(ព្រៃវែង)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ បានជួបសំណេះសំណាលជាមួយ ជនបង្គោលក្រុមការងារចំណាកស្រុកតាមភូមិនីមួយៗ ដែលតំណាងឲ្យបងប្អូនកម្មករ ពលករចំណាកស្រុក នៃភូមិទាំងអស់១០៨ ក្នុងស្រុកបាភ្នំ។
ពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាភ្នំ ដោយមានការចូលរួមពីសំណាក់លោកស្រី អស់លោក អ្នកតំណាងរាស្ត្រ ថ្នាក់ដឹកនាំក្រសួង មន្ទីរ អង្គភាពនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលជាអនុប្រធាន ជាសមាជិកក្រុមការងារស្រុក ប្រធានក្រុមប្រឹក្សា និងអភិបាលស្រុក មេឃុំ មេភូមិទាំងអស់ សរុបចំនួនប្រមាណជាង៣០០នាក់។
ផ្អែកតាមរបាយការណ៍របស់លោក ទេព ភារុន អភិបាលស្រុកបាភ្នំ មកដល់បច្ចុប្បន្ន ក្នុងស្រុកបាភ្នំទាំងមូលមានកម្មករ ពលករចំណាកស្រុក ចំនួន២៥,៣១៣នាក់ ដែលកំពុងធ្វើការនៅតាមរោងចក្រ សហគ្រាស អង្គភាពអាជីវកម្ម ការដ្ឋានសំណង់ឯកជន និងសេវាផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅរាជធានីភ្នំពេញ ទីប្រជុំជននានាក្នុងប្រទេស ក្នុងនោះ ២៩៥នាក់ជាកម្មករ ពលករចំណាកស្រុកក្រៅប្រទេស។
ខ្លឹមសារមតិសំណេះសំណាលរបស់ លោករដ្ឋមន្ត្រី ព្រុំ សុខា នាពេលនោះផ្តោតជាសំខាន់លើ ការកសាងបណ្តាញទំនាក់ទំនងផ្សាភ្ជាប់ជាប្រចាំរវាង ក្រុមការងារជាមួយកម្មករ ពលករចំណាកស្រុក សំដៅលើកកម្ពស់ស្មារតីសាមគ្គីភាពបំពេញការងារ ពុះពារការលំបាកជាបញ្ហាប្រឈមនានា រួមគ្នាប្រយុទ្ធឈ្នះកូវីដ-១៩ ដើម្បីបុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍរបស់មាតុភូមិ។
នៅចុងបញ្ចប់មានការរៀបចំហូបបាយសាមគ្គីមួយ ដើម្បីអបអរសាទរពិធីបុណ្យជាតិអុំទូក អកអំបុក សំពះព្រះខែផងដែរ៕