(ព្យុងយ៉ាង)៖ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) នៅថ្ងៃសៅរិ៍នេះ បានធ្វើការផ្លាស់ប្ដូរកាលបរិច្ឆេទនៃការបាញ់បង្ហោះផ្ដាយរណប ដោយការផ្លាស់ប្ដូរនេះត្រូវបានគេដឹងថា មានភាពចម្រូងចម្រាស់មួយចំនួននៅក្នុងជួរមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦។
នៅមុននេះ រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានប្រកាសថានឹងធ្វើការបាញ់បង្ហោះផ្ដាយរណបនៅចន្លោះថ្ងៃទី០៨ ដល់២៥ ខែកុម្ភៈ ប៉ុន្តែនៅពេលនេះ បានសម្រេចចិត្តផ្លាស់ប្ដូរទៅចន្លោះថ្ងៃទី០៧ ដល់ថ្ងៃ១៤ ខែកុម្ភៈវិញ។
នៅថ្ងៃសុក្រម្សិលមិញនេះ កូរ៉េខាងជើង បានប្រកាសថា ខ្លួនមិនដែលគំរាមវាយប្រហារកូរ៉េខាងត្បូងដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរឡើយ ដោយការចេញមុខប្រការនេះត្រូវបានធ្វើឡើង បន្ទាប់ពីជប៉ុន និងកូរ៉េខាងត្បូង អះអាងថានឹងបាញ់កម្ទេចមីស៊ីលរបស់កូរ៉េខាងជើង បើសិនជាមីស៊ីលនោះ បានឈ្លានពានចូលទឹកដីរបស់ពួកគេ៕