(រតនគិរី)៖ ដោយមានបទបញ្ជាពីលោក ថង សាវុន ប្រធានគណៈបញ្ជាការឯកភាព ខេត្តរតនគិរី នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ម្សិលមិញ កម្លាំងសមត្ថកិច្ចចម្រុះរួមមាន កម្លាំងអាវុធហត្ថខេត្ត, កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច, កម្លាំងរដ្ឋបាលព្រៃឈើ, កម្លាំងអធិការនគរបាលស្រុកអណ្តូងមាស និងកម្លាំងអាវុធហត្ថមូលដ្ឋានស្រុកអណ្តូងមាស ដឹកនាំដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានចុះរឹបអូសឈើចំនួន២១ដុំ ដែលគរទៅគរលាក់ទុកចំនួន២ទីតាំផ្សេងគ្នា ដែលឈ្មួញបម្រុងដឹកទៅប្រទេសវៀតណាម។

បើតាមកម្លាំងដែលចុះប្រតិបត្តិការ ប្រាប់ឱ្យដឹងថា គំនរឈើទីតាំងទី១ រឹបអូសបានចំនួន១១ដុំ ស្ថិតក្នុងភូមិម៉ុយ និងទីតាំងទី២ រឹបអូសឈើបានចំនួន១០ដុំ ស្ថិតក្នុងភូមិកេត (ឃុំញ៉ាងស្រុកអណ្តូងមាស)។

ប្រភពព័ត៌មានខាងលើបន្តថា ចំនួនឈើសរុប២១ដុំនេះ បានធ្វើការវាស់វែងនៅកន្លែងជាក់ស្តែងមានចំនួន៦.៧២០ម៉ែត្រគូប។

បច្ចុប្បន្នវត្ថុតាងឈើខាងលើនេះត្រូវបានកម្លាំងចម្រុះប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីចាត់ចែងតាមច្បាប់ស្តីពីព្រៃឈើ។ទោះបីគណបញ្ជាការឯកភាពខេត្តរតនគិរីរឹតបណ្តឹងការដឹកជញ្ជូនឈើខុសច្បាប់គ្រប់រូបភាពយ៉ាងណាក៏ដោយនៅតែមានក្រុមឈ្មួញឈើលបលួចធ្វើសកម្មភាពដោយពុំខ្លាចច្បាប់នោះទេ។

សូមបញ្ជាក់ថាកាល ពីប៉ុន្មានថ្ងៃកន្លងមកនេះមានបណ្តាញសង្គម Facebook មួយចំនួនយករូបភាពម៉ូតូដឹកឈើដូចហែរកឋិនទៅប្រទេសវៀតណាមនោះ ទើបលោក ថង សាវុន បានបញ្ជាកម្លាំងចុះត្រួតពិនិត្យជាក់ស្តែងក្នុងភូមិសាស្ត្រខាងលើបានធ្វើការរឹបអូសឈើចំនួន២១ដុំ ស្មើនឹង៦.៧២០ម៉ែត្រគូប តែមិនប្រទះឃើញសកម្មភាពដូចបណ្តាញសង្គម Facebook បង្ហោះនោះទេ៕