(ភ្នំពេញ)៖ លោកស្រី Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រទេសគុយបា បានវាយតម្លៃខ្ពស់ដោយសង្កេតឃើញថា ការរៀបចំនគរូបនីយកម្ម នៅក្នុងរាជធានីភ្នំពេញ ពិតជាមានការអភិវឌ្ឍរីកចម្រើនជឿនលឿនធំអស្ចារ្យ ខុសពីអ្វីដែលលោកស្រីធ្លាប់បានឮពីមុនមក។
ការវាយតម្លៃបែបនេះ របស់លោកស្រី Rodriguez Barrios បានធ្វើឡើងនៅក្នុងឱកាស ដែលលោកស្រីបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ នៅទីស្ដីការក្រសួង។
លោកស្រីឯកអគ្គរដ្ឋទូត បានវាយតម្លៃយ៉ាងដូច្នេះថា៖ «គឺចំពេលគម្រប់ខួប១ឆ្នាំ ដែលលោកស្រីបានមកដល់ប្រទេសកម្ពុជា ក្នុងនាមជាឯកអគ្គរដ្ឋទូតនេះ និងបានសង្កេតឃើញថាការរៀបចំនគរូបនីយកម្ម នៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា គឺពិតជាមានការអភិវឌ្ឍរីកចម្រើនជឿនលឿនធំអស្ចារ្យខុសពីអ្វីដែលលោកស្រីធ្លាប់បានឮពីមុនមក»។
ក្នុងជំនួបនេះឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានជម្រាបជូនលោកស្រីឯកអគ្គរដ្ឋទូត អំពីបេសកកម្ម របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មានដូចជា៖ ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋទូទាំងប្រទេសដែលផ្ដល់នូវសុវត្ថិភាពដីធ្លីជូនម្ចាស់កម្មសិទ្ធិ ការកៀរគរវិនិយោគទុនក្នុងវិស័យដីធ្លី ការបង្កើនចំណូលពន្ធរដ្ឋ និងការកាត់បន្ថយឈានទៅដល់ការបញ្ចប់បញ្ហាវិវាទដីធ្លីទូទាំងប្រទេស ការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លី នៅតាមបណ្ដារាជធានី-ខេត្ត ឱ្យបានឆាប់រហ័ស ការគ្រប់គ្រងវិស័យសំណង់ និងការថែរក្សាតំបន់ឆ្នេរជាដើម។
ជាមួយនេះឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការខូចខាត និងផលប៉ះពាល់ផ្សេងៗ ដែលបង្កឡើងដោយសារគ្រោះទឹកជំនន់មួយរយៈពេលកន្លងមកថ្មីៗនេះ ដែលក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះទឹកជំនន់បានទាន់ពេលវេលានោះ មកទល់ពេលនេះស្ថានភាពគ្រោះទឹកជំនន់ក៏បានធូរស្រាលឡើងវិញហើយ។ លោកបានយល់ស្របថាកន្លងមកតាំងពីឆ្នាំ១៩៧៩ កម្ពុជាក៏តែងតែបានជួបនូវផលលំបាកជាច្រើន ក៏ប៉ុន្តែកម្ពុជាក៏ទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាលប្រទេសគុយបា ដោយបានផ្ដល់នូវជំនួយផ្សេងៗ ជាពិសេសទាក់ទងនឹងវិស័យសុខាភិបាល។
ទន្ទឹមនេះលោកស្រី Liurka Rodriguez Barrios បានបង្ហាញអំពីការចូលរួមរំលែកទុក្ខពីប្រជាជន និងរដ្ឋាភិបាលគុយបា ចំពោះប្រជាពលរដ្ឋកម្ពុជាទាំង ៤៤នាក់ ដែលបានបាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់នេះផងដែរ ហើយលោកស្រីជឿជាក់ថាស្ថានភាពគ្រោះទឹកជំនន់នាពេលនេះបានធូរស្បើយហើយសង្ឃឹមថាកម្ពុជា នៅតែបន្តការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើនទៅមុខបានដោយរលូនជាបន្តបន្ទាប់ទៀត ជាពិសេសលោកស្រីក៏បានកោតសរសើរដល់កម្ពុជា ថាជាប្រទេសគំរូមួយ ដែលទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងរាតត្បាតកូវីដ-១៩ ដែលកំពុងរីករាលដាលនៅតាមបណ្ដាប្រទេសនៅពាសពេញពិភពលោកផងដែរ។
លោកស្រី បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ម្យ៉ាងទៀតឆ្នាំ២០២០ នេះជាឆ្នាំនៃខួបគម្រប់ ៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងគុយបា ដូច្នេះហើយភាគីគុយបា នឹងរៀបចំកម្មវិធីជាច្រើនទាក់ទិននឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងគុយបា ដោយក្នុងនោះស្ថានទូតគុយបា កំពុងតែខិតខំរិះរកមធ្យោបាយ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជាហើយនឹងស្វះស្វែងជួបជាមួយបណ្ដាក្រសួងស្ថាប័ននានា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការបន្ថែមទៀត ពីព្រោះកន្លងមកគុយបាធ្លាប់មានកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យសុខាភិបាល អប់រំ កីឡា វប្បធម៌ និងកសិកម្ម ប៉ុន្តែ សង្ឃឹមថានឹងមានវិស័យផ្សេងៗទៀត ដែលស្ថានទូតគុយបា អាចធ្វើសហប្រតិបត្តិការជាមួយកម្ពុជាបាន»។
ជាការឆ្លើយតប ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានថ្លែងអំណរគុណដល់ប្រទេសគុយបា ដែលបានផ្ដល់នូវសច្ចភាពនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលកម្ពុជា ទទួលបានជោគជ័យជាពិសេស គឺជោគជ័យលើផ្នែកសេដ្ឋកិច្ចផងដែរ។
ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ថ្វីដ្បិតតែក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មិនធ្លាប់មានកិច្ចសហប្រតិបត្តិការជាមួយប្រទេសគុយបា កន្លងមកនោះក៏ពិតមែន ប៉ុន្តែ ក្នុងឱកាសនេះក្រសួងក៏នឹងខិតខំរិះរកមធ្យោបាយ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយនិងស្ថានទូតគុយបា ផងដែរ៕