(បន្ទាយមានជ័យ)៖ លោក ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា បាននាំយកអំណោយ សប្បុរសជន មានជាស្បៀង និងសម្ភារប្រើប្រាស់ ចែកជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយ គ្រោះមហន្តរាយធម្មជាតិ ទឹកជំនន់ ចំនួន១០០គ្រួសារ នៅក្នុងឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ក្នុងនោះ ក៏មានការអមដំណើរ ដោយលោកសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងស្រុក លោក អ៊ិន ជំនោរ ប្រធានអង្គរការកម្ពុជា នៃក្តីសង្ឃឹម និងភរិយា លោកស្រី ស៊ន គីម (ម្ចាស់ជំនួយ) និងក្រុមការងារយុវជន សសយកស្រុក អាជ្ញាធរមូលដ្ឋានជាច្រើនរូប នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០។
លោក ឈើយ ចាន់ណា ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានខិតខំយ៉ាង សស្រាក់សស្រាំ ចុះជួបជាមួយបងប្អូនពលរដ្ឋដែលរងគ្រោះដោយសាគ្រោះទឹកជំនន់ នៅក្នុងខេត្តបន្ទាយមានជ័យ ក្នុងការនាំយកអំណោយចែកជូន ដល់បងប្អូនដោយផ្ទាល់។
លោកថ្លែងថា សកម្មភាពនេះពិតជាបានសបញ្ជាក់ឲ្យឃើញពីការយកយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសំណាក់ថ្នាក់ដឹកនាំ ហើយក៏មិនដែលរត់ចោលបងប្អូនពលរដ្ឋម្តងណាឡើយ ពោលគឺពេលមានទុក្ខសម្តេច លោកតែងចាត់ក្រុមការងារចុះទៅមូលដ្ឋាន ដើម្បីដោះស្រាយរាល់ទុក្ខកង្វល់របស់បងប្អូនភ្លាមៗ មិនឲ្យបងប្អូនរងទុក្ខវេទនាឡើយ។
មួយវិញទៀត ក្រោយទឹកជំនន់ស្រក់អស់ លោក ឈើយ ចាន់ណា ក៏បានជំរុញដល់បងប្អូនពលរដ្ឋ ត្រូវខិតខំដាំដុះបន្លែបង្កាផ្សេងៗ ក្នុងលើកកម្ពស់ដល់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាបំពេញតម្រូវការទីផ្សារជាដើម។
ទន្ទឹមនឹងនោះ លោកសមាជិកព្រឹទ្ធសភា ក៏បានផ្តាំផ្ញើដល់បងប្អូនពលរដ្ឋ សូមថែរក្សាសុខភាព បើទោះបីទឹកជំនន់នាពេលនេះ បានស្រកចុះយ៉ាងក៏ដោយ ក៏កុំភ្លេច ថែរក្សាសុខភាពឲ្យបានល្អ ប្រុងប្រយ័ត្នចំពោះកូនចៅ របស់បងប្អូន ដោយក្នុងកំឡុងទឹកជំនន់ បានវាយប្រហារខេត្តបន្ទាយមានជ័យ រហូតមកទល់ពេលនេះ មានករណីលង់ទឹកសរុបចំនួន ២៧ករណីហើយ ដូច្នេះសូមបងប្អូនប្រុងប្រយ័ត្នឲ្យបានខ្ពស់។
ចំពោះអំណោយដែលចែកជូនពលរដ្ឋទាំង១០០គ្រួសាររួមមាន៖ មួយគ្រួសារអង្ករ២០គីឡូក្រាម មុង១ កំសៀវទឹក១ កន្ទេល១ ធុង១ ទឹកស៊ីអ៉ីវ១យួរ និងទឹកត្រី១យួរ៕