(ភ្នំពេញ)៖ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងថា សម្តេចក្រឡាហោម ស ខេង កំពុងលើលិខិតស្នើរបស់សម្តេចក្រុមព្រះ និង លោក ញឹក ប៊ុនឆៃ ហើយថាក្រសួងមហាផ្ទៃ នឹងឆ្លើយតបចំពោះលិខិតអ្នកទាំងពីរនៅអំឡុងពេល១៥ថ្ងៃ។
លោក ញឹក ប៊ុនឆៃ អតីតអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានសរសេរលិខិត២ ទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយស្នើសុំបង្កើតគណបក្សខ្មែររួបរួមជាតិ និង សុំរំលាយចោលលទ្ធផលសមាជឆ្នាំមុនរបស់ ហ៊្វុនស៊ិនប៉ិច ។
ចំណែកសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ក៏បានធ្វើលិខិត២ផ្ញើទៅសម្តេចក្រឡាហោម ស ខេង ដូចគ្នាដោយស្នើជំទាស់ទៅនឹងការដាក់ឈ្មោះ និងឡូហ្គោ បង្កើតគណបក្សរបស់លោក ញឹក ប៊ុនឆៃ និងស្នើឱ្យក្រសួងមហាផ្ទៃការពារទ្រព្យសម្បត្តិទាំងអស់របស់គណបក្សហ៊្វុនប៉ិច។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បាននិយាយថា រហូតដល់ពេលនេះក្រសួងបានទទួលលិខិតរបស់ សម្តេចក្រុមព្រះ និងលោក ញឹក ប៊ុនឆៃ ជាផ្លូវការហើយ ដែលបានដាក់ជូនសម្តេចក្រឡាហោម ស ខេង ដើម្បីពិចារណា។ លោកថា «យើងជំនាញកំពុងតែធ្វើកិច្ចការងារហ្នឹង ហើយយើងនឹងឆ្លើយតបទៅវិញ ចំពោះលិខិត ឯកឧត្តម ញឹក ប៊ុនឆៃ បើតាមច្បាប់ក្រសួងមហាផ្ទៃមានរយៈពេល១៥ថ្ងៃការងារ ក្រោយពីថ្ងៃទទួលលិខិតហ្នឹង»។ លោកថា ចំពោះលិខិតសម្តេចក្រុមព្រះក៏ដូចគ្នា «យើងកំពុងធ្វើលិខិតទាំងអស់នោះ»។
គណបក្សហ៊្វុនស៊ិនប៉ិច បានបែកខ្វែកជា២ម្តងទៀត បន្ទាប់ពីបានរួបរួមគ្នាអស់រយៈពេលជាង១ឆ្នាំ។ លោក ញឹក ប៊ុនឆៃ បានចោទសម្តេចក្រុមព្រះថាដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចមិនមានភាពរីកចំរើន និងបក្ខពួកនិយម ក្នុងរយៈពេល១ឆ្នាំកន្លងមក។ ចំណែកសម្តេចក្រុមព្រះ បានចោទលោក ញឹក ប៊ុនឆៃ ថាតែងបានធ្វើសកម្មភាពមួយចំនួន ដោយចិត្តឯងគ្មានការអនុញ្ញាតពីព្រះអង្គ៕