(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា សេចក្តីព្រាងច្បាប់ថ្មីស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងពិនិត្យបញ្ចប់នៅចុងខែ វិច្ឆិកា ឆ្នាំ២០២០ ដើម្បីឱ្យច្បាប់នេះអាចចូលរួមចំណែកពន្លឿនការស្តារឡើងវិញនូវសក្តានុពល និងកំណើនសេដ្ឋកិច្ចកម្ពុជា ជំរុញទាក់ទាញការវិនិយោគផ្ទាល់បរទេសមកកម្ពុជា, បង្កើន ឱកាស រីកលូតលាស់កាន់តែខ្លាំងក្លាដល់វិស័យឯកជន ក្នុងបរិបទ នៃជំងឺកូវីដ-១៩។
ការលើកឡើយយ៉ាងដូច្នេះរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើយក្នុងលោក ធ្វើជាសហប្រធានជាមួយនឹងលោក Bretton G. Scaironi (សហប្រធានក្រុម «ឃ» ខាងផ្នែកឯកជន) ដឹកនាំកិច្ចប្រជុំ ក្រុម ការងារផ្នែកនីតិកម្ម ពន្ធដារ និង អភិបាល កិច្ច (ក្រុម ឃ) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ពិភាក្សា ពិគ្រោះយោបល់លើ «សេចក្តីព្រាងច្បាប់ថ្មីស្តីពី វិនិយោគនៃព្រះរាជាណាចក្រក
កម្ពុជា» នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ។
ដូចបានចង្អុលបង្ហាញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី ១៨ កន្លងមក, «សេចក្តីព្រាងច្បាប់ថ្មីស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា» កើតចេញពីការគិតគូរយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
រៀបចំឡើងដោយក្រុមការងារចម្រុះរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,«សេចក្តីព្រាងច្បាប់ថ្មីស្តីពី វិនិយោគ» នេះ គឺជាការរួម ចំណែកមួយទៀតដល់ការកសាងបរិយាកាសវិនិយោគកម្ពុជាឱ្យ កាន់ តែមានលក្ខណៈអំណោយផល, មានភាពប្រកួតប្រជែង, ទាក់ទាញការវិនិយោគ, និងបង្កើនឱកាស រីកលូតលាស់កាន់តែខ្លាំងក្លាដល់វិស័យឯកជន ព្រមជាមួយនឹងការធានាបាននូវគណនេយ្យភាព តម្លាភាព និង ប្រសិទ្ធភាព ។ ការគិតគូរនេះបានឆ្លើយតបទៅនឹងការវិវឌ្ឍនៃសភាពការណ៍ថ្មីៗ ការធ្វើ ពិពិធកម្មសេដ្ឋកិច្ច និងតម្រូវការចាំបាច់ក្នុងការលើកស្ទួយវិស័យឯកជន ដែលត្រូវបានកំណត់ថា «ជាក្បាលម៉ាស៊ីននៃកំណើន»។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា «សេចក្តីព្រាងច្បាប់ថ្មី» នេះ គិតគូរយ៉ាងដិតដល់ អំពី លក្ខណៈ បើកចំហ, ភាពអំណោយផល និង ការទាក់ទាញការវិនិយោគ, បង្កើតរបបលើកទឹកចិត្តមួយ ដែលមានលក្ខណៈប្រកួតប្រជែង ពិសេសផ្ដល់ការការពារនូវសិទ្ធិ និង ផលប្រយោជន៍ស្របច្បាប់របស់ វិនិយោគិន នៅព្រះរាជាណាចក្រកម្ពុជា ។
លោក Bretton G. Scaironi សហប្រធានក្រុម «ឃ» ខាងផ្នែកឯកជន ក៏បានសំដែងនូវការគាំទ្រដល់ការរៀបចំច្បាប់ថ្មីនេះ និង សំដែងសេចក្តីរីករាយ ដែលបានផ្តល់ឱកាសឱ្យផ្នែកឯកជន បានចូលរួមពិនិត្យ និង ផ្តល់យោបល់ សម្រាប់ជាធាតុចូលដល់ការបង្កើតបរិយាកាសទាក់ទាញការវិនិយោគកាន់តែខ្លាំង ។ «សេចក្តីព្រាងច្បាប់ថ្មី» នេះ ត្រូវបានរៀបចំឡើងនៅក្នុងពេលវេលាមួយដ៏សមស្រប និងជាឱកាសល្អមួយដែលត្រូវគិតគូរអំពីការជំរុញកំណើនសេដ្ឋកិច្ច ។
វិស័យឯកជនបានវាយតម្លៃខ្ពស់ ចំពោះកិច្ចប្រឹងប្រែងរបស់ក្រុមការងារចម្រុះក្នុងការរៀបចំ «សេចក្តីព្រាងច្បាប់ថ្មី» នេះ និងបានចូលរួមផ្តល់មតិយោបល់ និងសំណូមពរមួយចំនួនលើសេចក្តីព្រាងច្បាប់ថ្មីនេះ ។ រាល់ចំងល់ ឬ កង្វល់និងធាតុចូលទាំងឡាយដែលលើកឡើងដោយវិស័យឯកជន ត្រូវបានយកមកពិចារណាយ៉ាងយកចិត្តទុកដាក់ក្នុងការរៀបចំកែសម្រួល «សេចក្តីព្រាងច្បាប់ថ្មី» នេះ ។
ដើម្បីបន្តនីតិវិធីក្នុងការរៀបចំកែសម្រួលសេចក្តីព្រាងច្បាប់ថ្មីនេះ, អង្គប្រជុំ បានស្នើឱ្យវិស័យឯកជនបន្តធ្វើការពិនិត្យឱ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ និងបន្តផ្តល់មតិយោបល់បន្ថែមទៀត មកក្រុមការងារចម្រុះ សំដៅរៀបចំ «សេចក្តីព្រាងច្បាប់ថ្មីស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា» ដែលមានការចូលរួមពីភាគីពាក់ព័ន្ធ ទាំងលើស្មារតី និងខ្លឹមសារ ។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធទាំងអស់ ពិសេស វិស័យឯកជនដែលបានចូលរួមយ៉ាងសកម្ម និងផ្តល់កិច្ចសហការល្អ ក្នុងការរៀបចំ «សេចក្តីព្រាងច្បាប់ថ្មី» នេះ ៕