(បន្ទាយមានជ័យ)៖ បើតាមរបាយការណ៍បឋមរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បានវាយតម្លៃឃើញថា គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ ផ្ទៃដីដំណាំស្រូវប៉ះពាល់ដោយទឹកជំនន់មានចំនួន ៧១ ៤៨៩ហិកតា ដែលមានទាំងស្រូវស្រាល ស្រូវដើមរដូវ ស្រូវកណ្តាល ស្រូវឡើងទឹក និងស្រូវធ្ងន់ ក្នុងនោះផ្ទៃដីខូចខាតមានចំនួន ១៥ ៧០៨ហិកតា។
ក្រៅពីដំណាំស្រូវ នៅមានដំណាំកសិ-ឧស្សាហកម្ម (ដំឡូងមី និងពោត ក្រហម) និងដំណាំបន្លែ សរុបផ្ទៃដីប៉ះពាល់មានចំនួន ១២៥៥៧ហិកតា ក្នុងនោះផ្ទៃដីខូចខាតមានចំនួន ១០៤៤ហិកតា។
នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញមកជួបសំណេះសំណាល និងបាននាំយកពូជស្រូវ ចំនួន២៩ ៨០០គីឡូក្រាម មកចែកជូនកសិករដែលរងគ្រោះចំនួន ២៩៨គ្រួសារ (១០០គ.ក្រ/គ្រួសារ) ដែលពិធីនេះបានរៀបចំនៅក្នុងបរិវេណវត្តចារ ភូមិរហាត់ទឹក ឃុំរហាត់ទឹក ស្រុកមង្គលបុរី។
លោករដ្ឋមន្ត្រី ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសម្តែងនូវអារម្មណ៍សោកស្តាយ និងចូលរួមរំលែកទុក្ខជា មួយបងប្អូនជនរងគ្រោះ ដោយសារគ្រោះធម្មជាតិនៅទូទាំងប្រទេស និងជាពិសេសបងប្អូន នៅទូទាំងខេត្តបន្ទាយមានជ័យ ហើយសម្តេចតេជោក៏បានជូនពរ ឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារ ឲ្យឆ្លងផុតពីគ្រោះមហន្តរាយនេះ និងបានលើកទឹកចិត្ត ជំរុញឲ្យកសិករយើងត្រូវជំនះគ្រប់ឧបសគ្គតស៊ូ ព្យាយាមដើម្បីស្តារផលិតកម្មដំណាំស្រូវ និងដំណាំរួមផ្សំឡើងវិញបន្ទាប់ពីទឹកស្រកចុះ។
ហេតុនេះហើយ លោករដ្ឋមន្ត្រី និងអាជ្ញាធរអភិបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងសហការី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោជាពូជស្រូវ និងថវិកា ២០០០០រៀល/គ្រួសារ មកចែកជូនបងប្អូនប្រជាកសិករ ដើម្បីជួយសម្រាលនូវបញ្ហាជីវភាព និងស្តារផលិតកម្មស្បៀងឡើងវិញ។
ក្នុងនាមក្រសួងផលិតស្បៀង នៅពេលនេះផលិតកម្មស្បៀងមួយចំនួន ត្រូវបានទទួលនូវផលប៉ះពាល់ និងមួយចំនួនទៀតខូចខាត។ ហេតុនេះ លោករដ្ឋមន្ត្រី ក្នុងនាមថ្នាក់ដឹកនាំក្រសួង បានលើកទឹកចិត្ត គាំទ្រ និងជំរុញឲ្យប្រជាពលរដ្ឋចាប់ផ្តើមស្តារផលដំណាំឡើងវិញ តាមគ្រប់រូបភាព ជាពិសេសដំណាំស្រូវទៅតាមលទ្ធភាព ដោយមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានដំណាំស្រូវ នាយកដ្ឋានសាកវប្បកម្ម ជួយសហការ និងត្រូវបន្តចុះមកវាយតម្លៃលើផលប៉ះពាល់ និងជំរុញផលិតកម្មស្បៀងឡើងវិញបន្ទាប់ពីទឹកស្រកចុះ។
ដោយឡែកចំពោះខេត្ត ឬតំបន់ដែលមិនប៉ះពាល់ លោករដ្ឋមន្ត្រីបានណែនាំឲ្យមន្ទីរ សហការជាមួយម្ចាស់ស្រែត្រូវចុះមើលថែដំណាំ និងការពារទឹកទុក ក្រែងជួបបញ្ហាខ្វះទឹកនៅចុងរដូវ។ ត្រូវជំរុញឲ្យកសិករដាំដំណាំរួមផ្សំ ចិញ្ចឹមមាន់ ត្រី និងកង្កែបដើម្បីធានាសន្តិសុខស្បៀងនាពេលអនាគត។
នៅរសៀលថ្ងៃដដែលនេះ លោករដ្ឋមន្ត្រី និងសហការី បានបន្តអញ្ជើញមកជួបសំណេះសំណាល ជាមួយសមាជិកបណ្តុំអាជីវកម្មបន្លែចំនួន ៨បណ្តុំ ដែលបណ្តុំអាជីវកម្មទាំងនោះ គឺស្ថិតនៅក្រោមកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE និងនាំយកធាតុចូលកសិកម្ម (ពូជបន្លែ ជី ស្បៃមុងការពារសត្វល្អិត ថាសបណ្តុះកូនបន្លែ ទុយោទឹក សំណាញ់ទ្រើង) មកចែកជូនសមាជិកបណ្តុំចំនួន ៣០០គ្រួសារ ដែលពិធីនេះបានរៀបចំនៅក្នុងភូមិភ្នំប្រាសាទ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី។
លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថាដោយ សារឥទ្ធិពលនៃទឹកជំនន់ បានជន់លិចរាលដាលប៉ះពាល់ ដល់បណ្តុំអាជីវកម្មមានបន្លែ មាន់ ត្រី ស្រូវ ដំឡូងមី និងពោតសរុប ៥៥បណ្តុំ ស្នើ១ ៨៨០គ្រួសារ ក្នុងចំណោម ៦៦បណ្តុំ មានសមាជិក២៣២៧គ្រួសារនៅទូទាំងខេត្ត ក្នុងនោះប៉ះពាល់ធ្ងន់ធ្ងរ ៩៧៥គ្រួសារ មធ្យម ៥១៩គ្រួសារ និងស្រាល ១៥០ គ្រួសារ)។
ចំពោះបញ្ហានេះ មន្ទីរក៏ដូចជាក្រុមការងារ ASPIRE បានខិតខំយកចិត្តទុកដាក់ជំរុញ ឲ្យសមាជិកបណ្តុំខិតខំស្តារផលិតកម្មទាំងអស់នោះឡើងវិញ បន្ទាប់ពីទឹកស្រកចុះ។
ទាក់ទងនឹងកម្មវិធីខាងលើ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណ ជូនចំពោះរាជរដ្ឋាភិបាល តាមរយ:ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមូលនិធិ IFAD ដែលបានគាំទ្រ និងឧបត្ថម្ភហិរញ្ញប្បទាន សម្រាប់អនុវត្តកម្មវិធីនេះ។
លោកបានបន្តថា កម្មវិធីបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកផលិតកម្មស្បៀង ស្របពេលដែលវិស័យមួយចំនួនកំពុងជួបបញ្ហាដោយសារជំងឺឆ្លងកូវីដ-១៩។ ជំនួយសម្រាប់អភិវឌ្ឍវិស័យកសិកម្ម ដោយផ្តោតជាសំខាន់លើការលើកកំពស់ កម្រិតជីវភាពតាម រយៈការបង្កើនផលិតភាពផលិតកម្ម ការជំរុញការអនុវត្តកសិកម្មចម្រុះ ដោយប្រើប្រាស់បច្ចេកទេសទំនើប វៃឆ្លាត ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍសមត្ថភាព ការចងក្រងបណ្តុំអាជីវកម្ម ដោយឈរលើសុឆន្ទៈធ្វើយ៉ាងណាសម្រេច ឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នាឆ្នាំ២០៣០ និង២០៥០។
លោកបានបន្ថែមថា បច្ចុប្បន្នកម្មវិធីនេះ គឺមានឥទ្ធិពលជាវិជ្ជមានក្នុងការកាត់បន្ថយភាពក្រីក្រ និងបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ របស់កសិករក្រីក្រ មានទំហំផលិតកម្មតូច និងងាយរងគ្រោះ ដោយផ្តោតជាសំខាន់លើការលើកកំពស់ ប្រសិទ្ធភាពសេវាកម្មធាតុចូលកសិកម្ម ឆ្លើយតបតាមតម្រូវការកសិករខ្នាតតូច និងជួយពួកគាត់ឲ្យចេះធ្វើអាជីវកម្មកសិកម្ម ពីបែបចិញ្ចឹមជីវិត ទៅជាកសិកម្មតាមបែបពាណិជ្ជកម្មឈរ លើគោលការណ៍នៃការអភិវឌ្ឍប្រកប ដោយចីរភាព និងនិរន្តរភាព។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា អំណោយធាតុចូលកសិកម្មនាពេលនេះ ពិតណាស់បានចូលរួមអនុវត្តយ៉ាងពេញលេញ នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន កាល ពីថ្ងៃទី២៤ ខែតុលា គឺបញ្ជាឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវចុះមកស្តារផលិតកម្មស្បៀង ពិសេសដំណាំស្រូវក្រោយពេលទឹកស្រក។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការចែកជូននេះ វាគ្រាន់តែជាអំណោយបឋមសម្រាប់ស្តារ ផលិតកម្មស្បៀងឡើងវិញប៉ុណ្ណោះ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺលោករដ្ឋមន្ត្រី ជាពិសេសសម្តេចតេជោបានផ្ញើជូននូវក្តីសង្ឃឹម លើក ទឹកចិត្ត និងជំរុញឲ្យប្រជាកសិករត្រូវខិតខំពង្រីកសកម្មភាពស្តារដំណាំស្រូវ ចិញ្ចឹមសត្វ ត្រី កង្កែប ដាំបន្លែ និងដំ ណាំរួមផ្សំឲ្យកាន់តែសកម្មទ្វេឡើងថែមទៀត ដើម្បីសមាជិកបណ្តុំគ្រប់ៗគ្រួសារមានស្បៀងហូបចុកគ្រប់គ្រាន់ ក្នុងបរិបទនៃគ្រោះធម្មជាតិ ដែលយើងកំពុងប្រឈម ហើយពិតណាស់រាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការនឹងនៅរង់ចាំផ្តល់ការជួយឧបត្ថម្ភ និងគាំទ្រគ្រប់ពេលវេលា ដោយមិនអនុញ្ញាតឲ្យប្រជាកសិករយើងណាម្នាក់ស្លាប់ ដោយសារខ្វះស្បៀងបានឡើយ។
លោកបានណែនាំឲ្យអង្គភាពអនុវត្តកម្មវិធី និងអ្នកទទួលផលពីគម្រោងត្រូវធ្វើបច្ចុប្បន្នភាព អំពីសកម្មភាពថ្មីៗបន្ថែមទៀត ធ្វើយ៉ាងណាឲ្យស្របទៅនឹងស្ថានការណ៍បច្ចុប្បន្ន (ជំងឺឆ្លងកូវីដ-១៩ និងគ្រោះទឹកជំនន់) ដើម្បីក្រសោបយកឱកាសមាស ចាប់យកកាលានុវត្តភាព បង្កើនការផលិត ធានាដល់ការផ្គត់ផ្គង់ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត ធ្វើយ៉ាងណាកាត់បន្ថយថ្លៃដើម កាត់បន្ថយពលកម្ម ប្រើប្រាស់បច្ចេកវិទ្យាសមស្រប៕