(ព្រះវិហារ)៖ ក្រុមការងារចុះជួយឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រួមជាមួយអជ្ញាធរ ឃុំ ស្រុក នៅថ្ងៃទី២៩ខែតុលាឆ្នាំ២០២០នេះ បានរៀបចំកម្មវិធីប្រណាំងទូកខ្នាតតូចរយះពេល៣ថ្ងៃ ស្ថិតនៅអាងទឹកធម្មជាតិសម្តេចតេជោអូរស្វាយ ស្ថិតក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីបង្ករការសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ។
ពិធីនេះស្ថិតក្រោមវត្តមានលោកជូ តុងអាន អនុប្រធានក្រុមការងារចុះជួយស្រុកជាំក្សាន្ត និងឃុំស្រអែម តំណាងលោកស្រី ឌឹក ប្រធានក្រុមការងារចុះជួយស្រុកជាំក្សាន្តនិងលោកដួង សំនៀង ប្រធានក្រុមការងារចុះជួយឃុំស្រអែម ដោយមានការចូលរួមពីក្រុមការងារនិងអជ្ញាធរភូមិ ឃុំ ស្រុកជាច្រើនរូបទៀត។
លោកជូ តុងអាន ក៍បានថ្លែងដោយរំលឹកផងដែរថា៖ភូមិធម្មជាតិសម្តេចតេជោ ត្រូវបានរៀបចំកសាងឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែននៅឆ្នាំ២០០៨។ចំណែកស្រះអាងទឹកធម្មជាតិសម្តេចតេជោអូរស្វាយដែលកំពុងរៀបចំប្រណាំងទូកនៅពេលនេះ ក៍ចាប់ផ្តើមកសាងឡើងតំណាលគ្នានិងភូមិធម្មជាតិសម្តេចតេជដែរ។
លោក ជូ តុងអាន បានថ្លែងទៀតថា៖ ក្នុងអំឡុងឆ្នាំ២០១៤ពិធីអ៊ុទូកនេះ ក៍បានរៀបចំធ្វើឡើងផងដែរ ដោយកាលនោះយកពោះវៀនកង់ឡានមកឆ្នៃធ្វើជាទូក។លុះឆ្នាំក្រោយៗទៀតបានទៅខ្ចីនិងជួលទូកឈើពីកន្លែងផ្សេងៗ ដោយមានប្រវែងនិងទំហ៊ំមិនស្មើគ្នាទេ ប៉ុន្តែធ្វើយ៉ាងណាអោយបានអ៊ុប្រណាំងលេង ក្នុងគោលបំណងបង្កលក្ខណះអោយកូនចៅក្នុងតំបន់បានចូលរួមទស្សនាលេងសប្បាយនិងអភិរក្សវិសយ័កីឡាដែលជាកេរដំណែលពីដូនតា។
លោកបញ្ជាក់ទៀតថា ទើបតែឆ្នាំនេះដោយមានការណែនាំចង្អុលបង្ហាញពីលោកស្រី ឌឹកនិងលោកដួង សំនៀង និងមានការចូលរួមពីក្រុមការងារចុះជួយឃុំស្រអែម ទើបកម្មវិធីប្រណាំងទូកនេះ បានធ្វើឡើងយ៉ាងអធិកអធម។លោកជូ តុងអានក៍បានថ្លែងជម្រាបជូនបងប្អូនប្រជាពលរដ្ឋពីតម្លៃនៃសន្តិភាព លោកថាបើគ្មានសន្តិភាពយើងក៍គ្មានឱកាសជួបជុំគ្នាដោយសប្បាយរីករាយដែរ ជាមួយគ្នានោះត្រូវបន្តគាំទ្រសម្តេចតេជោហ៊ុន សែន ដើម្បីអោយសន្តិភាពស្ថិតស្ថេរគង់វង្សយូរអង្វែង ម្យាងទៀតត្រូវរក្សាអនាមយ័ក្នុងការរស់នៅ ពិសេសត្រូវការពារខ្លួនកុំអោយឆ្លងជំងឺកូវីដ១៩៕