូវសម្ភារៈសម្រាប់ធ្វើ សក្ការៈតាមបែបសាសនាផងដែរ។ ចំពោះទណ្ឌិតទាំងអស់ដែលជាប់ឃុំនៅក្នុងពន្ធនាគារ ក៏ត្រូវបានផ្ដល់នូវការថែទាំសុខភាពផងដែរ ដោយនៅក្នុងពន្ធនាគារគឺមានប៉ុស្តិ៍សុខភាព ដែលគ្រប់គ្រងដោយមន្ត្រីពេទ្យពន្ធនាគារក្នុងការផ្ដល់ជូនការពិនិត្យសុខភាព ការពិនិត្យព្យាបាលសង្គ្រោះបន្ទាន់ និង ការពិនិត្យសុខភាពនៅពេលមានតំរូវការ ហើយថែមទាំងមានការផ្ដល់នូវកម្មវិធីអប់រំផ្នែកសុខភាព ទៅឲ្យទណ្ឌិតទាំងអស់បានយល់ដឹង ដែលកម្មវិធីទាំងនោះមាន ទាក់ទងនឹងអនាម័យផ្ទាល់ខ្លួន អនាម័យក្នុងពន្ធនាគារ ជំងឺឆ្លង ការអប់រំលើគ្រឿងញៀន ការអប់រំសុខភាពមុន និងក្រោយសំរាលទារក និង អាហារូបត្ថម្ភ។
នៅក្នុងករណីពេលដែលទណ្ឌិតមានអាការៈជំងឺធ្ងន់ធ្ងរត្រូវតែសំរាកព្យាបាលនៅមន្ទីពេទ្យ មន្ត្រីពេទ្យពន្ធនាគារនឹងធ្វើការជូនដំណឹងជាបន្ទាន់ ដល់ប្រធានពន្ធនាគារដើម្បីជួយសម្រួលបញ្ជូនទណ្ឌិតទៅកាន់មន្ទីពេទ្យ ដោយភ្ជាប់ទៅជាមួយនូវសំណុំឯកសារសុខភាពរបស់ទណ្ឌិត ហើយទណ្ឌិតក៏ទទួលបានការតាមដានជំងឺពីមន្រ្តីពេទ្យពន្ធនាគារជារៀងរាល់ថ្ងៃនៅឯមន្ទីពេទ្យផងដែរ។ បន្ថែមពីនេះទៅទៀត សិទ្ធិដែលទណ្ឌិតមិនអាចខ្វះបាននៅក្នុងពន្ធនាគារ គឺសិទ្ធិដែលទណ្ឌិតទទួលបានកម្មវិធីលំហាត់ប្រាណ ការងារ អប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាអាទិ៍ ដើម្បីផ្ដល់ជំនាញក្នុងការលើកស្ទួយជីវភាពរស់នៅ និងការស្ដារនីតិសម្បទារបស់ទណ្ឌិតសម្រាប់ពេលដែលពួកគេវិលត្រលប់ចូលទៅរស់នៅក្នុងសង្គមវិញ។
សរុបមក ទោះបីជាទណ្ឌិតដែលជាប់ឃុំនៅក្នុងពន្ធនាគារ ត្រូវបានដកហូតនូវសិទ្ធិសេរីភាពមួយផ្នែកធំក៏ពិតមែន ប៉ុន្តែទណ្ឌិតក៏ត្រូវបានផ្ដល់សិទ្ធិមួយចំនួនពាក់ព័ន្ធ នឹងការស្លៀកពាក់ ហូបចុក ថែទាំសុខភាព អប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាអាទិ៍ ដើម្បីស្ដារនីតិសម្បទាឡើងវិញ ដែលជាផលប្រយោជន៍សម្រាប់ទណ្ឌិត ក្នុងការកសាងខ្លួនក្លាយជាកូនល្អ មិត្តល្អ និងប្រជាពលរដ្ឋល្អ នៅថ្ងៃអនាគត។
រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក រៀម គឹមឡេង ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕