(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានថ្លែងអរគុណលោកឧកញ៉ា ឡាច ប៊ុនលីម អនុធានកិត្តយសសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ និងជាអគ្គនាយកក្រុមហ៊ុនបុរីមានជ័យ ដែលបានចូលរួមការងារសង្គមច្រើននៅតំបន់ជាយដែននេះ ហើយថ្ងៃនេះ បានជួយពលរដ្ឋយើងដែលរងផលប៉ះពាល់ ដោយទឹកជំនន់១៥០គ្រួសារទៀត ដោយ១គ្រួសារបាន អង្ក២០គីឡូក្រាម មី១កេះ ត្រីខ១ឡូ និងទឹកសុទ្ធ១យួរ។
លោកអភិបាលក្រុង ក៏បានអរគុណលោកស្រី លឹម វ៉ាន់នី ភរិយាលោកឧត្តមត្រី ប៊ោន ប៊ិន មេបញ្ជាការអាវុធហត្តខេត្តបន្ទាយមានជ័យ បានចូលរួមបន្ថែមប្រាក់១០០០០រៀលសំរាប់មួយគ្រួសារ ជាការរួមចំណែកជួយដល់ពលរដ្ឋយើងក្នុងគ្រាលំបាក ពិសេសលោកឧកញ៉ា និងលោកស្រី បានជូនមីកូរ៉េ៣០០កេះ សំរាប់រដ្ឋបាលក្រុងចាត់ចែងការងារមនុស្សធម៌បន្ត។
គ្រោះដោយទឹកជំនន់ជាច្រើនរយគ្រួសារ ត្រូវបានសមត្ថកិច្ចទាំង៣ រួមមាន៖ អាវុធហត្ថ នគរបាល និងយោធា ដែលបានជួយជម្លៀសទៅទីទួលសុវត្ថិភាពទាំងអស់ ថែមទាំងឧបត្ថម្ភស្បៀង ឲ្យបានគ្រប់ៗគ្នាទៀតផង។
ជាមួយគ្នានេះ លោកអភិបាលក្រុងក៏ដូចលោកអគ្គនាយក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នសុវត្ថិភាព ពីគ្រោះថ្នាក់ជាយថាហេតុ ត្រូវថែទាំសុខភាពឲ្យបានល្អ ទទួលទានអាហារឲ្យបានត្រឹមត្រូវ ផឹកទឹកដាំឆ្អិនល្អរស់នៅក្នុងបរិស្ថានស្អាត មានអនាម័យត្រូវគេងក្នុងមុងជានិច្ច និងត្រូវមានការប្រុងប្រយ័ត្នចំពោះសត្វអសិរពិសផ្សេងៗ
និងត្រូវយកចិត្តទុកដាក់បង្កើនការដាំដុះដំណាំកសិកម្ម ក្រោយពេលដែលទឹកចាប់ផ្តើមស្រកទៅវិញ៕