(ពោធិ៍សាត់)៖ ក្រុមការងារសម្ព័ព្ធមេត្រីភាពអគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ បានរួមគ្នា នាំយកគ្រឿងឧបភោគបរិភោគមួយចំនួន ដែលមានទំហំទឹកប្រាក់សរុបជិត២ម៉ឺនដុល្លារ ប្រគល់ជូននាយទាហាន ពលទាហាន កងពលតូចអន្តរាគមន៍លេខ១៤ ដែលឈរជើងនៅឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ការនាំយកគ្រឿងឧបភោគបរិភោគ ប្រគល់ជូននាយទាហាន ពលទាហាន កងពលតូចអន្តរាគមន៍លេខ១៤នេះ ក្រោមការដឹកនាំពីលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ដែលជំនួសមុខឲ្យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ក្នុងឱកាសនោះលោករដ្ឋមន្ត្រី កែវ រតនៈ បានថ្លែងផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ជូនទៅនាយទាហាន ពលទាហាន ដែលឈរជើងនៅកងពលតូចអន្តរាគមន៍លេខ១៤ផងដែរ។
លោក កែវ រតនៈ បានថ្លែងថា អង្គភាពសម័្ពន្ធមេត្រីភាព រវាងអគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា តែងតែចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់នាយទាហាន ពលទាហាន កងពលតូចអន្តរាគមន៍លេខ១៤ជាប្រចាំ មិនដែលខាននោះទេ ហើយលោកក៏សូមថ្លែងអំណរគុណដល់កងទ័ពទាំងអស់ ដែលបានចុះជួយប្រជាពលរដ្ឋ នាពេលទឹកជំនន់ ក៏ដូចជាការជួយសង្គ្រោះប្រជាជន ចេញពីភាពគ្រោះថ្នាក់ ក្នុងការលិចលង់ដោយទឹកជំនន់។
លោក កែវ រតនៈ បានបន្ថែមទៀតថា ខេត្តពោធិ៍សាត់ នៅក្នុងឆ្នាំនេះ ទទួលរងទឹកភ្លៀងដល់ទៅ៣លើក ដែលមានការខូចខាតច្រើន ប៉ុន្ដែក្នុងរយៈពេល នៃការប្រឈមនេះ កងកម្លាំងកងទ័ពទាំងយប់ទាំងថ្ងៃ បាននាំគ្នាជួយការពារទឹកជំនន់ ដោយយកបាវខ្សាច់មកទប់ទឹក ដើម្បីកាត់បន្ថយនៃផលប៉ះពាល់ ក៏ដូចជាអន្ដរគមន៍សង្គ្រោះដល់ប្រជាជន និងសត្វពាហនៈរបស់ប្រជាពលរដ្ឋផងដែរ៕