(ភ្នំពេញ)៖ គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានចេញលិខិតបញ្ចប់សមាជិកភាពបក្សចំនួន ២៣រូប ដែលក្នុងនោះ​រួមមានលោក ញឹក ប៊ុនឆៃ អតីតអនុប្រធានទី២ គណប​ក្សផងដែរ។

ការចេញលិខិតបញ្ចប់សមាជិកភាព របស់សមាជិកបក្សទាំង២៣រូបនេះ បានធ្វើឡើងបន្ទាប់ពី លោក ញឹក ប៊ុនឆៃ និងអ្នកគាំទ្ររបស់លោក កាលពីថ្ងៃទី០៣ ខែកុម្ភៈ កន្លងទៅនេះ បានប្រកាសដើរចេញ​ពីគណបក្សហ៊្វុនស៊ិនប៉ិច ទៅបង្កើតគណបក្សថ្មីឈ្មោះថា «គណបក្សរួបរួមជាតិ»។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០០៦ លោក ញឹក ប៊ុនឆៃ និងបក្ខពួករបស់លោកធ្លាប់បាន ធ្វើរដ្ឋប្រហារបណ្តេញសម្តេចក្រុមព្រះចេញពីបក្ស តែពេលនេះលោកបានដើរចេញពីបក្សវិញម្តង បន្ទាប់ពីរូបលោក​មិនពេញចិត្តចំពោះការដឹកនាំរបស់សម្តេចក្រុមព្រះ ក្នុងរយៈពេលជាង១ឆ្នាំកន្លងមកនេះ៕