(បន្ទាយមានជ័យ)៖ ពុទ្ធបរិស័ទជាច្រើនរយនាក់ រស់នៅក្នុងក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត បានមូលមតិគ្នាជាឯកច្ឆ័ន្ទ ដង្ហែបុណ្យអង្គឋិនទានសាមគ្គីមួយ ដើម្បីប្រមូលបច្ច័យវេប្រគេនព្រះសង្ឃ ដែលរងចាំព្រះវស្សាអស់ត្រីមាស និងយកទៅកសាងវត្តគិរីជុំចំការខ្នុរ ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ដើម្បីជាប្រយោជន៍ ក្នុងព្រះពុទ្ធសាសនា។
ព្រះគ្រូនេតិបណ្ឌិ តោ ណាប់ម៉ឺន ព្រះចៅអធិការ វត្តគិរីជុំចំការខ្នុរ បានមានសង្សដិការឲ្យដឹងថា បុណ្យកឋិនទាននេះ មានរយៈពេលចំនួន២៩ថ្ងៃ ចាប់ពីថ្ងៃទី១រោជ ខែអស្សុជ ដល់១៥រោជ ខែកក្តឹក ត្រូវនិងថ្ងៃទី៣ ខែតុលា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ បញ្ចប់កម្មវិធីបុណ្យតែម្ដង។ កម្មវិធីបុណ្យនៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ជួបជុំពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយក្រុងពលី និងមនស្សកាព្រះរតនត្រ័យ សមាទានសីលនិមន្ត ព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា លុះនៅ ថ្ងៃទី៣១ អង្គឋិនទានសាមគ្គីនេះ ត្រូវបានដង្ហែទសិណ៣ជុំវិហារវេបច្ច័យ និងបរិវ៉ាកឋិនទាំងអស់ វេប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ។
ព្រះគ្រូ នេតិបណ្ឌិ តោ ណាប់ ម៉ឺន ព្រះចៅអធិការ បានមានសង្ឃដិការបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ ក្នុងមាត្រាទី៤៣ ហើយក្នុងនោះកម្ពុជាមានបុណ្យព្រះពុទ្ធសាសនាជាច្រើនដូចជា៖ មាឃបូជា ពិសាខបូជា អាសាឡបូជា និងចូលព្រះវស្សា ចេញវស្សា បុណ្យគឋិនទាននេះជាដើម។
បុណ្យកឋិនទាននេះ គឺជាបុណ្យមួយដ៏សំខាន់ណាស់ ក្នុងវិស័យព្រះពុទ្ធសាសនាកាលណាពុទ្ធបរិស័ទ បានធ្វើបុណ្យកឋិនទាននេះហើយ អ្នកនោះជាតិមុខ និងក្លាយទៅជារូបសម្ផស្សស្អាត និងមានធនធាន ទ្រព្យសម្បត្តិស្តុកស្តម្ភ ក្លាយទៅជាអ្នកប្រាជ្ញ និងកុង្សីមន្ត្រីទៀតផង។
បុណ្យកឋិនទាននេះ ពុទ្ធរិស័ទខ្មែរ ប្រារព្វធ្វើឡើងដើម្បីបំពេញតំរូវការជាក់ស្តែង របស់ព្រះសង្ឃដែលគង់ចាំព្រះវស្សា អស់កាលត្រីមាសនៅតាមទីវត្តអារាមនានា ក៏ដូចជាការរួមចំណែកកសាងទីសេនាសនៈ និងសមិទ្ធផលក្នុងវត្តព្រមទាំងរួមចំណែក លើកកំពស់ការគោរពប្រតិបត្តិព្រះពុទ្ធសានា ដែលជាសានារបស់រដ្ឋ ឲ្យបានថ្គុំថ្កើនរុងរឿងផងដែរ។
ការធ្វើបុណ្យកឋិនទាននេះ ជាបុណ្យក្នុងព្រះពុទ្ធសាសនា ជាកាលទានដ៏វិសេសមួយមានដែនកំណត់ ពេលវេលាច្បាស់លាស់ពុំមានចេះតែធ្វើនៅពេលណាក៏បាន តាមតែចិត្តនឹកឃើញនោះឡើយ។
គួរបញ្ជាក់ផងដែរថា អង្កឋិនទាននេះ ពុទ្ធបរិស័ទបានចូលបច្ច័យកសាងវត្ត បានចំនួន៨៦,២០០,០០០រៀល៕