(ភ្នំពេញ)៖ ព្រះញ្ញាណឧត្តម គង់ សារី ព្រះវិន័យធម៌អនុគណខណ្ឌសែនសុខ និងជាព្រះចៅអធិការវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ បានប្រគេនទេយ្យទាន ដល់គណៈកម្មការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ នូវអង្ករ១តោន មី៥០កេស សម្ភារសម្រាប់ផ្ទះបាយ និងបច្ច័យចំនួន៤លានរៀល និងចែកអំណោយដល់ព្រះសង្ឃ យាយជី លោកអាចារ្យ តំណាងសង្កាត់ទឹកថ្លា នាយកសាលាបឋមសិក្សាសន្តិភាព ប្រធានភូមិចុងថ្នល់ខាងលិច ជាងកំពុងសាងសង់ក្នុងវត្ត និងជាងទូកកងផងដែរ។
ថ្លែងអំណរព្រះគុណទៅកាន់ព្រះគ្រូចៅអធិការវត្ត លោក សក់ កញ្ញារិទ្ធ ប្រធានកិត្តិយយសអនុសាខា និងជាតំណាងលោក ម៉ូវ ម៉ានិត បានថ្លែងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យមានការអភិវឌ្ឍន៍ជារាងរាល់ថ្ងៃ ប្រជាពលរដ្ឋមានជីវភាពធូរធារប្រសើឡើងជាងមុន ជាពិសេសសមិទ្ធិផលតាមវត្តអារាមនាំឱ្យពុទ្ធសាសនិកមានសទ្ធារជ្រះថ្លាចូលរួមធ្វើបុណ្យលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យថ្កុំថ្កើងរីកចំរើនជាទីគោរពបូជា។
ក្រោយពីព្រះសង្ឃទទួលបានទេយ្យទានច្រើន ព្រះសង្ឃមិនភ្លេចអាជ្ញាធរទេ ក៏ចែករំលែកទានទាំងនោះមកឱ្យអាជ្ញាធរវិញ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋក្រីក្រខ្វះខាត ដែលធ្វើឱ្យម្ចាស់ទានបានបុណ្យទ្វេដង៕