(តៃប៉ិ)៖ បន្ទាប់ពីប្រតិបត្តិការជួយសង្គ្រោះមនុស្សជាប់គាំងក្រោមអគារអស់ជាច្រើនម៉ោងកន្លងមក នៅពេលនេះអាជ្ញាធរតៃវ៉ាន់បានបញ្ជាក់ថា អ្នកស្លាប់បានកើនឡើងដល់ ១១នាក់ និងមនុស្សជាង ៤០០នាក់ត្រូវបានគេរាយការណ៍មកថា បានរងរបួសធ្ងន់ស្រាល នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦។
គ្រោះរញ្ជួយដីដ៏កក្រើកខាងលើនេះ បានវាយប្រហារតំបន់តៃណាន (Tainan) របស់កោះតៃវ៉ាន់ នៅពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃសៅរ៍នេះ ដែលបានបណ្តាលឲ្យហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ភាគខាងត្បូង ទទួលរងការខូចខាត យ៉ាងដំណំ និងមនុស្សជាច្រើននាក់ ត្រូវបានគេបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីពួកគេបានទទួលរងរបួសធ្ងន់ស្រាល។ ដោយឡែកចំនួនមនុស្សស្លាប់ ត្រូវគេរំពឹងថា នឹងអាចកើនឡើងបន្ថែមទៀតដែរ៕