(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ បានរៀបចំសិក្ខាសាលាផ្ទៀងផ្ទាត់ ស្តីពីការផ្តល់ធាតុចូល និងការពិនិត្យតាមដាន លើការអនុវត្តពាក់កណ្តាលអាណត្តិ នៃផែនការសហគមន៍សង្គម-វប្បធម៌អាស៊ាន ឆ្នាំ២០២៥។ សិក្ខាសាលានេះ ធ្វើឡើង នាសណ្ឋាគារសាន់វេ។
ពិធីនេះ ធ្វើឡើងក្រោមវត្ដមាន លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពី លេខាធិការដ្ឋានសហគមន៍សង្គម វប្បធម៌អាស៊ាន ដែលមានមូលដ្ឋាននៅ នាយកដ្ឋានព័ត៌មាន និងកិច្ចការអាស៊ាន នៃក្រសួងអប់រំ យុវជន និងកីឡា ជាច្រើនរូប។
ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ហង់ ជួន ណារ៉ុន បានស្នើសុំឲ្យក្រសួងស្ថាប័នទាំងអស់ ដែលចូលរួមក្នុងកិច្ចប្រជុំ ផ្ដល់ជារបាយការណ៍ ហើយបង្កើតជាប្រព័ន្ធផ្លាស់ប្ដូរ យោបល់មួយ ដែលមានលក្ខណៈលឿន ដើម្បីចែករំលែកព័ត៌មានផ្សេងៗ បានកាន់តែងាយស្រួល។
បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានឲ្យដឹងទៀតថា ដើម្បីត្រៀមឲ្យបានល្អ ត្រូវតែរៀបចំនូវរបាយការណ៍មួយចំនួនរួមមាន៖
ទី១៖ ការវាយតម្លៃជារួម ពាក់ព័ន្ធទៅនឹងសហប្រតិបត្ដិការ របស់អាស៊ាន ក្នុងផ្នែកសង្គមវប្បធម៌
ទី២៖ ស្ថានភាពការអនុវត្ដរបស់កម្ពុជា នៅក្នុងផ្នែកសង្គមវប្បធម៌
ទី៣៖ តើកម្ពុជា អាចមានគំនិតផ្ដួចផ្ដើមអ្វីខ្លះ សម្រាប់កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២។
លើសពីនោះទៀត រដ្ឋមន្ដ្រី ហង់ ជួន ណារ៉ុន ក៏បានឲ្យពិនិត្យមើលរបាយការណ៍វាយតម្លៃ ដើម្បីធ្វើជាធាតុចូល សម្រាប់ត្រៀមធ្វើរបាយការណ៍មួយ ជូនសម្ដេចតេជោ ហ៊ុន សែន មុនកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសវៀតណាម នាពេលខាងមុខផងដែរ។
បើតាមលោកស្រី សេង ហ្សានីន ប្រធាននាយកដ្ឋានព័ត៌មាន និងកិច្ចការអាស៊ាន បានឲ្យដឹងថា សិក្ខាសាលានេះ ដើម្បីពិនិត្យមើលចុងក្រោយ និងផ្ដល់សុពលភាព ទៅលើរបាយការណ៍ ការពិនិត្យឡើងវិញពាក់កណ្ដាលអាណិត្ដ ការអនុវត្ដផែនការមេសហគមន៍សង្គម-វប្បធម៌អាស៊ាន ឆ្នាំ២០២៥។
សូមជម្រាបថា សហគមន៍សង្គម-វប្បធម៌អាស៊ាន បានអនុម័តផែនការមេ ២០២៥ និងបានអនុវត្តផែនការ ឆ្នាំ២០១៦-២០២០ ដោយស្ថាប័នតាមវិស័យ (SB)។ វាត្រូវបានរំពឹងថា តាមរយៈផែនការអនុវត្តន៍ ក្នុងឆ្នាំ២០១៦-២០២០ ស្ថាប័នតាមវិស័យអាចផ្តល់នូវលក្ខណៈ។
គោលបំណងនៃផែនការមេ ២០២៥៖ ការចូលរួម និងផ្តល់ផលប្រយោជន៍ប្រជាជន (Engage and Benefit the People) បរិយាបន្ន (Inclusive) និរន្តរភាព
(Sustainable) ភាពធន (Resilient) និងថាមពល (Dynamics)។
ផែនការ SB ភាគច្រើន ត្រូវបានបង្កើតនៅចន្លោះឆ្នាំ២០១៦ និង២០២០ ដោយសាមីស្ថាប័នតាមវិស័យ របស់រដ្ឋនៃសមាជិកអាស៊ាន (AMS)។
ការត្រួតពិនិត្យពាក់កណ្តាលអាណត្តិ (MTR) ស្តីពីការអនុវត្តផែនការ (WP) ត្រូវបានរៀបចំ និងគាំទ្រដោយលេខាធិការដ្ឋាន (ASEC) ដើម្បីធានាថា សហគមន៍ ASCC អាចបង្កើតគោលបំណងរបស់ផែនការមេ។
ការវាយតំលៃនេះ មិនមែនដើម្បីវាយតម្លៃការអនុវត្តរបស់ស្ថាប័នតាមវិស័យទេ ប៉ុន្តែដើម្បីទាញយកបទពិសោធន៍ និងឧត្តមានុវត្តសម្រាប់រៀបចំផែនការ និងការងារប្រតិបត្តិនាពេលអនាគត។ ការវាយតំលៃផែនការផ្អែកលើ៥ចំនុចរួមមាន៖
* ការដាក់បញ្ចូលសកម្មភាពក្នុងផែនការមេរបស់ ASCC ២០២៥
* ប្រសិទ្ធភាពនៃសកម្មភាព
* មធ្យោបាយនៃការអនុវត្ត
* យន្តការរបស់ស្ថាប័ននៅតាមវិស័យ និងបញ្ហាអន្តរវិស័យ និង
* លទ្ធភាពដែលអាចធ្វើបាន និងប្រសិទ្ធភាពនៃធនធានហិរញ្ញវត្ថុ
ចាប់ពីខែឧសភា ដល់ខែសីហា ឆ្នាំ២០២០ ក្រុមការងារ MRT ត្រូវបានបង្កើតឡើង ដោយនាយកដ្ឋានព័ត៌មាន និងកិច្ចការអាស៊ាន និងទីប្រឹក្សាម្នាក់ បានធ្វើការវាយតម្លៃ និងធ្វើសេចក្តីព្រាងរបាយការណ៍ MTR៕