(ពោធិ៍សាត់)៖ អំណោយរបស់លោក ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ត្រូវបានចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៣០០គ្រួសារ នៅខេត្តពោធិ៍សាត់។
ពិធីនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅភូមិពាលញែក២ សង្កាត់ ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ក្រោមអធិបតីភាពលោក ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាសមាជិកអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ាណែត និងលោក អ៉ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តពោធិសាត់ ព្រមទាំងថ្នាក់ដឹកនាំជាច្រើននាក់ទៀត។
ក្នុងឱកាសនោះលោក ជ្រុន ថេរ៉ាវ៉ាត ក៏បានផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខដល់ប្រជាពលរដ្ឋពីសំណាក់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ្រ ច័ន្ទមុន្នី ដោបានផ្ដល់ជាអំណោយមកចែកជូនប្រជាពលរដ្ឋនៅពេលេនះ។
ជាមួយគ្នានេះលោក ជ្រុន ថេរ៉ាវ៉ាត ក៏បានចូលរួមសំដែងនូវការសោកស្តាយជាមួយប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយជំនន់ទឹកភ្លៀង និងធ្វើឲ្យខូចខាតផ្ទះសម្បែង និងដំណាំរួមផ្សំមួយចំនួនទៀត។ លោកបន្តថា បន្ទាប់ពីមានបញ្ហាជំនន់ទឹកភ្លៀងភ្លាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ហ៊ុន ម៉ាណែត បានណែនាំឲ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ រួមទាំងក្រុមការងារយុវជនរបស់គណបក្សប្រជាជនកម្ពុជា ចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ដាច់បាយដោយអាជ្ញាធរមិនបានដឹងនោះឡើយ។ ជាក់ស្តែងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នាំយកអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ាណែត និងភរិយា ត្រូវបានយកមកចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៣០០គ្រួសារនៅខេត្តពោធិ៍សាត់នេះ។
លោក ជ្រុន ថេរ៉ាវ៉ាត បានសំដែងនូវការអរគុណលោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្តជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា។ លោក ជ្រុន ថេរ៉ាវ៉ាត ក៏បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ពីសុខភាព ដោយត្រូវហូបទឹកស្អាត និងបង្កើនអនាម័យជាប់ជាប្រចាំ ដើម្បីការពារកុំឲ្យមានជំងឺរាគរុះ និងទប់ស្កាត់កុំឲ្យមានជម្ងឺកូវីដ១៩ ឆ្លងក្នុងសហគមន៍ឲ្យសោះ។ ជាពិសេសរក្សាឲ្យបាននូវវិធានការចត្តាឡីស័ករបស់ក្រសួងសុខាភិបាល។
លោក ថេរ៉ាវ៉ាត ក៏បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋ ពីនេះតទៅត្រូវយកចិត្តទុកដាក់ក្នុងការបង្កបង្កើនផលឡើងវិញ ដោយត្រូវរក្សាទឹកទុកនៅក្នុងស្រែឲ្យបានច្រើន។
លោក ជ្រុន ថេរ៉ាវ៉ាត ក៏បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា ប្រទេសកម្ពុជាពិតជាមានសំណាង ដែលមានមេដឹកនាំដ៏ឈ្លាសវៃ គឺសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជានិច្ចកាលលោកទាំងទ្វេ តែងតែយកចិត្តទុកដាក់គិតគូរជាប់ជាប្រចាំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។
លោក ជ្រុន ថេរ៉ាវ៉ាត បានសង្កត់យ៉ាងដូច្នេះ «ពិតណាស់ទីណាប្រជាពលរដ្ឋជួបការលំបាក ទីនោះតែងតែមានវត្តមាន សម្តេច ទាំងពីរ និងលោក ហ៊ុន ម៉ាណែត។ សម្តេចទាំងពីរ មិនដែលរត់ចោលប្រជាពលរដ្ឋម្តងណាឡើយ មិនដូចអ្នកខ្លះតាំងខ្លួនឯងជាអ្នកស្រលាញ់ប្រជាពលរដ្ឋ តែពេលប្រជាពលរដ្ឋរងគ្រោះ មិនដែលឃើញមុខពួកគេឡើយ»។
ក្នុងឱកាសនោះ លោក ជ្រុន ថេរ៉ាវ៉ាត បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋចងចាំទុកថា មានតែសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋទៅថ្ងៃអនាគត់។ មានសម្តេចតេជោ ប្រទេសជាតិមានសុខសន្តិភាព ប្រទេសជាតិមានការរីកចម្រើន និងប្រជាជនកាន់តែមានជីវភាពធូរធារ៕