(ភ្នំពេញ)៖ បន្ទាប់ពីបានបំពាក់នូវប្រព័ន្ធថាមពលដើរដោយពន្លឺព្រះអាទិត្យ ក្នុងសហគមន៍ក្រីក្រមួយចំនួន នៅក្នុងប្រទេសអេហ្ស៊ីប និងហ្សកដានីរួចមក គំនិតផ្តួចផ្តើម 20by2020 របស់ម្ចាស់ជយលាភីប្រកួតផ្តាច់ព្រាត់ពានរង្វាន់និរន្តរភាព Zayed (Zayed Sustainability Prize) នាំមកនូវប្រភពទឹកស្អាតដ៏សំខាន់ ទៅដល់សហគមន៍ងាយរងគ្រោះ នៅភូមិចំនួន៣ គឺភូមិឆ្នុកទ្រូ ភូមិកំពង់ព្រះ និងភូមិសេះស្លាប់ ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ដែលមានប្រជាពលរដ្ឋចំនួន ៤,៤០០នាក់ ទទួលបានបច្ចេកវិទ្យាចម្រោះទឹកស្អាត និងស៊ីទែនទឹក។
នេះជាលើកដំបូងដែលប្រជាជនខាងលើរួមទាំងសាលារៀន និងគ្លីនិកនៅភូមិឆ្នុកទ្រូ ទទួលបានការប្រើប្រាស់ទឹកស្អាតដែលមានសុវត្ថិភាព និងមានផាសុកភាពខ្ពស់ បន្ទាប់ពីគំនិតផ្តួចផ្តើម 20by2020 បានបំពាក់នូវប្រព័ន្ធចម្រោះទឹកមួយនេះ។ នេះមិនត្រឹមតែជាដំណោះស្រាយ ដ៏មានប្រសិទ្ធភាពក្នុងការការពារ ពីការឆ្លងមេរោគផ្សេងៗ ក្នុងទឹកនោះទេ ប្រជាពលរដ្ឋទទួលបាននូវបែបបទរស់នៅថ្មីមួយ ប្រកបដោយអនាម័យព្រមទាំងជាដំណោះស្រាយ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយសារមានទឹកអនាម័យ ក្នុងការលាងសម្អាតដៃ។
គោលបំណងធំនៃសកម្មភាពមនុស្សធម៌នេះ គឺមានគោលដៅចង់បង្កើនគុណភាព នៃបែបបទរស់នៅរបស់ប្រជាជនជាមួយនឹងការមានទឹកស្អាត ក្នុងការប្រើប្រាស់ព្រមទាំងអាចជួយបង្ការ ការឆ្លងរីករាលដាលជំងឺផ្សេងៗ ដែលលទ្ធផលទាំងនេះ ត្រូវបានបង្ហាញដោយយោង តាមស្ថិតិដែលបានបង្ហាញពីភាពវិជ្ជមាន ទៅលើសុខភាព និងសុខុមាលភាពរបស់ប្រជាជន ក្នុងសហគមន៍ព្រមទាំងទៅលើការលូតលាស់ និងការអភិវឌ្ឍរបស់បុគ្គលគ្រប់រូប។
ការគាំទ្រពីសំណាក់គំនិតផ្តួចផ្តើម 20by2020 បានសម្លឹងមើលឃើញពីការចូលរួមបង្កើតដំណោះ ស្រាយដល់សហគមន៍មួយផ្សេងទៀត តាមរយៈបច្ចេកវិទ្យាទំនើបមួយនេះ។ ក្នុងប្រទេសកម្ពុជា បច្ចេកវិទ្យាដែលបានបំពាក់នេះផលិតឡើង ដោយក្រុមហ៊ុនបារាំងមួយឈ្មោះ Safe Water Cube ដែលជាបេក្ខជនវគ្គផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីប្រកួតប្រជែងនិរន្តរភាព Zayed (Zayed Sustainability Prize) កាលពីឆ្នាំ២០១៩កន្លងមក។ បច្ចេកវិទ្យានេះអាចមានសមត្ថភាពជួយចម្រោះទឹក (តាមស្ទឹង និងស្រះ) តាមរយៈការជួយកម្ចាត់មេរោគ និងបាក់តេរីនានា ដែលអាចបង្កជាជំងឺរាក ជំងឺរាកមូល ជំងឺអាសន្នរោគ និងជំងឺរលាកថ្លើម ដោយវាអាចសមត្ថភាពខ្ពស់ ក្នុងការចម្រោះទឹកបានទៅដល់រហូត ១ពាន់លីត្រ ក្នុងមួយម៉ោងដោយមិនចាំបាច់ត្រូវការថាមពល ការថែទាំ ឬសារធាតុគីមីឡើយ។
តាមរយៈការអត្ថាធិប្បាយស្តីពីការធ្វើឱ្យសកម្មភាព នៅក្នុងប្រទេសកម្ពុជា លោកបណ្ឌិត ស៊ុលតង់ អាល់ចាបាបឺរ (Sultan Al Jaber) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាជាន់ខ្ពស់របស់ប្រទេសអារ៉ាប់រួម និងជាអគ្គនាយកនៃពានរង្វាន់និរន្តរភាព Zayed (Zayed Sustainability Prize) បាននិយាយថា៖ «បច្ចេកវិទ្យាចគ្រោះទឹកប្រកបដោយភាពច្នៃប្រឌិតនេះនឹងជះឥទ្ធិពលវិជ្ជមានដល់សុខ ភាពនិងសុខុមាលភាពរបស់ប្រជាជនជាច្រើន នៅតាមជនបទនៃប្រទេសកម្ពុជា។ តាមរយៈការផ្តួចផ្តើម 20by2020 យើងកំពុងដាក់ចេញនូវដំណោះស្រាយប្រកបដោយចីរភាពរបស់ម្ចាស់ជ័យលាភី និងអ្នកចូលរួមប្រកួតប្រជែងពានរង្វាន់ Zayed Sustainability Prize ដើម្បីបង្កើតគុណប្រយោជន៍វិជ្ជមានដល់ជីវិតប្រជាជនជាច្រើនរូប នៅលើពិភពលោក»។
លោកបណ្ឌិត អាល់ចាបឺរ បានបន្ថែមទៀតថា៖ «តាមរយៈការខិតខំប្រឹងប្រែងជាមួយដៃគូរបស់ 20by2020 ដើម្បីសម្រេចបាននូវពិភពលោក ដែលមាននិរន្តរភាព យើងអាចពង្រីកឥទ្ធិពលចក្ខុវិស័យអភិវឌ្ឍន៍ មនុស្សធម៌អន្តរជាតិ របស់បិតាស្ថាបនិកប្រទេសអារ៉ាប់រួម លោក Sheikh Zayed bin Sultan Al Nahyan ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញតួនាទីរបស់ប្រទេសនេះក្នុងជំនួយមនុស្សធម៌ និងវឌ្ឍនភាពឈានទៅមុខប្រកបដោយចីរភាព»។
លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប (Tonle Sap Authority) របស់រាជរដ្ឋាភិបាលកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា៖ «ពួកយើងស្វាគមន៍គំនិតផ្តួចផ្តើម 20by2020 ដែលចូលរួមចំណែកជាមួយគោលដៅយុទ្ធសាស្ត្រ របស់អាជ្ញាធរទន្លេសាប ដើម្បីជំរុញលើការប្រើប្រាស់ទឹកបរិភោគសុវត្ថិភាព នៅតំបន់ដាច់ស្រយាលជុំវិញតំបន់បឹងទន្លេសាប»។
លោក លឹម គានហោ បានបន្ថែមថា «តំណាងឱ្យក្រសួងធនធានទឹក និងឧតុនិយម ខ្ញុំសូមបង្ហាញការថ្លែងអរគុណ និងការពេញចិត្តជាខ្លាំងដល់ពានរង្វាន់និរន្តរភាព Zayed (Zayed Sustainability Prize) និងដៃគូសហការរបស់ 20by2020 ដែលបានពាំនាំនូវដំណោះស្រាយដ៏ច្នៃប្រឌិតនេះមកកាន់ប្រទេសកម្ពុជា»។
ការទទួលបាននូវទឹកស្អាតក្នុងការបរិភោគ គឺជាផ្នែកមួយនៃគោលដៅអភិវឌ្ឍនិរន្តរភាពទាំង ១៧ចំណុចរបស់អង្គការសហប្រជាជាតិ ដែលបានដាក់ប្រើប្រាស់ក្នុង ១៩១ប្រទេស៕