(សៀមរាប)៖ មន្ដ្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមន្ដ្រីនៃមន្ទីរអភិវឌ្ឍន៍ខេត្តសៀមរាប បានចាប់ផ្ដើមជួសជុលផ្លូវ និងបានចុះពិនិត្យផ្លូវមួយចំនួននៅជនបទក្នុងភូមិសាស្ត្រខេត្ដសៀមរាប ដើម្បីត្រៀមស្ដារឡើងវិញ ក្រោយពេលរងការខូចខាតដោយសារទឹកជំនន់វាយប្រហារ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ និងជញ្ជូនផលដំណាំកសិកម្ម ខណៈដែលរដូវប្រមូលផល និងច្រូតកាត់ជិតមកដល់។
ក្នុងសកម្មភាពនាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ លោក ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ផ្លូវដែលជួសជុលឡើងវិញជាបន្ទាន់នេះធ្វើឡើងសម្រាប់នៅផ្លូវជនបទ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងនៅក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប។
ជំនន់ទឹកភ្លៀងឆ្នាំ២០២០នេះ បានធ្វើឲ្យហេដ្ឋារចនាសម្ពនផ្លូវជនបទតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តនេះទទួលរងនូវការខូចខាត ដែលធ្វើឲ្យមានផលលំបាកដល់ប្រជាពលរដ្ឋពិបាកធ្វើចរាចរណ៍។
លោកបន្តឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់គិតគូរសុខទុក្ខប្រជាពលរដ្ឋពីសំណាក់រាជរដ្ឋាភិបាល លោក ភួង សោភា និងលោក ខេង ញ៉ុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមការងារបច្ចេកទេសផ្លូវជនបទ ធ្វើការជួសជុលបន្ទាន់ផ្លូវក្រាលក្រួសក្រហមមួយខ្សែប្រវែង ៧,៦០០ ម៉ែត្រ តភ្ជាប់ពីឃុំចារឈូកដល់ឃុំគោល ស្រុកអង្គរជុំ។
ជាមួយគ្នានោះ ក្រុមការងារក៏បានចុះពិនិត្យផ្លូវពីឃុំក្តីរុនដល់ឃុំព្រៃជ្រូក ស្រុកពួកប្រវែង ១៥,០០០ ម៉ែត្រ បន្ទាប់ពីបានទទួលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ឆ្នាំ២០២០ ដើម្បីតភ្ជាប់ឲ្យប្រជាពលរដ្ឋបានធ្វើចរាចរណ៍ ក៏ដូចដឹកកសិផលបានដូចដើមឡើងវិញ។
ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដសៀមរាប បានឲ្យដឹងទៀតថា ការចុះពិនិត្យសិក្សា និងធ្វើការជួសជុលផ្លូវជនបទដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងនេះ គឺជាការឆ្លើយតបភ្លាមៗតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកបានបន្ដថា នៅទូទាំងខេត្តសៀមរាបមានផ្លូវចំនួន ២០ ខ្សែនៅក្នុងស្រុកចំនួន ៤ រួមមានស្រុកពួក វ៉ារិន ស្រុកអង្គរធំ និងស្រុកអង្គរជុំ ដែលរងផលប៉ះពាល់ ក្នុងនោះមានផ្លូវចំនួន ៤ ខ្សែក្នុងស្រុកអង្គរជុំរងការខូចខាតខ្លាំងជាងគេ។
លោកបន្ដថា ផ្លូវដែលរងការខូចខាតដោយសារទឹកជំនន់សរុបជិត ២០០ គីឡូម៉ែត្រ ក្នុងចំណោមផ្លូវប្រវែងសរុបជិត ៥,០០០ គីឡូម៉ែត្រ៕