(ព្រះសីហនុ)៖ ថ្នាក់ដឹកនាំខេត្តព្រះសីហនុ មានដូចជា លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ លោក ជៀម ហ៊ីម ប្រធាន ក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ព្រមទាំងប្រធានមន្ទីរពាក់ព័ន្ធ ចៅសង្កាត់ ចៅសង្កាត់រង និងក្រុមហ៊ុនស៊ីនទ្រី នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បាន អញ្ជើញចុះពិនិត្យការសំអាតឆ្នេរឯករាជ្យ នៅក្នុងខេត្តព្រះសីហនុ ក្រោយពី មានការវាយកំទេចរបងរួចរាល់ហើយ។
លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុបានឲ្យដឹងថា ថ្ងៃនេះក្រុមការងារបានចុះមកមើលការកាត់ស្មៅ សំអាតរៀបចំឆ្នេរឯករាជ្យឡើងវិញ សម្រាប់ សាធារណៈជនបានដើរចូលលេងលម្ហែកម្សាន្ត ដោយសេរីក្នុងឱកាស ចូលឆ្នាំថ្មីប្រពៃណីចិនវៀតណាមខាងមុខនេះ។
លោកអភិបាលក្រុងក៏បានបញ្ជាក់ថា បន្ទាប់ពីក្រុងកាត់ស្មៅរួចរាល់ហើយ ក្រុងនិងដាក់ធុងសំរាមចំនួន ១៥ទៀតតាមឆ្នេរឯករាជ្យនេះ ហើយក្នុងនោះសាលាខេត្ត នឹងជួយដាក់បង្គន់ចល័តចំនួន២ផងដែរ សំរាប់ប្រជាពលរដ្ឋ មកកម្សាន្តប្រើប្រាស់។ ចំណែកសួនច្បារសណ្ឋាគារឯករាជ្យក៏បានតំរូវអោយម្ចាស់រុះរើផ្លាកសញ្ញាចេញផងដែរ ព្រោះខ្លាចប្រជាពលរដ្ឋមានការ ភ័ន្តច្រលំថារបស់ឯកជនដើម្បីអោយប្រជាពលរដ្ឋបានចូលកំសាន្តផងដែរ។ ចំពោះស្ពានកោះពស់ក៏នឹងបើកអោយប្រជា ពលរដ្ឋ បានចូលទស្សនាកំសាន្តយកខ្យល់អាកាសបរិសុទ្ធ ព្រមទាំងអាចថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។
លោក យន្ត មីន ក៏បានថ្លែងប្រាប់អង្គភាពព័ត៌មានFresh Newsថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាមខាងមុខនេះក្នុងនាម រដ្ឋបាលខេត្តព្រះសីហនុ លោកសូមស្វាគមន៍ និង អញ្ជើញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកំសាន្តសប្បាយអោយ បានច្រើនកុះករ នៅក្រុងព្រះសីហនុនេះ ព្រោះនិងបានប្លែកភ្នែកជាមិនខានក្រោយពីរដ្ឋបាលខេត្តព្រះសីហនុបានរៀបចំកែរ លំអរទីកន្លែងកំសាន្តជាច្រើន ជាពិសេសនៅឆ្នេរឯករាជ្យ និងស្ពានកោះពស់នេះតែម្តង។
ភ្ញៀវទេសចរអាចចេញចូល ទស្សនា លេងកំសាន្តសប្បាយដោយសេរី ចំណែកបញ្ហាសន្តិសុខក៏បានរៀបចំបានយ៉ាងល្អ ចំពោះម្ហូបអាហាររដ្ឋបាលខេត្តក៏បាន ណែនាំ បងប្អូនប្រតិបត្តិករកុំឲ្យដំឡើងថ្លៃរួចរាល់ហើយដែរ ។ លោកអភិបាល ខេត្តក៏ផ្តាំផ្ញើរដល់អ្នកដំណើរប្រើប្រាស់ ផ្លូវជាតិលេខ៤ សូមមេត្តាប្រុងប្រយ័ត្នក្នុងការបើកបរ ហើយត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ជាពិសេសបើស្រវឹងសូមកុំ បើកបរ!៕