(ភ្នំពេញ)៖ ក្រុមការងារអនុសាខាកាកបាទក្រហមខណ្ឌ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦ ដឹកនាំដោយលោក អ៊ាង ស៊ីផាន អភិបាលខណ្ឌ និងជាប្រធានគណៈកម្មាធិការ​អនុសាខាកាក​បាទក្រហម​ខណ្ឌ បាននាំយក អំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាគ្រឿង ឧបភោគ បរិភោគ ព្រមទាំងថវិកាមួយចំនួន ផ្តល់ជូនដល់ប្រជាពលរដ្ឋក្រីក្រ ដល់លំនៅឋាន និងស្វែងយល់ពី​ជីវភាពរស់នៅ​ប្រចាំថ្ងៃ ដែលមន្ត្រីកាកបាទក្រហមខណ្ឌ ចុះពិនិត្យស្ថានភាពផ្ទាល់ និងឃើញពីការលំបាក ក្នុងជីវភាពរស់ នៅប្រចាំថ្ងៃប្រមាណ៣០គ្រួសារ នៅសង្កាត់ព្រែកថ្មី។

នៅតាមខ្នងនីមួយៗ លោកអភិបាលខណ្ឌ អ៊ាង ស៊ីផាន បានសំណេះសំណាលទៅកាន់បងប្អូនប្រជាពលរដ្ឋថា អំណោយដែលនាំមកជូនប្រជាពលរដ្ឋនាពេលនេះ ក្នុង០១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម មី ១០កញ្ចប់ ទឹកសុទ្ឋឱរ៉ាល់ ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីវអ៊ីវ ១យួរ, ត្រីខ ០៥ កំប៉ុង, ខ្ទះឆា១, ឆ្នាំង១, ទឹកដោះគោ ២កំប៉ុង, ស្ករស ១គីឡូក្រាម, តែ៣កញ្ចប់ និងឃីត០១កញ្ចប់ (រួមមាន សារុង១+ក្រមា១ + ភួយ១+មុង១) និងថវិកា៣ម៉ឺនរៀល ព្រមទាំងសម្ភារផ្ទះបាយមួយចំនួនទៀត។

ដោយឡែក ចំពោះគ្រួសារអ្នកស្រី ហុក ចិន្តា អាយុ ២៩ឆ្នាំ មានកូនប្រុសស្រី៣នាក់ នៅក្នុងបន្ទុក និងមានប្តីជាកម្មករលីសែង ហើយរស់នៅក្នុងខ្ទមប្រក់តង់ លោកអភិបាលខណ្ឌ បានជួយធ្វើផ្ទះ​ឡើងវិញ ដោយធ្វើពីឈើ ប្រក់ស័ង្កសី ដើម្បីបានជ្រកកោនសមរម្យ និងគ្រួសារលោក ខេង លាង អាយុ ៦១ឆ្នាំ មានកូន៣នាក់ដែរ ហើយមានជំងឺស្ពឹកដៃជើង មិនអាចដើរបាន ហើយផ្ទះមាន​សភាព​ធ្លុះធ្លាយនោះ លោក អ៊ាង ស៊ីផាន ក្នុងនាមអនុសាខាកាកបាទក្រហមកម្ពុជា លោកបានជួយជាស័ង្កសី ប្រក់ដំបូល និងជញ្ជាំងឲ្យគត់មត់ផងដែរ។ លោកបញ្ជាក់ថា អំណោយទាំងនេះ បានសប្បុរសជន​ជួយឧបត្ថម្ភគាំទ្រអនុសាខាកាកបាទក្រហមខណ្ឌ ហើយត្រូវបានក្រុម ការងារបែងចែកជូនប្រពលរដ្ឋទីទ័លក្រ ជនចាស់ជរា គ្មានទីពឹង នៅតាមបណ្តាសង្កាត់ទាំង៨ ក្នុងខណ្ឌច្បារអំពៅ ដោយឡែក ថ្ងៃនេះ ក្រុមការងារចុះចែកនៅសង្កាត់ព្រែកថ្មីចំនួន៣០គ្រួសារ ហើយលោកអភិបាលខណ្ឌដឹកនាំបែងចែកជាក្រុមការងារចុះផ្ទាល់ តាមលំនៅដ្ឋាន ដើម្បីនាំអំណោយមនុស្សធម៌ ដោយមិនប្រកាន់​និន្នាការនយោបាយឡើយ។ សកម្មភាពមនុស្សធម៌នាំយក អំណោយជូនប្រជាពលរដ្ឋក្រីក្រ ដល់លំនៅដ្ឋាននេះដែរ លោក អ៊ាង ស៊ីផាន ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដូច្នេះថា ជានិច្ចកាលក្រុមការងារអនុសាខាកាកបាទក្រហមខណ្ឌតែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិ  គ្រួសារក្រីក្រ គ្រួសាររងគ្រោះ ដោយអគ្គិភ័យអ្នកបាត់បង់ទីជម្រក និងប្រជាពលរដ្ឋនូវបញ្ហាប្រឈមនានាក្នុងសង្គម  និយាយរួមប្រកាន់ខ្ជាប់ នូវគោលការណ៍របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។ លោក អ៊ាង ស៊ីផាន បានបញ្ជាក់ថា ថ្ងៃនេះក្រុមការងារកាកបាទ ក្រហមខណ្ឌ បានបែងចែកក្រុមការជាច្រើនក្រុម នាំយកអំណោយសម្តេច​កិត្តិព្រឹទ្ឋបណ្ឌិត​ផ្តល់ជូនប្រជាជន ដែលខ្វះខាតផ្នែកជីវភាព​ប្រចាំថ្ងៃ ជាពិសេសទៅទៀត ក្នុងគោលបំណងចុះ ឲ្យដល់លំនៅឋានបងប្អូនប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម ឬបញ្ហាផ្សេងៗ ដែលពួកគាត់ត្រូវការអោយអាជ្ញាធរជួយដោះស្រាយពួក គាត់ ដោយមិនទុកឲ្យបងប្អូនប្រជាជនរស់នៅក្នុងភាពឯកោ ដែលអាជ្ញាធរមិនបានដឹងឮនោះទេ។

ដំណើរសំណេះសំណាល ជាមួយប្រជាពលរដ្ឋតាមខ្នង ផ្ទះនីមួយៗនេះ លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌ បានលើកឡើង ពីការយកចិត្ដ ទុកដាក់គិតគូរ របស់លោកអភិបាលរាជធានីភ្នំពេញ ប្រធានកាកបាទក្រហម ជាពិសេសសម្ដេចកិត្ដិព្រឹទ្ធ បណ្ឌិត សម្រាប់ជីវភាពរស់ នៅប្រចាំថ្ងៃរបស់បងប្អូន ហើយមិនមែនតែ ប្រជាពលរដ្ឋនៅក្នុង ខណ្ឌច្បារអំពៅនោះទេ ប៉ុន្ដែនៅទូទាំងប្រទេសកម្ពុជា ។

លោក អ៊ាង សុីផាន បានលើកឡើងទៀតថា បើទោះបីកញ្ចប់អំណោយទាំងនេះ មិនបាន ធ្វើឱ្យបងប្អូន យកទៅផ្គត់ផ្គង់ ជីវភាពគ្រួសារ ក្នុងរយៈពេលវែងក៏ដោយនោះ ប៉ុន្ដែអាច ជួយកាត់ បន្ថយការលំបាក បានមួយរយៈ ពេលផងដែរ ហើយអាជ្ញាធរខណ្ឌ និងបន្ដខិត ខំជួយបងប្អូន គឺយើងមិនចប់ត្រឹមហ្នឹងទេ ពេលណាយើងមានលទ្ឋភាព យើងបន្តនិរន្តរភាពនេះជាប្រក្រតី ។

ជាមួយគ្នានេះ ក្នុងនាមកាកបាទក្រហមខណ្ឌលោកអភិបាលខណ្ឌ ក៏សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋរស់នៅជិតខាង មេត្តាយោគយល់ អធ្យាស្រ័យ ដែលយើងខ្ញុំមិនទាន់បានទៅ ដល់ ហើយនឹងបន្តអោយដល់ លំនៅឋានបងប្អូនជាបន្តបន្ទាប់ ៕