(ភ្នំពេញ)៖ អនុវត្តគោលដៅជាយុទ្ធសាស្ត្រសំខាន់២ របស់សាកលវិទ្យាល័យការពារជាតិ ដែលជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យការពារជាតិ និងជាមជ្ឈមណ្ឌលតម្រង់ទិស គោលជំហរទស្សនៈនយោបាយការពារជាតិ ចំទិសស្របតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី «កងទ័ពជាខឿនការពារជាតិរបស់ប្រជាជន»។
នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា ទីប្រឹក្សាផ្ទាល់សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបន្ទុកជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានអញ្ជើញឧទ្ទេសនាមឯកសារប្រវត្តិសាស្ត្រ ស្តីពីដំណើរឆ្ពោះទៅផ្តួលរំលំរបប ប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ និងនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដល់យោធាចារ្យ និស្សិត និងសិក្ខាកាម៧៥០នាក់ នៅសាកលវិទ្យាល័យការពារជាតិ។
ផ្តើមពីសម្លេងយ៉ាងស្រុះគ្នាថា អរគុណសន្តិភាព! អរគុណនយោបាយ ឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិកមគ្គុទេសក៏ និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ, នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ សាកលវិទ្យាធិការ បានគោរពថ្លែងអំណរគុណចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាស្ថាបនិកមគ្គុទេសក៏ឯក នៃនយោបាយឈ្នះឈ្នះ នាំមកនូវសុខសន្តិភាព ពេញលេញលើផ្ទៃប្រទេស បង្កជាមូលដ្ឋានគ្រឹះដល់ការអភិវឌ្ឍលើគ្រប់វិស័យ។ អរគុណសម្តេចពិជ័យសេនា ទៀ បាញ់ និងប្រតិបត្តិករទាំងអស់នៃនយោបាយ ឈ្នះឈ្នះ។
នាយឧត្តមសេនីយ៍ ជា តារា បានលើកឡើងអំពីសង្គ្រាមផ្ទៃក្នុង រ៉ាំរ៉ៃបង្កវិនាសកម្ម ឈឺចាប់ខ្លោចផ្សារក្នុងសង្គម កម្ពុជាជាងបីទសវត្សចាប់ផ្តើម ក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដោយរបប លន់ នល់ និងការដឹកនាំរបស់បន ប៉ុល ពត កាប់សម្លាប់ប្រល័យពូជសាសន៍ជាតិឯង យ៉ាងឃោរឃៅ ព្រៃផ្សៃជាទីបំផុត ទើបពីទីតាំងកោះថ្ម នារាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ បានក្លាយជាទិវាមួយដ៏សំខាន់ នៃរបត់ប្រវត្តិសាស្រ្តប្រទេសកម្ពុជា ជាពេលវេលាដែលសមមិត្ត ហ៊ុន សែន បានចាប់ផ្តើមដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ទីនោះពោរពេញទៅដោយគ្រោះថ្នាក់ជាទីបំផុត ដែលសម្តេចតេជោ ហ៊ុន សែន បានយកជីវិតទៅធ្វើជាដើមទុន ដើម្បីដឹកនាំកម្លាំងស្នេហាជាតិ និងសុំកម្លាំងជំនួយ ពីមិត្តដើម្បីរំដោះប្រជាជនកម្ពុជា រហូតទទួលបានជ័យជម្នះ នៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩។ ជាបន្តបន្ទាប់សម្តេចតេជោ បានដឹកនាំការពារ និងកសាងមាតុភូមិកម្ពុជា ពីគំនរផេះផង់ ទៅរកការអភិវឌ្ឍ និងដៃម្ខាងទៀត ដឹកនាំប្រយុទ្ធទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍។ ចាប់តាំងពីសម្តេចទទួល ភារកិច្ចជានាយករដ្ឋមន្ត្រី នាឆ្នាំ១៩៨៥ សម្តេចតេជោ មានចក្ខុវិស័យស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិ។
នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ បានរំលឹកឡើងវិញពីការអន្តរាគមន៍របស់កងកម្លាំង អង្គការសហប្រជាជាតិ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ បានរំលឹកឡើងវិញពីការអន្តរាគមន៍របស់កងកម្លាំង អង្គការសហប្រជាជាតិ ក្រោយកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស២៣ តុលា ឆ្នាំ១៩៩១ រហូតដល់ឆ្នាំ១៩៩៣ ទើបមានការបោះឆ្នោត តែពុំមានសន្តិភាពទេ សង្គ្រាមនៅតែបន្តបង្កដោយក្រុមខ្មែរក្រហម ដែលបន្តធ្វើសកម្មភាពតស៊ូ នៅតាមទល់ដែនបង្កការអុកឡុកវាយប្រហារ លើភូមិឋានប្រជាពលរដ្ឋជារឿយៗ និងបង្កការរំខានជាខ្លាំង ដល់ការអភិវឌ្ឍប្រទេសជាតិរួមទាំងការរស់នៅ និងការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ។
ប៉ុន្តែក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោនេះហើយ ដែលបានបញ្ចប់ទាំងស្រុងនូវសង្គ្រាមរវាងខ្មែរ និងខ្មែរបានជាស្ថាពរ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ធ្វើឲ្យប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ រហូតដល់បច្ចុប្បន្ននេះប្រជាពលរដ្ឋរស់នៅ ក្នុងភាពសប្បាយរីករាយ ជីវភាពគ្រួសារកាន់តែរីកចម្រើនឥតឈប់ឈរ។
ចំណុចទាំងនេះហើយដែលយើងពេញចិត្ត និងពាក្យ «អរគុណសន្តិភាព» «អរគុណនយោបាយ ឈ្នះ ឈ្នះ» «ដឹងគុណស្ថាបនិកមគ្គុទេសក៏ឯក និងប្រតិបត្តិករនយោបាយ ឈ្នះឈ្នះ» ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិ ពេញលេញ គឺសម្តេចតេជោ ហ៊ុន សែន បាននាំសន្តិភាព ជាឱកាសមាសដល់យើងទាំងអស់គ្នា បានមកបណ្តុះបណ្តាល និងហ្វឹកហ្វឺនបង្កើនសមត្ថភាពនៅទីនេះ ដើម្បីបន្តពង្រឹង និងលើកកម្ពស់កិច្ចការពារ បូរណភាពទឹកដីឲ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសការពារសន្តិភាព និងថែរក្សាឲ្យបានស្ថិរភាពនយោបាយ ដែលជាគ្រឹះ នៃការអភិវឌ្ឍសង្គម។
នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ សាកលវិទ្យាធិការ បានលើកឡើងអំពីគោលដៅសំខាន់២ របស់សាកលវិទ្យាល័យការពារជាតិ គឺជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យការពារជាតិ និងជាមជ្ឈមណ្ឌលតម្រង់ទិស គោលជំហរទស្សនៈនយោបាយការពារជាតិ ចំទិស ស្របតាមប្រសាសន៍ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី «កងទ័ពជាខឿនការពារជាតិរបស់ ប្រជាជន»។
មានន័យថា និស្សិត និងសិក្ខាកាមមកសិក្សានៅទីនេះ ត្រូវស្មោះត្រង់ដាច់ខាត ត្រូវយល់ច្បាស់អំពីគុណតម្លៃ នៃសន្តិភាព ការពារសន្តិភាពឲ្យបានទោះក្នុងតម្លៃណាក៏ដោយ។ ជាមួយនេះ ត្រូវប្រឆាំងដាច់ខាតបដិវត្តន៍ពណ៌ ហើយប្តូរផ្តាច់ការពារសន្តិភាព និងរក្សាស្ថិរភាពនយោបាយ និងគាំទ្រការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា៕