(បាត់ដំបង)៖ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះសង្ឃរាជ នៃគណៈធម្មយុត្តិនិកាយ នៃព្រះរាជា
ណាចក្រកម្ពុជា បានយាងប្រទានអំណោយដល់ពលរដ្ឋ៣០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់មកពីស្រុកគាស់ក្រឡ និងស្រុកសង្កែ ក្នុងបរិវេណវត្តធម្មសំវឌ្ឍនារាម ភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង អមដំណើរដោយមន្រ្តីសង្ឃគ្រប់ជាន់ថ្នាក់ និងមានការចូលរួមពីលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរ អង្គភាពនានាជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំង២ស្រុកផងដែរ។
លោក ងួន រតនៈ បានថ្វាយរបាយណ៍សង្ខេបប្រគេនសម្តេចសង្ឃពីផលប៉ះពាល់ទឹកជំនន់ដល់ពលរដ្ឋក្នុងខេត្តបាត់ដំបងកន្លងមក គិតមកដល់ពេលនេះ ទឹកជំនន់បានរងផលប៉ះពាល់ចំនួនជាង៧ម៉ឺន គ្រួសារ ផលប៉ះពាល់ដំណាំស្រូវសរុប ១២៦,៩៩៨ហិកតា ផលប៉ះពាល់ដំណាំសាកវប្បកម្ម និងដំណាំឧស្សហកម្មសរុប៦២,៧៦៩ ហិកតា ក្នុងស្រុកចំនួន១១ និងខូចខាតដោយសារទឹក ជំនន់សរុប៤៣,១២៤ ហិតតា នៅស្រុកចំនួន១១ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួនទៀតផង។
អំណោយដែលត្រូវបានចែកជូននាពេលនេះរួមមាន៖ អង្ករ មីមួយកេស ទឹកត្រី ទឹកស៊ីអីវ សាប៊ូសម្អាត និងសៀវភៅព្រះធម៌ ព្រមទាំងថវិកាមួយចំនួន ដើម្បីចែកជូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារទឹកជំនន់ចំនួន៣០០គ្រួសារ យកទៅប្រើប្រាស់ដោះទ័លជាបណ្ដោះអាសន្ន។
សម្ដេចសង្ឃរាជ បួរ គ្រី មានព្រះរាជបន្ទូលថា ប្រជាពលរដ្ឋកម្ពុជារក្សាឲ្យបាននូវសុខសន្ដិភាព ព្រោះបើគ្មានសន្ដិភាពទេ សាសនានានាក៏ពុំអាចកើតមានឡើងដែរ។
សម្ដេចបានមានព្រះរាជបន្ទូលទៀតថា ទន្ទឹមនឹងការរងគ្រោះដោយសារទឹកជំនន់នេះ សូមប្រជាពលរដ្ឋកុំភ្លេចខ្លួនអំពីបញ្ហានូវការរាលដាលនៃជម្ងឺកូវីដ-១៩ ដែលពិភពលោកកំពុងជួបប្រទះ ដោយត្រូវរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន ទើបយើងអាចយកឈ្នះមិនថា ជម្ងឺកូវីដ-១៩ ឬក៏ជម្ងឺផ្សេងៗដែលព្យាយាមតាមយាយីយើងបានឡើយ ៕