(ភ្នំពេញ)៖ អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា បានបញ្ជាឲ្យឲ្យមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះទៅផ្អាកសកម្មភាពព័ទ្ធរបងខុសច្បាប់ ដើម្បីយកច្រាំងទន្លេមេគង្គជាកម្មសិទ្ធិឯកជន នៅក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ លោក ចេង មុនីរ៉ា បានថ្លែងថា កាលពីរសៀលម្សិលមិញ ក្រោយមានព័ត៌មានប្រជាពលរដ្ឋទៅហ៊ុព័ទ្ធរបង ដើម្បីរំលោភយកដីច្រាំង ទន្លេដោយខុសច្បាប់នោះ លោកបានប្រាប់ទៅមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានចុះទៅហាមឃាត់ភ្លាមៗ និងបានព្រមានថានឹងចាត់វិធានការតាមច្បាប់ បើសិននៅបន្តសកម្មភាពបែបនេះទៀត។
លោកអភិបាលខណ្ឌបានបញ្ជាក់ថា «ពេលចុះទៅនោះយើងបានហាមឃាត់ និងឲ្យធ្វើកិច្ចសន្យារុះរើដោយខ្លួនឯង តែបើសិនមិនរុះរើទៀត អាជ្ញាធរនឹងចុះរុះរើតាមច្បាប់ហើយ ដោយសារដីច្រាំងទន្លេ គ្មានបុគ្គលណាអាចរំលោភបំពានបានឡើយ»។
តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា សកម្មភាពព័ទ្ធរបងស័ង្កសីនេះ កើតឡើងនៅភូមិក្បាលជ្រោយ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ នៅលើច្រាំងទន្លេមេគង្គប្រមាណ ២០០ម៉ែត្រ ដែលអ្នកភូមិប្តឹងចោទប្រកាន់ថា បានបំពានយកដោយខុសច្បាប់។
យោងតាមរបាយការណ៍ពីមន្ត្រីសាលាខណ្ឌច្បារអំពៅ បានឲ្យដឹងថា ករណីសាងសង់របងដែកនេះមិនទាន់មានលិខិតអនុញ្ញាតសាងសង់ពីសមត្ថកិច្ចជំនាញនោះទេ។ ដូច្នេះក្រុមការងារសម្រេចឲ្យម្ចាស់របងផ្អាកការសាងសង់ របងជាបណ្តោះអាសន្នសិនរង់ចាំការដោះស្រាយទំនាស់ជាមុនសិន។
បើតាមមន្រ្តីសាលាខណ្ឌ អាជ្ញាធរធ្លាប់បានហាមឃាត់ និងរុះរើបង្គោលរបងសាងសង់លើទីតាំងនេះ ដោយចាត់ទុកជាសំណង់ខុសច្បាប់បំពានយកច្រាំងទន្លេរួចមកហើយ ប៉ុន្តែអ្នករំលោភនៅបន្ត ដដែល។
របាយការណ៍របស់អាជ្ញាធរបានបង្ហាញថា ម្ចាស់សំណង់របងនេះមានឈ្មោះ លឹម វុទ្ធី ជាតំណាង ហើយបានទទួលស្គាល់ចំពោះការហ៊ុព័ទ្ធយកនេះ គឺជាមាត់ទន្លេ ដែលច្បាប់ហាមឃាត់មិនឲ្យយក ជាកម្មសិទ្ធិឯកជន។ នៅក្នុងរបាយការណ៍ លោក លឹម វុទ្ធី បានអះអាងលើឯកសារលក់-ទិញ មានត្រឹមតែហត្ថលេខា និងត្រាមេភូមិតែប៉ុណ្ណោះ។ តែសម្រាប់ដីច្រាំទន្លេ គ្មានបុគ្គលណាអាចយកធ្វើ ជាកម្មសិទ្ធបាននោះឡើយ ហើយអាជ្ញាធរក៏មិនមានសិទ្ធិក្នុងការលក់ដូរនោះទេ៕