(កំពត)៖ លោក ជាវ តាយ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត រួមជាមួយមន្ត្រីថ្នាក់ដឹកនាំគណបក្សខេត្ត នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ បានជួបសំណេះសំណាល ស្វែងយល់អំពីបញ្ហាប្រឈម ការគ្រប់គ្រងដឹកនាំ ដោះស្រាយជាមួយមន្ត្រីបង្គោលគណបក្ស ស្រុកអង្គរជ័យ ប្រមាណ៧៥នាក់។

លោក ជាវ តាយ បានលើកបញ្ជាក់ថា គោលដៅសំខាន់ចាំបាច់របស់គណបក្សប្រជាជន នៅពេលខាងមុខនេះ គឺការដណ្ដើមយកភាពជោគជ័យឲ្យបានសម្រេចបន្តទៀត លើការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ សម្រាប់គណបក្សប្រជាជន បន្តការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិ សេដ្ឋកិច្ចសង្គមកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើន ក៏ដូចជាការបម្រើប្រជាជន ឲ្យមានជីវភាពបានកាន់តែធូរធារប្រសើរឡើងថែមទៀត។

ដូច្នេះដើម្បីសម្រេចភាពជោគជ័យនេះបាន មន្ត្រីគណបក្សគ្រប់ថ្នាក់ អាជ្ញាធរ ជំនាញពាក់ព័ន្ធ គឺចាប់ពីពេលនេះតទៅត្រូវបង្កើនការយកចិត្តទុកដាក់ បំពេញតួនាទី ភារកិច្ចដឹកនាំ គ្រប់គ្រងឲ្យកាន់តែល្អប្រសើរ ទាំងការងារគ្រប់គ្រងដឹកនាំ នូវរចនាសម្ព័ន្ធក្នុងបក្ស និងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ព្រមទាំងបង្កើន វិធានការដោះស្រាយរាល់សំណូមពរ ការលំបាក បញ្ហាប្រឈមខ្វះខាត តម្រូវការនៅក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ ឲ្យបានសម្រេចលទ្ធផលល្អប្រសើរឡើង។

លោក ជាវ តាយ បានបញ្ជាក់ទៀតថា ក្នុងរយៈពេលកន្លងមក ជាបន្តបន្ទាប់ ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនគ្រប់លំដាប់ថ្នាក់ តែងតែបានចុះបំពេញសកម្មភាពនៅទូទាំងប្រទេស ដើម្បីស្វែងយល់ និងការដោះស្រាយបញ្ហាប្រឈមនៅក្នុងមូលដ្ឋាន។ ដោយឡែកសម្រាប់ ថ្នាក់ដឹកនាំគណបក្សប្រជាជនខេត្តកំពត ក៏តែងតែបានអនុវត្តសកម្មភាពនេះជាប្រចាំ។ ជាក់ស្ដែងការចុះមកជួបជាមួយមន្ត្រីបង្គោលគណបក្សមូលដ្ឋានពេលនេះ គឺជាការស្វែងយល់និងក្ដាប់ឲ្យជាប់នូវសភាពការណ៍រួមទូទៅ បញ្ហាប្រឈម សំណូមពរ តម្រូវការរបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងដោយមន្ត្រីមូលដ្ឋាន ដើម្បីជាវិធានការរួមគ្នាដោះស្រាយឲ្យមានប្រសិទ្ធភាព និងឆាប់រហ័សក្នុងគោលដៅបម្រើប្រយោជន៍ប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាពបន្ថែមទៀត។

លោកប្រធានគណបក្សខេត្ត ក៏បានក្រើនរំលឹក និងផ្ដាំផ្ញើដល់មន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវតែបន្តលើកកម្ពស់ គុណភាពសេវាសាធារណៈ បង្កើនស្មារតីគិតគូរផលប្រយោជន៍របស់ប្រជាជន និងបក្ស ពង្រឹងគុណភាពមន្ត្រីគណបក្ស ឲ្យបានកាន់តែរឹងមាំខ្លាំងក្លាថែមទៀត ដោយសមាជិកម្នាក់ៗ ត្រូវកសាងទំនាក់ទំនងល្អ ជាមួយប្រជាជន លើកកម្ពស់ការចូលរួមពង្រឹងសមត្ថភាព និងអនុវត្តការងារប្រកបដោយគុណធម៌ដើម្បីសម្រេចភារកិច្ចជូនជាតិមាតុភូមិ និងគណបក្ស។ ទន្ទឹមនោះ ក៏ត្រូវយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ទប់ស្កាត់រាល់បទល្មើសនានា ជូនប្រជាពលរដ្ឋ ពិសេសទប់ស្កាត់ប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងបំផ្លាញ ភាពសុខសាន្ត និងការអភិវឌ្ឍរបស់ប្រទេសជាតិ ពីសំណាក់ពួកអគតិមួយក្ដាប់តូច ដែលពួកគេ នៅតែព្យាយាមមានបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន។

ក្នុងឱកាសនោះ លោក ជាវ តាយ ក៏បានឧបត្ថម្ភថវិកា ចំនួន ១០០០ដុល្លារ ដល់គណបក្សភ្នំកុង ដើម្បីកសាងបង្ហើយស្នាក់ការគណបក្សឃុំ និងជូនដល់សមាជិក សមាជិកាគណបក្សចំនួន ៧៥នាក់ ក្នុងម្នាក់ៗថវិកា ៥ម៉ឺនរៀល និងឧបត្ថម្ភគណបក្សស្រុកចំនួន ១លានរៀលផងដែរ៕