(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ចំពោះការសាងសង់ផ្លូវទាំង៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ប្រសិនបើអង្គភាពសាងសង់ណាមួយ ត្រូវបានរកឃើញថា ហេដ្ឋារចនាសម្ព័ន្ធសំណង់របស់ខ្លួន មិនបានអនុវត្តត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ឬសៀវភៅបន្ទុក អង្គភាពនោះនឹងមិនទទួលបានការទូទាត់ប្រាក់ជាដាច់ខាត។
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង ៣៨ខ្សែក្រុងសៀមរាប នឹងត្រូវសាងសង់ឡើងដោយអង្គភាពចំនួន៦ បែងចែកជាកំណាត់ៗ ប្រកបដោយភាពបត់បែន និងច្នៃប្រឌិតខ្ពស់ ចាក់បេតុងកៅស៊ូ សមស្របតាមទំហំចរាចរណ៍ និងការដឹកទំនិញធ្ងន់ ឬស្រាល ដោយផ្ដោតជាសំខាន់លើគុណភាព ប្រសិទ្ធភាព និងបញ្ចប់គម្រោងបានទាន់ពេលវេលាតាមការគ្រោងទុក។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ដូចនេះនាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ នៅទីស្ដីការក្រសួង ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ មន្ត្រីបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សាឱ្យបានយល់កាន់តែច្បាស់អំពីតម្រូវការ គោលជំហរ និងគោលការណ៍នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យមានគុណភាពរឹងមាំ ក៏ដូចជានីតិវិធីនៃការផ្គត់ផ្គង់ ការទូទាត់ថ្លៃ សម្ភារ និងការជ្រើសរើសសម្ភារសាងសង់ប្រកបដោយស្តង់ដារ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា ដើម្បីទទួលបានផ្លូវមានគុណភាពស្របតាមស្តង់ដារបច្ចេកទេស និងបញ្ចប់គម្រោងតាមការគ្រោងទុកភាគីពាក់ព័ន្ធទាំងអស់ ទាំងរដ្ឋក៏ដូចជា ឯកជនក្តី ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធក្នុងទិសដៅតែមួយ ពោលគឺសាងសង់ផ្លូវឱ្យមានប្រសិទ្ធភាពនិងគុណភាពរឹងមាំ និងបញ្ចប់ គម្រោងតាមផែនការ ដោយប្រើប្រាស់សម្ភារមានស្តង់ដារ និងការផ្គត់ផ្គង់សម្ភារបានទាន់តម្រូវការផងដែរ។
សូមញ្ជាក់ថា៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៨ខ្សែនេះ គ្រោងសម្ពោធបើកការដ្ឋានសាងសង់នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕