(ភ្នំពេញ)៖ លោកស្រី Pauline Tamesis ប្រធានសម្របសម្រួល របស់ក្រុមទីភ្នាក់អង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNCT) និងលោកស្រី Li Alian ប្រធានអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា (WHO) បានថ្លែងប្ដេជ្ញាគាំទ្រកម្ពុជា ១០០% ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បើជំងឺនេះ នៅតែបន្ដអូសបន្លាយដល់ឆ្នាំក្រោយៗទៀត។
តំណាងអង្គការទាំងពីរ ក៏បន្ដអបអរសាទរ ដល់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ដែលទទួលបានជោគជ័យ នៅក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ មិនឱ្យឆ្លងចូលក្នុងសហគមន៍ និងអបអរសាទរមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ដែលត្រូវបានទទួលស្គាល់ នូវការព្យាបាលជំងឺកូវីដ១៩ ជាពិសេស ក្រសួងសុខាភិបាល បានលើកទឹកចិត្ដឱ្យមន្ទីរពេទ្យមិត្ដភាព ខ្មែរ-សូវៀត ទទួលព្យាបាលឥស្សរៈជន ក៏ដូចជាអ្នកការទូត និងអង្គការសហប្រជាជាតិជាដើម។
ការថ្លែងបែបនេះ របស់លោកស្រី ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាព សម្ពោធដាក់ឱ្យដំណើរអគារព្យាបាល និងសង្គ្រោះបន្ទាន់ជំងឺកូវីដ១៩ VIP និងធម្មតា នៅមន្ទីរពេទ្យមិត្ដភាព ខ្មែរ-សូវៀត នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ។
ក្នុងឱកាសសម្ពោធដាក់ឱ្យដំណើរការ នូវអគារព្យាបាលនេះ តំណាងនៃអង្គការទាំងពីរ បានថ្លែងកោតសរសើរ ចំពោះការរៀបចំបានស្អាតល្អ។ ប៉ុន្ដែទន្ទឹមនឹងនោះ ក៏ជំរុញឱ្យមានការពង្រឹង នូវការអភិវឌ្ឍធនធានមនុស្ស និងសមត្ថភាព ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ នៅថ្នាក់ខេត្ដ ថ្នាក់ក្រោមជាតិ ក៏ដូចជាមន្ទីរសុខាភិបាល និងមន្ទីរពេទ្យខេត្ដ ដើម្បីឱ្យមានសមត្ថភាពកាន់តែប្រសើរ ពេលជួបបញ្ហារាតត្បាតខ្លាំងខ្លាជាងនេះទៀត មន្ដ្រីថ្នាក់ខេត្ដក៏អាចធ្វើបានដែរ។
លើសពីនោះ អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងប្រធានសម្របសម្រួល របស់ក្រុមទីភ្នាក់អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានលើកទឹកចិត្ដឱ្យមានការបណ្ដុះបណ្ដាលបន្ថែមទៀត ដើម្បីឱ្យមន្ដ្រីសុខាភិបាលថ្នាក់ខេត្ដ មានធនធានមនុស្សរឹងមាំក្នុងការព្យាបាលជំងឺកូវីដ។
តំណាងអង្គការទំាំងពីរ បានឱ្យដឹងទៀតថា សម្រាប់វ៉ាក់សាំងកូវីដ១៩ ពេលមានការទទួលស្គាល់ពីគុណភាព និងលទ្ធភាពនៃការចាក់ថ្នាំការពារ ទទួលបានលទ្ធផលហើយ មានការទទួលស្គាល់ និងបានចុះបញ្ជីត្រឹមត្រូវ ពីអង្គការសុខភាពពិភពលោក កម្ពុជាដែលជាប្រទេសមួយ ទទួលបានការគាំទ្រខ្ពស់ពី អង្គការទទួលបន្ទុកក្នុងការផ្គត់ផ្គង់វ៉ាក់សាំង ដូច្នេះនឹងទទួលបានលទ្ធភាព និងអាទិភាពចំពោះអ្នកដែលប៉ះពាល់ផ្ទាល់ (មន្ដ្រីសុខាភិបាលជួរមុខ) បន្ទាប់មកអ្នកដែលងាយទទួលការឆ្លងជំងឺ ដូចជា ស្ដ្រីមានផ្ទៃពោះ កុមារ មនុស្សចាស់ជរា និងអ្នកដែលមានជំងឺរុំារ៉ៃ បន្ទាប់ពីទទួលបានការសម្រេចពី រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសនោះដែរ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា «ការសម្ពោធដាក់ឱ្យដំណើរការអគារព្យាបាលជំងឺកូវីដ១៩ បែបលក្ខណៈ VIP និងបន្ទប់ព្យាបាលជំងឺកូវីដធម្មតា នៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀតនេះ គឺដើម្បីពង្រីកសមត្ថភាព្យាបាលមន្ដ្រីរបស់យើង ឱ្យកាន់តែល្អមានប្រសិទ្ធិភាពខ្ពស់ ជូនដល់អ្នកដំណើរពីក្រៅប្រទេសចូលមកកម្ពុជា ជាពិសេសមន្ដ្រីការទូត និងអង្គការសហប្រជាជាតិជាដើម»។
រដ្ឋមន្ដ្រីសុខាភិបាល បានបញ្ជាក់បន្ថែមថា បន្ទប់ព្យាបាលជំងឺកូវីដ១៩ VIP និងបន្ទប់សម្រាកព្យាបាលជំងឺកូវីដ១៩ទូទៅ គឺខុសប្លែកតែបន្ទប់ ជាលក្ខណៈដាច់ដោយឡែក និងគ្រួសារតែប៉ុណ្ណោះ ក្រៅពីនោះទាំងសេវា ថ្នាំព្យាបាល រួមទាំងការយកចិត្ដទុកដាក់ដូចគ្នាទាំងអស់។ ក្នុងនោះនៅមន្ទីរពេទ្យនេះ មានបន្ទប់ព្យាលបាលជំងឺកូវីដ១៩ធ្ងន់ធ្ងរផងដែរ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងបន្ដថា «យើងនឹងបន្ដខិតខំឱ្យអស់ពីសមត្ថភាព ហើយកន្លងមកនេះ ក្រោមការដឹកនាំរបស់ដ៏ឈ្លាសវៃរឹងមាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលខិតខំប្រឹងប្រែង និងជានិច្ចកាលអប់រំណែនាំដល់ប្រជាពលរដ្ឋ និងដាក់ចេញនូវវិធានការ ដល់អាជ្ញាធរមូលដ្ឋានដែលទទួលខុសត្រូវ ជាពិសេសក្រសួងសុខាភិបាល និងមន្ដ្រីពាក់ព័ន្ធនានា ដែលមានទីភ្នាក់ងារអង្គការសហប្រជាជាតិ ដោយរួមគ្នាធ្វើយ៉ាងម៉េច កុំឱ្យប្រទេសកម្ពុជាយើងមាន ការចម្លងជំងឺកូវីដ១៩នៅក្នុងសហគមន៍»។
លើសពីនោះ ដើម្បីកុំឱ្យជំងឺដ៏សាហាវមួយនេះ ឆ្លងចូលសហគមន៍ គឺការទប់ស្កាត់ចំពោះអ្នកដំណើរពីក្រៅប្រទេសចូលមកកម្ពុជា គឺត្រូវតែធ្វើតេស្ដមិនលើកលែងឡើយ បើពិនិត្យឃើញមានជំងឺកូវីដ១៩ យកគាត់មកព្យាបាលភ្លាមៗ និងស្វែងរកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលមកធ្វើតេស្ដ ដោយមិនឱ្យទៅចម្លងដល់ពលរដ្ឋយើង នៅក្នុងសហគមន៍នោះទេ៕