(កំពង់ឆ្នាំង)៖ អាងស្តុកទឹក២០ឧសភា ដែលជាអាងដ៏ធំមួយស្ថិតក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយអាងនេះដែរក៏ជាចំណងដៃរបស់រាជរដ្ឋាភិបាល បានផ្ដល់ជូនប្រជាកសិករសម្រាប់នាំទឹក យកទៅស្រោចស្រពតំបន់ផលិតស្រូវប្រាំងជោសែនទី២ ដែលត្រូវការយកទឹកពីអាងនេះទៅស្រោចស្រពដីស្រែជាចាំបាច់។
អាងស្តុកទឹកនេះមានលទ្ធភាពបម្រើឲ្យការស្រោចស្រពទាំងស្រែប្រាំង និងស្រែវស្សា រហូតរាប់ពាន់ហិកតា ជូនដល់ប្រជាកសិករចំនួនពីរស្រុក គឺស្រុកបរិបូណ៌ និងស្រុករលាប្អៀរ។ មិនតែប៉ុណ្ណោះ អាងស្តុកទឹក២០ឧសភានេះ បច្ចុប្បន្នក៏ជាតំបន់ទេសចរណ៍ធម្មជាតិមួយយ៉ាងស្រស់ត្រកាល ដែលភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុកមកងូតទឹកលេងកំសាន្តនៅទីនេះ ជារៀងរាល់ចុងសប្តាហ៍ ពិសេសគឺថ្ងៃបុណ្យជាតិផ្សេងៗ ដែលមានភ្ញៀវទេសចរ មកពីទីជិតឆ្ងាយ មកលេងកំសាន្តនៅទីនេះយ៉ាងច្រើនផងដែរ។
ប្រជាសហគមន៍ដែលបានប្រើប្រាស់ទឹក២០ឧសភា រួមនឹងកសិករដែលកំពុងធ្វើស្រែប្រាំងជាង១ពាន់ហិកតា ដោយពឹងផ្អែកទឹកពីទំនប់២០ឧសភានេះ ដោយពួកគាត់កំពុងមានការព្រួយបារម្ភ ពីការបាត់បង់ដីផ្ទៃអាងទំនប់ ២០ឧសភាជាបន្តបន្ទាប់ ក្រោយពីពួកគាត់បានឃើញជនខិលខូចមួយចំនួនកំពុងបោះបង្គោលក្នុងទឹកទន្ទ្រានចូលដីផ្ទៃអាងស្តុកទឹក២០ឧសភានេះ ដើម្បីកាន់កាប់យកដីមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដោយមិនឃើញមានការហាមឃាត់ ពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅឡើយ។
លោក អ៊ុក ញ៉ុន ប្រធានសហគមន៍ប្រើប្រាស់ទឹក២០ ឧសភា និងលោក ខ្មូរ សារួន អនុប្រធានសហគមន៍ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ប្រព័ន្ធធារាស្ត្រ ឬទំនប់២០ឧសភានេះ ជាអាងស្តុកទឹកមួយដ៏សំខាន់បំផុតសំរាប់ស្រោចស្រពដីដំណាំស្រូវ ទាំងរដូវប្រាំង និងរដូវវស្សា ព្រោះផ្ទៃដីអាងស្តុក ទឹកមានរហូតដល់ជាង៣០០ហិកតា និងអាចស្តុកទឹកបានរាប់លានម៉ែត្រគូប។
ចំណែកផ្ទៃអាងនេះបានលាតសន្ធឹងជាប់ឃុំចំនួន៤ គឺឃុំមេលំ ក្នុងស្រុកបរិបូណ៌, ឃុំស្វាយជ្រុំ ឃុំបន្ទាយព្រាល និងឃុំប្រស្នឹប ស្ថិតក្នុងស្រុករលាប្អៀរ។ សព្វថ្ងៃអាងស្តុកទឹកនេះក្រៅពីផ្តល់នូវ សក្តានុពលយ៉ាងសំខាន់ដល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋជាង ១ពាន់ហិកតានៅរដូវប្រាំង និងជាង២ពាន់ហិកតានៅរដូវវស្សា វាក៏បានផ្តល់នូវផលត្រីដ៏សំខាន់សំរាប់បងប្អូន ប្រជាពលរដ្ឋនៅក្នុងស្រុកបរិបូណ៌ ស្រុករលាប្អៀរ និងក្រុងកំពង់ឆ្នាំងផងដែរ។
សំខាន់ជាងនេះទៅទៀតនោះ អាងស្តុកទឹក ២០ឧសភានេះ ក៏មានសក្តានុពលផ្នែកវិស័យទេសចរណ៍ដ៏ទាក់ទាញ ព្រោះមានផ្ទៃបឹងដ៏ធំធេងមើលដាច់កន្ទុយភ្នែកមានព្រៃលិចទឹកសំរាប់ត្រីពងកូន និងមានកន្លែងងូតទឹកលេងកំសាន្ត រាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ សម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុកមកទស្សនាកម្សាន្តទេសភាពនៅទីនេះមិនដែលដាច់នោះឡើយ។
ពួកគាត់បានបន្តថា សព្វថ្ងៃមានជនខិលខូចមួយចំនួន បានចូលមកបោះបង្គោលយកដីផ្ទៃអាងជាបន្តបន្ទាប់ដោយ មិនទាន់មានវិធានការចាត់ការ ពីអាជ្ញាធរពាក់ព័ន្ធនៅឡើយទេ ជាពិសេសទាំង សហគមន៍ប្រើប្រាស់ទឹក២០ឧសភា ទាំងប្រជាកសិករ ជាសមាជឹកសហគមន៍ជិត ២០០គ្រួសារ កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហានេះ។
ពាក់ព័ន្ធទៅនឹងបញ្ហាខាងលើនេះ លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះថា ដីផ្ទៃអាងទំនប់២០ឧសភានេះ ត្រូវបានគេរំលោភកាន់កាប់ជាបន្តបន្ទាប់ ទាំងខាងកើត និងខាងលិចផ្លូវជាតិលេខ៥ ដែលករណីរំលោភបំពានយកដីផ្ទៃអាងទឹកនោះ ធ្វើឲ្យប៉ះពាល់ដល់ការស្តុកទឹកសំរាប់ការស្រោចស្រពលើវិស័យកសិកម្ម ជាពិសេសដំណាំស្រូវប្រជាកសិករ និងប៉ះពាល់ដល់ការបំផ្លាញតំបន់ព្រៃលិចទឹកជាតំបន់ត្រីពងកូនទៀតផង។ ព្រោះថាមេពូជត្រីធំៗ ណាស់ដែលសព្វថ្ងៃមាននៅក្នុងអាងនេះ បច្ចុប្បន្នខាងមន្ទីរធនធានទឹក បានកំណត់និយាមការជុំវិញផ្ទៃអាងរហូតដល់ ៧៨៣ចំណុច និងសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច និងមន្ទីរពាក់ព័ន្ធជួយថែរក្សាកុំឲ្យបាត់ បង់នូវនិយាមការទាំងនេះព្រោះវាជាចំណុចបញ្ជាក់ពីព្រំប្រទល់ដីអាងស្តុកទឹក២០ឧសភានេះ។
លោកបន្តថា អ្នកដែលបានបោះបង្គោលរំលោភយកផ្ទៃដីអាង២០ឧសភានេះ ដោយអ្នកខ្លះបានអះអាងថា ពួកគាត់មានប័ណ្ណស្លាបមាន់ពីដើមមក និងអ្នកខ្លះទើបតែបានរំលោភយកថ្មីៗក៏មាន តែបើគ្រាន់តែពួកគាត់ចូលទៅបោះ បង្គោលនោះវាមិនអីទេ តែបញ្ហាត្រង់ថាបោះបង្គោលព័ទ្ធយកដីហើយ ថែមទាំងបានកាប់ឆ្ការព្រៃដែលជាជម្រកត្រីពងកូនទៀតផង។
ករណីនេះគឺមានតែអាជ្ញាធរទេ ដែលអាចទប់ស្កាត់ដល់ការចូលកាប់ទន្ទ្រានរានយកដីអាងស្តុកទឹក២០ឧសភានេះបាន ព្រោះតួនាទីអាជ្ញាធអាចកោះហៅពួកគាត់ទាំងអស់នោះមកធ្វើកិច្ចសន្យា ករណីដែលនៅតែមានការរំលោភបំពាន អាជ្ញាធរអាចកសាងឯកសារបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ ចំណែកដីផ្ទៃអាង២០ឧសភានេះដែរ គឺមានអនុក្រឹត្យលេខ៩៨ ដូច្នេះអ្នកដែលបានអះអាងថាខ្លួនមានប័ណ្ណស្លាបមាន់ ក៏មិនអាចយកជាផ្លូវការបានដែរ។
លោកបន្តឲ្យដឹងទៀតថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១២ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ក្នុងឱកាសដែលលោកចុះត្រួតពិនិត្យការងារ នៅទំនប់អាងស្តុកទឹក២០ឧសភា លោករដ្ឋមន្រ្តី បានប្រកាសដាក់ទំនប់អាងទឹក២០ឧសភា ជាតំបន់ផលិតស្រូវប្រាំងតេជោសែនទី២។ ទំនប់អាងស្តុក ទឹកនេះមានលទ្ធភាពស្រោចស្រព ផ្ទៃដីស្រូវវស្សាបានចំនួន២,២៩២ហិកតា និងស្រូវប្រាំងបានចំនួន១,៨៧៤ ហិកតា។
នៅពេលនោះលោករដ្ឋមន្រ្តី ក៏បានឲ្យលោក ដោក ប៊ុនថុន ប្រធានមន្ទីររៀបចំជាផែនការមេ និងបង្កើតជាសហគមន៍ដើម្បីជួយការពារ អភិរក្សថែរក្សា និងសន្សំសំ ចៃការប្រើប្រាស់ទឹកឲ្យមានតុល្យភាព ដល់កសិករគ្រប់ៗគ្នា។
បន្ទាប់ពីបានសាងសង់ប្រព័ន្ធធារាសាស្រ្តនៅទំនប់២០ឧសភានេះរួចមក គឺជោគជ័យខ្លាំងណាស់ ទៅដល់ប្រជាកសិករ ដែលជាអ្នកប្រកបមុខរបរធ្វើស្រែព្រោះកន្លងមក កាលពីមិនទាន់មាន ប្រព័ន្ធធារាសាស្រ្ត ប្រជាពលរដ្ឋនៅប៉ែកខាងក្រោមធ្វើស្រែលើផ្ទៃដីតែពី ៧០ ទៅ៨០ហិកតា រីឯទិន្នផលវិញគឺទទួលបានក្នុងមួយហិតាតែ ៧០០ទៅ ៨០០គីឡូក្រាមតែប៉ុណ្ណោះ។ បន្ទាប់ពីបាន សាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់២០ឧសភានេះរួចមក ការបង្កបង្កើនផលស្រូវ របស់ប្រជាកសិករកើនដល់ជាង១ពាន់ហិកតា រីឯទិន្នផលវិញក្នុងមួយហិចតាទទួលបានពី៤ ទៅ ៧តោន អ្នកខ្លះអាចបានរហូតទៅដល់១០តោនឯណោះ៕