(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ឈុន ប៊ុនធី បម្រើការងារនៅបណ្ឌិត្យសភានគរបាលជាតិកម្ពុជា ផ្នែកក្រុមប្រឹក្សាអភិវឌ្ឍន៍ គ្រូនគរបាលជាតិកម្ពុជា និងជាគ្រូបង្រៀនលំហាត់របៀបម្នាក់ បានទទួលមរណភាពនៅវេលាម៉ោង០៧៖៣០នាទីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ដោយរោគាពាធ។
លោកវរសេនីយ៍ឯក ឈុន ប៊ុនធី គឺជាគ្រូលំហាត់របៀបនគរបាលម្នាក់ ដែលត្រូវសិស្សនគរបាលជាច្រើនគោរពស្រលាញ់ បានធ្លាក់ខ្លួនឈឺប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដោយសារជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ កាលឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ឈុន ប៊ុនធី បានកាត់ជើងខាងស្ដាំផងដែរ។
បើតាមកូនសិស្សរបស់លោកវរសេនីយ៍ឯក ឈុន ប៊ុនធី បានបញ្ជាក់ថា ប៉ុន្មានខែមុនលោកបានចូលសម្រាកនៅមន្ទីរពេទ្យជាថ្មី ហើយពេលតម្រូវការប្ដូរឈាម ឬលាងឈាមជាប្រចាំ ដើម្បីពន្យាស្ថានភាពជំងឺរបស់លោក ប៉ុន្ដែជាអកុសលស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរទៅៗ ទើបលោកបានទទួលមរណភាព នៅយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០។
ការបាត់លោកវរសេនីយ៍ឯក ឈុន ប៊ុនធី គឺជាការបាត់បង់នូវឪពុកបង្កើត ឪពុកក្មេក ជីតា ជាទីស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌។ រូបកាយ លោកវរសេនីយ៍ឯក ឈុន ប៊ុនធី បាត់បង់ទៅក៏ពិតមែនតែកិត្តិយស អំពើជាកុសល សេចក្តីថ្លៃថ្នូរ គំរូវីរភាព នៅស្ថិតជាប់ក្នុងមនោសញ្ចេតនា បុត្រា បុត្រី ចៅប្រុស ចៅស្រី ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។
បច្ចុប្បន្នសពលោកវរសេនីយ៍ឯក ឈុន ប៊ុនធី កំពុងដម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងបូជានៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។ សូមទំនាក់ទំនងលេខទូរស័ព្ទកូនប្រុសរបស់លោកផ្ទាល់ 097 28 09 000៕