(កណ្ដាល)៖ នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ជាតិ ប្រចាំស្រុកកណ្តាលស្ទឹង នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០១៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ ស្តីពីលទ្ធផលសន្និបាតសមាជិក គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាលើកទី៣៩ អាណត្តិទី៥ នៅទីស្នាក់ការគណបក្ស ស្រុកកណ្តាលស្ទឹង ។
នាយឧត្តមសេនីយ៍ បណ្ឌិត បានថ្លែងក្នុងពិធីផ្សព្វផ្សាយ និងសំណេះសំណាលនោះផងដែរថា ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ គឺប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ហើយការបំផ្លាញសន្តិភាព គឺជារឿងងាយស្រួល តែការថែរក្សាសន្តិភាព ស្ថេរភាពការអភិវឌ្ឍន៍ និងឯកភាពជាតិទេ ដែលជារឿងពិបាកថែរក្សាបំផុត។
នាយឧត្តមសេនីយ៍បណ្ឌិត ក៏បានលើកឡើងពីបញ្ហាភូមិ ឃុំមានសុវត្តិភាពថា សូមមន្ត្រីមានសមត្ថកិច្ចត្រូវខិតខំថែរក្សាការពារ សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ
តាមមូលដ្ឋានឲ្យបានល្អ។
ជាថ្មីម្តងទៀត លោកនាយឧត្តមសេនីយ៍បណ្ឌិត ក៏បានរំឭកដល់ពុកម៉ែ បងប្អូន ពិសេសយុវជនដែរជាកំលាំងចលករ យ៉ាងសំខាន់របស់ប្រទេសជាតិ ដែលគ្រប់អាយុមានសិទ្ធបោះឆ្នោត ឲ្យទៅធ្វើអត្តសញ្ញាណប័ណ្ណគ្រប់ៗគ្នា ដើម្បីមានឈ្មោះបោះឆ្នោត នៅឆ្នាំ២០១៧-២០១៨ខាងមុខនេះ។ ព្រមទាំងបានកោតសរសើនូវសកម្មភាព របស់ក្រុមការងារយុវជនស្រុកកណ្តាលថា ជាទង្វើរដ៏ល្អ ចេះជួយប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។
លោកនាយឧត្តមសេនីយ៍បណ្ឌិត ក៏បានពាំនាំអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនរួមមាន៖ សមាជិកបក្សចូលរួម ចំនួន៣១៩នាក់ ក្នុងម្នាក់ថវិកា ចំនួន៤ម៉ឺនរៀល,សាលាស្រុក ១លានរៀល, ប៉ូលិស ៤០ម៉ឺនរៀល, អាវុធហត្ថ ៤០ម៉ឺនរៀល, ព្រមទាំងបាន ជួយជុសជុល ស្នាក់ការបក្ស និង ជុសជុលផ្លូវ ។ក្នុងនាម សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមាន៖ ជុសជុលទីស្នាក់ការគណបក្ស ស្រុកកណ្តាលស្ទឹង ចំណាយថវិកា១៩៥០០ដុល្លា, ជុសជុលផ្លូវ ឃុំ ជើងកើប ១២០០ម៉ែត្រ, ឃុំ គោកត្រប់ ១០០០ម៉ែត្រ, ឃុំ បាគូ ២០០០ម៉ែត្រ និង ប្រក់ដំបូលសាលាបុណ្យ ចំនួនពីរ ដែលស្ថិតក្នុងឃុំថ្មី ផងដែរ៕