(បន្ទាយមានជ័យ)៖ មួកសុវត្ថិភាព១២០មួក ដែលជាអំណោយរបស់លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយ ខេត្តបន្ទាយមានជ័យ ត្រូវបានស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម និងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត នាំយកទៅចែកជូនដល់ក្មេងៗ សិស្សានៅវិទ្យាល័យ និងបឋមសិក្សាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យដែលរៀនពូកែ នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
ការចែកមួកសុវត្ថិភាពជូន ក្រុមសិស្សសាលាទាំងនេះ របស់លោកស្នងការ បានបង្ហាញពីការយកចិត្តទុកដាក់ លើការចូលរួមកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងជំរុញឲ្យប្រជាពលរដ្ឋគ្រប់រូប មានការចូលរួម គោរពច្បាប់ ចរាចរណ៍កាន់តែខ្លាំងឡើង។ នៅក្នុងឱាសនោះ លោកឧត្តមសេនីយ៍ស្នងការ បានផ្តាំផ្ញើការ សួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ដែលបានដឹកនាំ ប្រទេសជាតិមាន សុខសន្តិភាព និងការរីកចម្រើន រហូតមកដល់ពេលនេះ។
លោកឧត្តមសេនីយ៍ស្នងការ បានអំពាវនាវ ដល់ក្រុមយុវជន និងក្មួយៗទាំងអស់ត្រូវចៀសឲ្យឆ្ងាយពី បទល្មើសមួយចំនួន ជាពិសេសគ្រឿងញៀន ដែលជាមេរោគបំផ្លាញសង្គមយ៉ាងខ្លាំង។ លោកស្នងការក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋត្រូវចូលរួម សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ច នៅពេលដែលបានដឹងពី បទល្មើសអ្វីមួយកើតឡើង នៅតាមមូលដ្ឋានដើម្បីចុះទៅ ជួយអន្តរាគមន៍ទាន់ពេលវេលា រក្សាសុវត្ថិភាព ជូនបងប្អូនទាន់ពេលវេលា។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានអំពាវនាវដល់ក្មួយៗ ទាំងអស់ចូលរូមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីចួលរួមកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានឡើងនៅពេលនេះ ដែលជាព្រួយបារម្ភ របស់រាជរដ្ឋាភិបាល និងសង្គមទាំងមូល។ នៅក្រោយកម្មវិធីលោកស្នងការ បានដឹកនាំកម្លាំងនគរបាលចុះធ្វើអនាម័យ នៅក្នុងបរិវេណសាលាផងដែរ ដើម្បីលើកកម្ពស់សោភ័ណភាព និងសុខុមាលភាព ដល់ប្រជាពលរដ្ឋផងដែរ៕