(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ដ បានទទួលអំណោយជាថវិកាចំនួន ៤,១១៦ដុល្លារ និងអង្ករចំនួន១០តោន ពីសប្បុរសជនចំនួន២នាក់ ដើម្បីជួយប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់នៅក្នុងខេត្ត។
សប្បុរសជនទាំង២រូប ដែលលោក ម៉ៅ ធនិន ទទួលបានអំណោយរួមមាន៖ លោកស្រីឧកញ៉ា កាំង ហ្គិចណៃ និងក្រុមហ៊ុន ឃេស អ៊ិននើវេសិន ម.ក។
ជាមួយគ្នានោះ លោកអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំង២ ដែលរួមគ្នាជាមួយទឹកចិត្តចូលរួមចែករំលែកធនធានខ្លះ ទោះបីតិចក្តី ឬច្រើនក្តី តាមវប្បធម៌ចែករំលែក ដើម្បីជួយសម្រួលនូវទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ ក្នុងកាលៈទេសៈដ៏លំបាក ដែលកំពុងរងគ្រោះដោយសារទឹកជំនន់នាពេលនេះ។
សូមរម្លឹកថា ក្នុងពេលដែលប្រទេសកម្ពុជាយើង ជួបប្រទះគ្រោះទឹកជំនន់ទឹកភ្លៀង ថ្នាក់ដឹកនាំសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក៏បានចូលរួមវិភាគទានជាថវិកាជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្រាប់ប្រើប្រាស់ជួយដល់ជនរងគ្រោះ ដោយជំនន់ទឹកភ្លៀងនៅទូទាំងប្រទេសផងដែរ៕