(ភ្នំពេញ)៖ ក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន វីតាល់ បានរៀបចំកម្មវិធីជប់លៀងដ៏ធំមួយ នៅល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅបរិវេណតារាងបាល់ទាត់បឹងកក់ រាជធានីភ្នំពេញ ក្នុងគោលបំណងថ្លែងអំណរគុណ លើកទឹកចិត្ត និងពង្រឹងមិត្តភាពជាមួយអ្នកសារព័ត៌មាន បុគ្គលិកមជ្ឈមណ្ឌលជាតិផ្តល់ឈាម អតិថិជន និងសមាគមជិះកង់ដើម្បីបរិស្ថាន ដែលបានសហការ ក្នុងការជួយទៅដល់សង្គម និងជួយឱ្យដំណើរការអាជីវកម្មរបស់វីតាល់ បានទទួលជោគជ័យ។ លោកឧកញ៉ា ឡាវ វ៉ាន់ សមាជិកនៃគណៈគ្រប់គ្រងក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន និងលោកស្រី ជឹង សុគន្ធាវី អគ្គនាយិកាក្រុមហ៊ុនអិនវីស៊ីខបភើរេសិន ក៏បានអញ្ជើញចូលរួមក្នុងពិធីនេះផងដែរ ។
នៅក្នុងពិធីជប់លៀងនោះ មានការចាប់ឆ្នោតផ្តល់សំណាង ដល់អ្នកចូលរួមប្រមាណជាង២០០នាក់ ដែលក្នុងនោះមានរង្វាន់ម៉ូតូ iPhone 6Plus iPad កង្ហារ ឆ្នាំងដាំបាយអគ្គិសនី កំសៀវដាំទឹក វត្ថុអនុស្សាវរីយ៍ផ្សេង ព្រមទាំងការរាំ និងការលេងល្បែងកម្សាន្តផងដែរ។
លោក ជុនហៀង ថាវសិទ្ធ នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន វីតាល់ បានឱ្យដឹងថា ទឹកបរិសុទ្ធវីតាល់ ជាផលិតផលក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន ជាសាជីវកម្មជាតិស្របច្បាប់ វិនិយោគក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈ ហើយត្រូវបានសម្ពោធបំរើអតិថិជនរបស់ខ្លួនជាផ្លូវការ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១០។
ជាង៦ឆ្នាំកន្លងមកនេះ វីតាល់មិនត្រឹមតែជាក្រុមហ៊ុនក្នុងស្រុក ដែលផលិតទឹកពិសារមានគុណភាពខ្ពស់ប៉ុណ្ណោះទេ វីតាល់ក៏ជាក្រុមហ៊ុនដែលតែងតែយកចិត្តទុកដាក់ទៅ លើកម្មវិធីមនុស្សធម៌នានាជាច្រើន រូបភាពទូទាំងប្រទេស។ ដោយផ្អែកលើមូលនិធិ២៥រៀល វីតាល់ បានបង្កើតកម្មវិធីមនុស្សធម៌ ជាច្រើនរួចមក ហើយដូចជាកម្មវិធីបរិច្ចាគឈាម ជួយថវិកាមន្ទីរពេទ្យបុប្ផា កុមារកំព្រា កម្មវិធីបរិស្ថាន អប់រំ និងជួយជនរងគ្រោះ ប្រជាពលរដ្ឋ ដែលជួបការលំបាកជាដើម ។
លោកឧកញ៉ា ឡាវ វ៉ាន់ បានថ្លែងថា កម្មវិធី ទិវាដៃគូរបស់វីតាល់ (Vital Partner Day) ត្រូវបានធ្វើឡើងក្នុងគោលបំណងរក្សាមិត្តភាព និងពង្រឹងទំនាក់ទំនងរវាងអ្នកគាំទ្រ និងម្ចាស់អាជីវកម្ម ។ ជាងនេះទៅទៀតទិវាដៃគូរបស់វីតាល់ ក៏ធ្វើឡើងដើម្បីថ្លែងអំណរគុណ លើកទឹកចិត្ត និងពង្រឹងមិត្តភាព សាមគ្គីភាព ភាតរភាពជាមួយអ្នកសារព័ត៌មាន បុគ្គលិកមជ្ឈមណ្ឌលជាតិផ្តល់ឈាម អតិថិជន ដែលបានជួយគាំទ្រវីតាល់ ក្នុងបុព្វហេតុមនុស្សធម៌ជួយដល់សង្គម។ លោកឧកញ៉ា ឡាវ វ៉ាន់ បានលើកឡើងថា «វីតាល់មិនមែនសហការ តែជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការចុះទទួលអំណោយឈាម ដោយស្ម័គ្រចិត្តដើម្បីជួយសង្គ្រោះជីវិតប៉ុណ្ណោះទេ តែបានសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាអ្នកសារព័ត៌មាន ដែលបានជួយផ្សព្វផ្សាយពីសកម្មភាពមនុស្សធម៌ កិច្ចការសង្គម របស់វីតាល់ និងជំរុញឱ្យមានការកើនឡើងនូវសកម្មភាព ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅទូទាំងប្រទេស»។ លោកឧកញ៉ា បានបញ្ជាក់ទៀតថា វីតាល់នៅតែបន្តប្រើប្រាស់មូលនិធិ២៥រៀល សម្រាប់សកម្មភាពមនុស្សធម៌ សប្បុរសធម៌និងកាត់បន្ថយភាពក្រីក្រ ។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានចាត់ទុកវីតាល់ និងសារព័ត៌មាន ជាដៃគូល្អបំផុតរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការឧបត្ថម្ភគាំទ្រ និងផ្សព្វផ្សាយអំពីការបរិច្ចាគឈាម និងផលប្រយោជន៍នៃការធ្វើអំណោយឈាមដោយស្ម័គ្រចិត្ដ ដែលធ្វើឱ្យការបរិច្ចាគឈាមបានកើនឡើង ជាពិសេសក្នុងចំណោមយុវជន។
លោក សោម ចន្ថា ពិធីករនិងជាអ្នកយកព័ត៌មានទូរទស្សន៍ប៉ុស្តិ៍លេខ៣ តំណាងឱ្យសារព័ត៌មាន បានថ្លែងអំណរគុណដល់ក្រុមហ៊ុនវីតាល់ ដែលបានរៀបចំកម្មវីធីជប់លៀង ជូនអ្នកសារព័ត៌មាន ជារៀងរាល់ឆ្នាំ ។ បណ្តាញសារព័ត៌មាន នឹងបន្តសហការជាមួយវីតាល់ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីផ្សព្វផ្សាយសកម្មភាព មនុស្សធម៌ដែលមានផលប្រយោជន៍ ដល់សង្គមជាតិ និងប្រជាពលរដ្ឋកម្ពុជា ៕