(បន្ទាយមានជ័យ)៖ ជនជាតិថៃចំនួន២នាក់ បានស្លាប់ភ្លាមៗពេលបើកត្រាក់ទ័រមកច្រូតស្មៅ នៅក្បែរចំណុចបង្គោលសីមាលេខ៤៣ បានជាន់មីនតោនបណ្តាលឲ្យផ្ទុះខ្ទេចត្រាក់ទ័រអស់។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។
លោកវរសេនីយ៍ឯក សូ សុវណ្ណារី មេបញ្ជាការវរសេនាតូចការពារព្រំដែនលេខ៩១១ បានប្រាប់ឲ្យដឹងថា ត្រង់ព្រំដែនត្រង់ចំណុចបង្គោលសីមា លេខ៤៣ ដែលនៅក្នុងទឹដីថៃ ក្នុងភូមិសាស្ត្រ ភូមិននស៊ូង ឃុំគោកធ្យូង ស្រុកគោកធ្យូង ខេត្តស្រះកែវ ទល់នឹងភូមិសាស្ត្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ប្រទះឃើញ ត្រាក់ទ័រ១គ្រឿង បានជាន់មីនតោនបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន ២នាក់ និងខូចត្រាក់ទ័រទាំងស្រុង។
លោកមេបញ្ជាការបានឲ្យដឹងបន្តទៀតថា សពរងគ្រោះមាន ឈ្មោះខៀវ ព្រំម៉ា ភេទប្រុសអាយុ៧០ឆ្នាំ ជាឪពុកនិងកូនប្រុសឈ្មោះ ខៀវ ភុងសាក់ អាយុ៣៧ឆ្នាំ ទាំង២នាក់ រស់នៅភូមិននស៊ូង ឃុំគោកធ្យូង ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ។
បើតាមការឲ្យដឹងពីសាច់ញា តិមុនពេលកើតហេតុ បានឲ្យដឹងថា ពួកគាត់បើកត្រាក់ទ័រ២នាក់ឪពុក និងកូន មកច្រូតស្មៅនៅចំណុចបង្គោលសីមាលេខ៤៣ ក៏ជាន់មីនតោនផ្ទះតែម្តង។ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចថៃកងអនុសេនាធំលេខ១២៤ និងក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅផ្ទះសព៕