(បន្ទាយមានជ័យ)៖ អភិបាលរងខេត្តបន្ទាយមានជ័យ លោក លី សារី និងស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានដឹកនាំកម្លាំងនគរបាលជាច្រើននាក់ចុះល្បាត និងធ្វើការត្រួតពិនិត្យ កងកម្លាំងនៅតាមគោលដៅទាំង១១ ស្ថិតនៅក្រុងសិរីសោភ័ណ ដើម្បីពង្រឹងបញ្ហាសន្តិសុខ ក៏ដូចជា ជួយទប់ស្កាត់ និងបង្ក្រាបបទ ល្មើសដែលអាច កើតមានឡើងតាមមូលដ្ឋាន។

ជាមួយគ្នានេះ លោក លី សារី ក៏បាននាំយកទឹកបរិសុទ្ធ ទឹកក្រូច នំប៉័ងដាក់សាច់ និងមីជាដើម ប្រគល់ជូនដល់កងកម្លាំងដែលកំពុងឈរយាមល្បាត នៅតាមគោលដៅនីមួយៗនោះ ព្រមទាំងចែកជូនថវិកាម្នាក់ៗ ២០០០០រៀលផងដែរ។ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា កម្លាំងនៅតាមគោលដៅខ្លះ ឈរយាមល្បាត រហូតទល់ភ្លឺ ដូចជាព្រំប្រទល់សង្កាត់ និងឃុំរបស់ស្រុកមង្គលបូរី។

នៅចំពោះមុខកងកម្លាំង នគរបាលរបស់ខ្លួន លោកឧត្តមសេនីយ៍ស្នងការ បានជំរុញត្រូវ ខិតខំដោយមានការទទួលខុសត្រូវ ហើយត្រូវជួយអន្តរាគមន៍ភ្លាមៗនៅពេល មានបទល្មើសអ្វីមួយកើតឡើង និងត្រូវក្តោបឲ្យបានមុខសញ្ញាផ្សេងៗ ដែលអាចធ្វើ សកម្មភាពអ្វីមួយ។

យុទ្ធនាការចុះល្បាត និងយាមប្រចាំការ នៅតាមគោលដៅ ខាងលើនេះ បានធ្វើឲ្យបញ្ហាសន្តិសុខ នៅខេត្តបន្ទាយមានជ័យ មានភាពប្រសើរឡើង យ៉ាងខ្លាំង ពោលបទល្មើសមានការថយចុះ គួរឲ្យកត់សម្គាល់។

ដោយឡែក នៅយប់ថ្ងៃដដែលនោះ នៅពេលដែល លោកឧត្តមសេនីយ៍ស្នងការត្រូវបានអញ្ជើញឲ្យទៅសម្ពោធហាងមួយ នាក្រុងសីរិសោភ័ណនោះ ស្រាប់តែជួបប្រទះគ្រោះថ្នាក់ចរាចរណ៍មួយ ដែលយុវជនម្នាក់បានបើកម៉ូតូដួលខ្លួនឯងបណ្តាលឲ្យរងរបួសធ្ងន់ ពេលនោះលោកស្នងការជួយអន្តរាគមន៍ផ្ទាល់ និងបានចាត់ឲ្យកម្លាំងទាក់ទង រថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះ យកទៅកាន់មន្ទីរពេទ្យដើម្បីជួយអាយុជីវិត។

ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ស្នងការ បានដឹកនាំកម្លាំងនគរបាល​ចុះបាញ់ទឹកលាងសំអាតប៉ម នៅទីរួមខេត្តដើម្បីលើកកម្ពស់សោសភ័ណភាព និងអនាម័យជូនដល់ប្រជាពលរដ្ឋទូទៅ៕