(កំពង់ឆ្នាំង)៖ ការប្រកបមុខរបរបុកអំបុករបស់ប្រជាកសិករនៅតាមស្រុកស្រែទីជនបទ បានកែប្រែជីវភាពពួកគាត់ឲ្យមានភាពធូរធា ដោយមិនចាញ់មុខរបរដ៏ទៃទៀតនោះទេ ហើយមុខរបរនេះ ក៏មិនមានការខាតបង់នោះដែរ ព្រោះមុខរបរនេះមិនត្រូវចំណាយដើមទុនច្រើន ហើយមានម៉ូយមកកម្ម៉ង់ទិញយកទៅលក់បន្តជាហូរហែមិនដែលដាច់ឡើយ។

បងស្រីជាម្ចាស់ផ្ទះដែលប្រកបមុខរបរបុកអំបុកលក់ខាងលើនេះ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះថា សព្វថ្ងៃបងស្រីមានទីលំនៅក្នុងភូមិសន្ទៃ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

បងស្រីបានប្រកបមុខរបរបុកអំបុកនេះអស់រយៈពេល ៤ឆ្នាំមកហើយ តាំងពីបងស្រីចាប់ប្រកបមុខរបរបុកអំបុកនេះមក បងស្រីពុំដែលបានយកអំបុកទៅលក់នៅទីផ្សារដោយខ្លួនឯងនោះទេ គឺមានម៉ូយមកកម្ម៉ង់ទិញយកទៅលក់បន្តជាហូរហែ ហើយអំបុកនេះដែរគឺសុទ្ធសឹងជាអំបុកស្រូវថ្មី គឺប្រភេទស្រូវសែនក្រអូប ហើយនៅថ្ងៃអកអំបុក សំពះ ព្រះខែ ខាងមុខនេះ បងស្រីនឹងយកស្រូវផ្កា រំដួលមកបុក ព្រោះស្រូវទាំងពីរប្រភេទនេះពេលយកមកបុកអំបុក ធ្វើឲ្យអំបុកស្រួយ និងមានរសជាតិឈ្ងុយឆ្ងាញ់ទៀតផង។

បងស្រីឲ្យដឹងទៀតថា ស្រូវដែលយកមកបុកអំបុកនេះ គឺបងស្រីធ្វើស្រែដោយខ្លួនឯង ពុំបានទិញគេនោះទេ ហើយក្នុងមួយថ្ងៃបងស្រីបុកបានរហូតទៅដល់ជាង ៣០០កំប៉ុង ដោយលក់ឲ្យ ប្រជាពលរដ្ឋក្នុងភូមិខ្លះ សល់ប៉ុន្មាន បងស្រីលក់បោះឱ្យម៉ូយទាំងអស់មិនដែលសល់នោះទេ ព្រោះសព្វថ្ងៃនេះបងស្រីមានម៉ូយរហូត ដល់ទៅជាង១០នាក់ឯណោះ រីឯអំបុកដែលបោះឲ្យម៉ូយ ក្នុងមួយកំប៉ុងថ្លៃ១,០០០៛ ចំពោះអំបុកដែលយកទៅលីងឱ្យស្រួយ ក្នុងមួយកំប៉ុងថ្លៃ១,៣០០រៀល នៅមុនថ្ងៃពិធីបុណ្យអកអំបុក សំពះព្រះខែ ដែលនៅតែពីរថ្ងៃទៀតនេះ គឺមានម៉ូយមកកម្មង់ច្រើនណាស់ មិនដឹងថា តើគាត់បុកឲ្យគេទាន់ឬមិនទាន់នោះទេ។

ដោយឡែកបងប្រុស ដែលជាប្ដីរបស់ស្ត្រីខាងលើនេះ ក៏បានឱ្យដឹងផងដែរថា ការដែលគាត់ចេះដំឡើងម៉ាស៊ីនពាក់កណ្ដាលស្វាយប្រវត្តិសម្រាប់បុកអំបុកនេះ គឺដំបូងឡើយគាត់បានទៅលេង ឯខេត្តសៀមរាប នឹងបានឃើញគេបុកអំបុកដោយប្រើម៉ាស៊ីនដូចនេះ នៅនិងព្រំខេត្តកំពង់ធំ ជាប់និងខេត្តសៀមរាប។ ពេលនោះគាត់ក៏បានចុះទៅមើល ហើយបានថតចម្លង ដើម្បីយកមករៀនធ្វើខ្លួនឯង ទំរាំតែធ្វើកើត ដែលអាចយកមកប្រើប្រាស់បានដូចសព្វថ្ងៃនេះ គឺគាត់ត្រូវចំណាយពេលវេលាជាច្រើន ទើបអាចប្រើបាន។

សព្វថ្ងៃនេះទាំងគាត់ និងគ្រួសាររបស់គាត់រួមទាំងកូនកូនផងនោះ មានការមមាញឹកខ្លាំងណាស់ ដោយត្រូវបុកអំបុកឲ្យម៉ូយទៅតាមការកុម្ម៉ង់ច្រើន ហេតុនេះក្រុមគ្រួសាររបស់គាត់ គឺរវល់ទាំងអស់ ដោយត្រូវក្រោកតាំងពីម៉ោង ៤ទៀបភ្លឺ ដើម្បីបុកអំបុកខ្លាចមិនទាន់ឱ្យម៉ូយ បើទោះជារាល់ថ្ងៃនេះគាត់បានជួលកម្មករ៤នាក់មកជួយការងារក៏ដោយ ទាំងកម្មករទាំងក្រុមគ្រួសាររបស់គាត់ ដែលមានគ្នាបួនប្រាំនាក់ផងនោះ និងត្រូវដំណើរការវិលជុំរហូតចាប់ពីម៉ោង៤ទាបភ្លឺ ដល់ម៉ោង៩យប់ ទើបបានសម្រាក នេះដោយសារតែបងប្រុសបានរកឃើញ ការច្នៃប្រឌិតកញ្ច្រែងសម្រាប់រែងអំបុក ប្រើដោយកម្លាំងម៉ាស៊ីន បើរែងដៃដូចពេលមុននោះ នឹងខាតបង់ទាំងកម្លាំង នឹងពេលវេលាជាមិនខានឡើយ។

បើតាមការបញ្ជាក់ពីគ្រួសារ ដែលបានប្រកប មុខរបរបុកអំបុកលក់ខាងលើនេះបានបញ្ជាក់ ប្រាប់អង្គភាពព័ត៌មាន Fresh News ថា រយៈពេលជាង ៤ឆ្នាំមកនេះ ការប្រកបមុខរបរបុកអំបុកលក់ រួមទាំងមុខរបរកិនស្រូវ និងមុខរបររួមផ្សំបន្តិចបន្តួចទៀតនោះ គឺបានកែប្រែជីវភាពគ្រួសាររបស់គាត់ ឲ្យមានភាពធូរធាច្រើន ដែលអាចមានលទ្ធ ភាពធ្វើផ្ទះធំ ទិញរថយន្តទំនើប និងត្រាក់ទ័រចំនួន១គ្រឿង រួមទាំងទិញបានដីមួយចំនួន ដែលរស់បានយ៉ាងសមរម្យ ក្នុងជីវភាពជាអ្នកដែលរស់នៅតាមស្រុកស្រែទីជនបទផងដែរ៕