(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ រួមជាមួយអាជ្ញាធរក្រុង និងមន្ត្រីពាក់ព័ន្ធ បានរៀបចំពិធីសំណេះសំណាល និងផ្ដល់អំណោយដល់ពលរដ្ឋសកម្មចំនួន២៨នាក់ ដែលពួកគាត់បានចូលរួមក្នុងសកម្មភាពកាយលូរំដោះទឹកភ្លៀង ចេញពីសង្កាត់បឹងកុក ក្រុងកំពង់ចាម កន្លងទៅថ្មីៗនេះ។
ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាលខេត្ត បានថ្លែងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនដែលបានចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការគាស់កាយ ស្តារប្រព័ន្ធលូរំដោះទឹកភ្លៀង មិនឲ្យជន់លិចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងកំពង់ចាមកន្លងទៅថ្មីៗនេះ។
លោកអភិបាលខេត្តបន្តថា នេះជាសកម្មភាពដ៏ប្រពៃរបស់បងប្អូន ដែលបានចូលរួមជួយដល់ការងារអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ នៅក្នុងសង្កាត់បឹងកុក ឲ្យចៀសផុតពីការជន់លិចលំនៅដ្ឋាន និងផ្លូវគមនាគមន៍ធ្ងន់ធ្ងរផងដែរ។
សូមបញ្ចាក់ថា អំណោយរបស់លោក អ៊ុន ចាន់ដា និងលោកស្រី បានផ្តល់ជូនប្រជាពលរដ្ឋ សកម្ម ទាំង២៨គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ២៥គីឡូ មី ១កេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ទឹកសុទ្ធ១កេស សាប៊ូ ១កញ្ចប់ និងថវិកា៤០.០០០រៀលផងដែរ៕