(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ បានស្នើដល់លោកឪពុក អ្នកម្តាយ អ៊ុប្រុស អ៊ុស្រីទាំងអស់ សូមបណ្តុះខាកខ្ជាក់នូវវប្បធម៌កតញ្ញូ និងចរិកជាតិនិយម ដល់កូនចៅយើងជំនាន់ក្រោយ ឱ្យបានដឹង និងយល់កាន់តែច្បាស់ ពីប្រវត្តិសាស្ត្រនៃការដឹកនាំ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកអាយុជីវិតទៅប្តូរ រហូតទទួលបានសុខសន្តិភាព និងការអភិវឌ្ឍមកដល់សព្វថ្ងៃនេះ។

ការស្នើបែបនេះរបស់លោកអភិបាលខេត្ត បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់ជូនមហាគ្រួសារនិវត្តជន ទូទាំងក្រុងពោធិ៍សាត់ ប្រមាណ ១ពាន់នាក់ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅបរិវេណសាលាខេត្តពោធិ៍សាត់។

លោក ម៉ៅ ធនិន បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងទ្វេតែងតែគិតគូរ និងបារម្ភពីសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនទុកឱ្យនរណាម្នាក់ស្លាប់ ដោយអត់អាហារនោះឡើយ។

លោកបានឱ្យដឹងថា ជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២០នេះ មិនមែនកើតមានតែនៅខេត្តពោធិ៍សាត់មួយទេ គឺកើតមានស្ទើរតែគ្រប់ខេត្ត ទាំងប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំក្នុងខេត្ត និងក្រុមការងារគ្រប់លំដាប់ថ្នាក់ បានខិតខំទាំងយប់ ទាំងថ្ងៃក្នុងការទប់ទល់ទឹកជំនន់ និងជួយសង្គ្រោះ ក៏ដូចជាការគៀងគររកមូលនីធិសម្បុរសធម៌ នាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋ រួមទាំងការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខូចខាត។

លោក ម៉ៅ ធនិន បានបន្ថែមថា ការជួបជុំគ្នា និងនាំយកអំណោយរបស់សម្តេចតេជោ ផ្តល់ជូននាពេលនេះ គឺជាការរំលឹកដឹងគុណ អតីតមន្ត្រីរាជការ ដែលបានខិតខំ តស៊ូ អត់ ធ្មត់ គ្រប់កាលៈទេសៈ និងគ្រប់ដំណាក់កាល នៃការរួបរួមសាមគ្គីគ្នា ក្នុងការការពារ និងអភិវឌ្ឍន៏ប្រទេសជាតិ ពិសេសក្នុងគ្រាដែលប្រទេសជាតិកំពុងជួបការលំបាក ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ និងបញ្ហាចំពោះនៅមុខដូចជាជំនន់ទឹកភ្លៀងជាសក្ខីភាពស្រាប់។

ក្នុងឱកាសនោះលោក ម៉ៅ ធនិន ក៏បានអំពាវនាវដល់មហាគ្រួសារនិវត្តន៍ជនទាំងអស់ ក្រោយពីទឹកស្រកវិញ ត្រូវរួមគ្នាទប់រក្សាទឹកទុក នៅតាមប្រឡាយមេ ប្រឡាយរងស្រះ ឬស្រែឱ្យនៅគង់វង្ស ដើម្បីមានលទ្ធភាពស្តារឡើងវិញ សម្រាប់ឱ្យបងប្អូនប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងការងារបង្កបង្កើនផល នៅរដូវប្រាំងខាងមុខ។ ជាមួយគ្នានេះ ត្រូវថែរក្សាសុខភាព ដោយផឹកស្អាត ហូបស្អាត រស់នៅស្អាត និងត្រូវប្រយ័ត្នក្មេងតូចៗលង់ទឹក ជាពិសេសត្រូវបន្តផ្សព្វផ្សាយ និងអនុវត្តន៍ពីវិធានការការពារជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា ក្នុងថ្ងៃដដែលនោះ លោក ម៉ៅ ធនិន បានចុះជាបន្តបន្ទាប់ និងនាំយកអំណោយមនុស្សធម៌ របស់អង្គការហ្គូដណេប៊ឺសកម្ពុជា និងធនាគារ DGB រួមទាំងសប្បុរសជននានា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅសង្កាត់ព្រៃញី ចំនួន៤៣០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម, មី១កេស និងត្រីខ ១០កំប៉ុង និងនៅសង្កាត់រលាប ចំនួន៣០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៉ីវ១យួរ និងត្រីខ១០កំប៉ុងផងដែរ៕