(បន្ទាយមានជ័យ)៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានលើកបង្ហាញនូវវីរភាពជាច្រើននៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងខេត្តបន្ទាយមានជ័យ។ លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ជាទម្លាប់នៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេលជាង ៤០ឆ្នាំមកនេះ សម្តេចមិនដែលរត់ចោលពលរដ្ឋនៅពេលមានទុក្ខនោះឡើយ។
ការលើកបង្ហាញនូវគំរូវីរភាពនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលលោកទេសរដ្ឋមន្ត្រី គន់ គីម បាននាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ១៥០០គ្រួសារ មកពីឃុំស្រះជីក, ឃុំពន្លៃ និងឃុំប៉ោយចារ ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០។
ពិធីចែកអំណោយនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យផងដែរ។ ជួសមុខឱ្យប្រជាពលរដ្ឋរងគ្រោះ លោកអភិបាលខេត្ត បានថ្លែងនូវអំណគុណយ៉ាងជ្រៀលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលបានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ដោយបានផ្តល់អំណោយសង្គ្រោះជាស្បៀងអាហារ និងបានចុះទៅសួរសុខទុក្ខពលរដ្ឋដោយផ្ទាល់។
នៅចំពោះមុខពលរដ្ឋរងគ្រោះលោកទេសរដ្ឋមន្ត្រី គន់ គីម បានពាំនាំនូវការសាកសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះបងប្អូនប្រជាពលរដ្ឋដែលបានទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យ និងចូលរួមសម្តែងនូវការសោកស្តាយរបស់បងប្អូនដែលទទួលរងផលប៉ះពាល់ផ្ទះសម្បែង និងផលដំណាំជាដើម។
លោកទេសរដ្ឋមន្ត្រី បានលើកបង្ហាញផងដែរនូវវីរភាពនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ លោកទេសរដ្ឋមន្ត្រី បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំមួយរូបដែលតែងតែតម្កល់នូវសេចក្តីសុខ និងទុក្ខរបស់ប្រជាពលរដ្ឋជាចម្បង ហើយតែងគិតគូរខ្វាយខ្វល់ជាប់ជានិច្ចចំពោះការលំបាករបស់ប្រជាពលរដ្ឋ។
លោកទេសរដ្ឋមន្ត្រី បន្តថា រាប់ចាប់តាំងពីឆ្នាំ១៩៧៧មក សម្តេចតេជោ ហ៊ុន សែន បានយកជីវិតខ្លួនធ្វើជាដើមទុន ដើម្បីរំដោះជីវិតប្រជាពលរដ្ឋចេញរបបប្រល័យពូជសាសន៍ ហើយបន្ទាប់មកក៏បានយកជីវិតធ្វើជាដើមទុនចូលជំរុំខ្មែរក្រហម ដើម្បីស្វះស្វែងរកសុខសន្តិភាព និងបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា។ ចាប់តាំងពីកម្ពុជាបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុងនៅឆ្នាំ១៩៩៨ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើន ដើម្បីកសាងអភិវឌ្ឍន៍ប្រទេស និងជម្នះការលំបាកទាំងឡាយកើតមាននៅក្នុងសង្គម ដើម្បីនាំមកនូវការរីកចម្រើនសម្រាប់សង្គមជាតិ និងនាំមកនូវជីវភាពកាន់តែប្រសើរជូនប្រជាពលរដ្ឋ។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានសង្កត់ធ្ងន់ថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដឹកនាំដែលមិនទម្លាប់រត់ចោលប្រជាពលរដ្ឋនៅពេលពួកគាត់មានទុក្ខនោះឡើយ។ លោកបានគូសបញ្ជាក់ថា ជាក់ស្តែងពេលពលរដ្ឋជួបគ្រោះទឹកជំនន់នេះ សម្តេចតេជោ ហ៊ុន សែន បានចុះសួរសុខទុក្ខ និងផ្តល់ស្បៀងដោយផ្ទាល់។
បន្ថែមពីលើនោះ សម្តេចតេជោ ក៏បានដាក់ចេញនូវវិធានការបន្ទាន់ជាច្រើន ដើម្បីស្តារជីវភាពពលរដ្ឋឡើងវិញ ក្រោយពេលទឹកជំនន់។
លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា ដើម្បីស្តារជីវភាពពលរដ្ឋឡើងវិញ សម្តេចតេជោ បានបញ្ចេញថវិកាទិញស្រូវពូជបន្ថែមរហូតដល់ប្រមាណ ២ពាន់តោន និងពូជដំណាំផ្សេងៗជាច្រើនទៀត ចែកជូនប្រជាពលរដ្ឋ។ ក្នុងនោះសម្រាប់អ្នកធ្វើស្រែទទួលបានស្រូវពូជប្រមាណ ១០០គីឡូក្រាម ក្នុងមួយគ្រួសារ ហើយអ្នកដាំដំណាំផ្សេងៗទទួលបានពូជដំណាំចំនួន ៦មុខ។ មិនតែប៉ុណ្តោះក្រសួងកសិកម្ម បានបញ្ជាគ្រឿងចក្រកសិកម្មត្រៀមចុះជួយពលរដ្ឋផងដែរ៕