(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៩៣គ្រួសារ នៅខណ្ឌមានជ័យ ដែលទទួលរងគ្រោះដោយការលិចលង់ដោយទឹកជំនន់នាពេលកន្លងមកនេះ។
នៅក្នុងឱកាសនោះអភិបាលរាជធានីភ្នំពេញ បានប្រកាសឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជួបការលំបាកក្នុងជីវភាពគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នាពេលប៉ុន្មានថ្ងៃកន្លងមកនេះ ហើយមិនទាន់បានទទួលអំណោយពីអាជ្ញាធររាជធានីភ្នំពេញ ឬបងប្អូនប្រជាពលរដ្ឋដែលខ្វះស្បៀងអាហារ អាចមកធ្វើទំនាក់ទំនងមកសង្កាត់ និងខណ្ឌ ឬស្នាក់ការគណបក្សប្រជាជនកម្ពុជានានា នៅទូទាំងរាជធានីដើម្បីឲ្យអាជ្ញាធរបានជួយជាស្បៀងអាហារទាន់ពេល។
លោក ឃួង ស្រេង បានលើកឡើងថា អំណោយដែលប្រគល់ជូនប្រជាពលរដ្ឋទាំង៥៩៣គ្រួសារនេះ គឺពិតជាបានបង្ហាញឲ្យឃើញកាន់តែច្បាស់អំពីការយកចិត្តទុកដាក់ក្នុងការសម្រាលការលំបាក វប្បធម៌នៃការចែករំលែក ជាការចូលរួមគាំពារដោះស្រាយដោយផ្ទាល់ជួយដល់ប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយសារជំនន់ទឹកភ្លៀង តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចនាយករដ្ឋមន្ត្រី គឺមិនត្រូវទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បានឡើយ។
លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានបញ្ជាក់ថា នៅខណ្ឌមានជ័យ ប្រជាពលរដ្ឋដែលទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀងចំនួន១៦៨៩គ្រួសារ ស្មើនឹង៥សង្កាត់ ក្នុងនោះរួមមាន៖ សង្កាត់ចាក់អង្រែលើ សង្កាត់ចាក់អង្រែក្រោម សង្កាត់បឹងទំពុនទី១ សង្កាត់បឹងទំពុនទី២ និងសង្កាត់ស្ទឹងមានជ័យ។ មកដល់ពេលនេះ អាជ្ញាធរខណ្ឌ និងសប្បុរសជនបានចែកជូនបងប្អូន ប្រជាពលរដ្ឋដែលរងគ្រោះទាំងនេះបានចំនួន៩លើកហើយ ស្មើនឹង១០៩៦គ្រួសារ ហើយនេះជាលើកទី១០ ដែលលោក ឃួង ស្រេង និងលោកស្រី បានប្រគល់ជូននាពេលនេះ។
គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋ ដែលមកទទួលអំណោយនេះ មានចំនួន ៥៩៣គ្រួសារមកពី៣សង្កាត់រួមមាន៖ សង្កាត់ចាក់អង្រែលើ សង្កាត់បឹងទំពុ២ និងសង្កាត់ស្ទឹងមានជ័យ៣ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន ២៥គីឡូក្រាម មី១កេស ទឹបបរិសុទ្ធ១កេស ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាចំនួន៥ម៉ឺនរៀល៕