(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ១២៣គ្រួសារ ដែលបានស្មគ្រ័ចិត្តចូលមករស់នៅក្នុងបុរីរុងរឿង តំបន់អភិវឌ្ឍន៍ជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីម្សិលមិញ បានទទួលបានអំណោយពី អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុនOCIC ។
អំណោយដែលបានយកមកចែកជូននាឱកាសនោះ រួមមានមួយគ្រួសារៗទទួលបាន អង្ករ ១០គ.ក, មីយើង ០២កេសតូច, សារុង ០១, ក្រមា ០១, ប្រេងក្រឡា ០១, នំតែលៀវ ១/២គ.ក, ទឹកស៊ីអីវ ០៦ដប, ស្ករគ្រាប់ ០១កញ្ចប់ និងថវិកាចំនួន ១០០,០០០រៀល។
តំណាងក្រុមហ៊ុនបាននិយាយថា កន្លងមកក្រុមហ៊ុនបានធ្វើការចែកអំណោយសប្បុរសធម៌ ជូនដល់ប្រជាពលរដ្ឋ ដែលបានស្មគ្រ័ចិត្តរស់នៅក្នុងបុរីរុងរឿង តំបន់អភិវឌ្ឍន៏ជ្រោយចង្វារ រាជធានីភ្នំពេញ បានចំនួន ១១លើក រួចមកហើយ ហើយនេះក៏ជាលើកទី១២ ផងដែរ។
គួររំលឹកផងដែរថា ប្រជាពលរដ្ឋដែលមកទទួលអំណោយនៅពេលនេះ កាលពីមុនពួកគាត់រស់នៅផ្ទះតូចៗធ្វើអំពីឈើប្រក់ស័ង្កសី ឬប្រក់ស្បូវនៅឡើយ មិនតែប៉ុណ្ណោះពួកគាត់រស់នៅជួបការលំបាកយ៉ាងខ្លាំងដូចជា៖ គ្មានទឹកស្អាតប្រើប្រាស់ គ្មានភ្លើងអគ្គីសនី រស់នៅលើទឹកកខ្វក់ បរិស្ថានមិនល្អ ងាយរងគ្រោះជាដើម ។ល។ ប៉ុន្តែក្រោយពីតំបន់ជ្រោយចង្វារនេះ ត្រូវបានរាជរដ្ឋាភិបាលសម្រេចប្រគល់សិទ្ធិឱយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC ដើម្បីធ្វើការអភិវឌ្ឍន៍តំបន់នេះ ឱយទៅជាទីក្រុងរណបថ្មីមួយទៀត នៅក្នុងរាជធានីភ្នំពេញ ឃើញថាតំបន់នេះ ត្រូវបានផ្លាស់ប្តូរមុខមាត់ថ្មីស្របតាមការអភិវឌ្ឍន៍របស់ប្រទេសជាតិ។
តំណាងក្រុមហ៊ុននិយាយថា កត្តាទាំងអស់ខាងលើនេះហើយ ទើបជំរុញឱយប្រជាពលរដ្ឋយល់ព្រមទទួលយកនូវគោលនយោបាយដោះដូរផ្ទះ ជាមួយសាលារាជធានីភ្នំពេញ និងក្រុមហ៊ុន ពីផ្ទះតូចធ្វើអំពីឈើប្រក់ស័ង្កសីមកជាផ្ទះថ្មធ្វើអំពីឥដ្ឋបេតុងវិញ ហើយមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ជាប់ទីប្រជុំជន មានផ្សារសម្រាប់ប្រកបរបររកស៊ីចិញ្ចឹមជីវិត លើសពីនេះទៀតតម្លៃទីផ្សារអចលនទ្រព្យរបស់ពួកគាត់មានការកើនឡើងខ្ពស់ បន្ទាប់ពីគម្រោងតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារថ្មីនេះ លេចចេញជារូបរាងឡើង៕