(កណ្ដាល)៖ វត្តកោះវាំងកែវអណ្ដែត ស្ថិតនៅស្រុកកោះធំ ទទួលបានបច្ច័យប្រមាណជាង១០០លានរៀល ជាមួយនឹងការទទួលអង្គកឋិនពីលោកបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ និងលោកស្រី ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងលោកឧកញា យុន ប៊ុនលី និងលោកស្រីឧកញា ហៀវ លន់។
វត្តកោះវាំងកែវអណ្ដែត ជាវត្តដ៏ល្បីឈ្មោះមួយដែលមានទីតាំងស្ថិតនៅភ្រែកតាប៉ុក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ហើយការហែកឋិន បានធ្វើឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះ។
លោកបណ្ឌិត ស៊ាង ប៊ុនលាង បានផ្ដាំផ្ញើដល់ប្រជាពុទ្ធបរិស័ទជាង៣ពាន់នាក់ ដែលចូលរួមអង្គកឋិនទាននេះថា «អរគុណសន្តិភាព» អរគុណសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើនឡើងទៅមុខជាលំដាប់តាំងពីបាតដៃទទេ។
លោកបណ្ឌិតក៏អំពាវនាវដល់ពុទ្ធបរិស័ទទាំងអស់ សូមផ្ដល់ការទុកចិត្តចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជន ព្រោះទីណាមានទុក្ខលំបាក ទីនោះតែងតែមានមន្ត្រីគណបក្សប្រជាជនចុះជួយដល់ទីលំនៅដ្ឋានភ្លាមៗតែម្ដង ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។
លោកបណ្ឌិតបន្តទៀតថា «ទម្រាំស្រុកទេសយើងបានមករីកចំរើនមកសព្វថ្ងៃនេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងណាស់ ធ្វើយ៉ាងណាដើម្បីដឹកនាំនាវាមួយនេះឱ្យមានសុខសន្តិភាពល្អ មានសេដ្ឋកិច្ចរឹងមាំ ដែលញ៉ាំងឱ្យវិនិយោគិនបរទេសចូលមកវិនិយោគកាន់តែច្រើនឡើងៗ ដើម្បីបង្កើនសេដ្ឋកិច្ចឲ្យកាន់តែរីកលូតលាស់ និងផ្ដល់ការងារនិងប្រាក់ខែល្អៗដល់ប្រជារាស្ត្រខ្មែរកាន់តែច្រើនឡើងៗផងដែរ»។
លោកបណ្ឌិតក៏បានប្រាប់ពលរដ្ឋទាំងអស់ផងដែរអំពីការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ដ្បិតរាជរដ្ឋាបាលកម្ពុជាបានការពារបានល្អមែន ប៉ុន្តែពលរដ្ឋទាំងអស់ក៏សូមមានការប្រុង ប្រយ័ត្នខ្ពស់ចំពោះជំងឺនេះ ហើយសូមចូលរួមអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា៕